សម្ដេចតេជោ ៖ កុងតឺណ័រផ្ទុកវត្ថុធាតុដើមជាង ១០០០គ្រឿង បានចូលមកដល់កម្ពុជា

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ កុងតឺណ័រដឹកវត្ថុធាតុដើមជាង១០០០គ្រឿងបានចូលមកដល់កម្ពុជា ដើម្បីបម្រើ និងជួយសម្រួលដល់ដំណើរការរបស់រោងចក្រមួយចំនួន ដែលជាការស្នើសុំរបស់រាជរដ្ឋាភិបាលកម្ពុជាទៅកាន់ប្រទេសចិន។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍នៅក្នុងពិធីសំណេះសំណាលជាមួយក្រុមមប្រឹក្សាឃុំសង្កាត់ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធខេត្តបាត់ដំបងនៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ នេះថា មកដល់ពេលនេះ កុងតឺណ័រជាង១០០០គ្រឿង ដែលផ្ទុកវត្ថុធាតុដើមមកពីប្រទេសចិន សម្រាប់បម្រើការដល់វិស័យកាត់ដេរបានចូលមកដល់កម្ពុជាហើយ។

សម្ដេចតេជោ បានមានប្រសាន៍ជម្រាបអំពីស្ថានភាពជម្ងឺឆ្លងកូវីដ១៩ ថា “បច្ចុប្បន្ន អង្គការសុខភាពពិភពលោកបានប្រកាសថាអឺរ៉ុបការគឺជាមជ្ឈមណ្ឌលនៃការផ្ទុះជំងឺឆ្លងកូវីដ១៩ ហើយស្ថានភាពនៃកូវីដ១៩នេះ បានធ្វើអោយប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចពិភពលោក ហើយមិនមែនត្រឹមតែការប៉ះពាល់សេដ្ឋកិច្ចទេ គឺធ្វើអោយប៉ះពាល់ដល់គម្លាតយោបាយរវាងប្រទេស និងប្រទេសទៀតផង ។ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ១៩ពីប្រទេសដែលកំពុងមានជំងឺឆ្លងដ៏គំហុគនេះ ក្រសួងសុខាភិបាលកម្ពុជាបានដាក់ការហាមឃាត់ប្រទេសចំនួន០៥មិនអោយឆ្លងចូលកម្ពុជាចំនួន៣០ថ្ងៃគិតចាប់ពីថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ២០២០ គឺរួមមាន ១)សហរដ្ឋអាមេរិក ២)បារាំង ៣)អាល្លឺម៉ង់ ៤)អេស្ប៉ាញ និងអ៊ី៥)ប្រទេសអ៊ីតាលី”។

នៅក្នុងឱកាសសំណេះសំណាលនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានផ្ដល់នូវអនុសាសន៍ណែនាំមួយចំនួនដល់មន្ត្រីខេត្តដែលត្រូវយកចិត្តទុកដាក់ធ្វើរួមមាន ៖
១)⁃ត្រូវអនុវត្តអោយបានល្អនូវការងារ ភូមិឃុំមានសុវត្ថិភាព និងត្រូវគ្រប់គ្រងកុំអោយមានក្រុមបងតូច បងធំ គ្រឿងញៀន ចោរកម្ម ។ល។ សូមអោយមន្ត្រីថ្នាក់ខេត្តរហូតថ្នាក់ភូមិ កងកម្លាំងមានសមត្ថកិច្ច រួមទាំងប្រជាពលរដ្ឋត្រូវចូលរួមទាំងអស់គ្នា។
២) ⁃ត្រូវរួមគ្នាផ្ដល់សេវាសាធារណៈអោយបានល្អជូនប្រជាពលរដ្ឋ ដែលនេះជាកិច្ចការត្រូវតែធ្វើអោយបានល្អ ដោយចៀសមិនបាន ដែលក្នុងនេះមានសេវាចាំបាច់នានា(រួមមានការចុះបញ្ជីជាតិ សំបុត្រអាពាហ៍ពិពាហ៍ អត្តសញ្ញាណប័ណ្ណ និងសេវាសុខភិបាលជាដើម)ដែលចាំបាច់ត្រូវតែធ្វើអោយប្រជាជន អោយបានល្អ និងរហ័សរួមទាំងសេវាតម្រូវការចាំបាច់នានា ដូចជាផ្លូវ មន្ទីរពេទ្យ សាលារៀន អណ្ដូងទឹក និងសេវាផ្នែកច្បាប់ ជាដើម.. គឺត្រូវចូលរួមផ្តល់ និងដោះស្រាយជូនប្រជាជនទៅតាមលទ្ធភាព។ សម្ដេចតេជោ ក៏បានណែនាំអោយអាជ្ញាធរយកចិត្តទុកដាក់ រួមគ្នាដោះស្រាយបញ្ហាទំនាស់ដីធ្លី អោយបានសមស្រប បានលឿន និងមានប្រសិទ្ធភាពខ្ពស់។
៣) សម្តេចតេជោនាយករដ្ឋមន្រ្តីបានបញ្ជាក់ច្បាស់ៗផងដែរថាមន្ត្រីទាំងអស់ ត្រូវរំលឹកខ្លួនឯងជាប្រចាំថា “ យើងមិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ គឺយើងជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន ហើយត្រូវយកយកចិត្តទុកដាក់បម្រើប្រជាជនអោយបានល្អ៕

LEAVE A REPLY

Please enter your comment!
Please enter your name here