ក្រសួងសាធារណការៈ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នឹងត្រូវបានបញ្ចប់មុនពេលកំណត់

0

ដោយ ប៊ី

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា គម្រោងផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងព្រះសីហនុ នឹងត្រូវបានបញ្ចប់មុនពេលកំណត់។


ជាមួយនឹងការប្រើប្រាស់ថវិកាចំនួន១,៩ពាន់លានដុល្លារ គម្រោងនេះគឺជាគម្រោងដ៏មានមហិច្ឆតា ដែលនឹងតភ្ជាប់រាជធានីភ្នំពេញ ជាមួយកំពង់ផែទឹកជ្រៅតែមួយគត់របស់ប្រទេសកម្ពុជា។

ផ្លូវហាយវេលើកដំបូងក្នុងប្រវត្តិសាស្រ្តកម្ពុជា ដែលមានប្រវែង១៩០គីឡូម៉ែត្រកំពុងត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនសាជីវកម្ម China Road and Bridge Corporation (CRBC) តាមរយៈក្រុមហ៊ុន PPSHV Expressway Co Ltd ក្រុមហ៊ុនម៉ាឡេស៊ី Minconsult Sdn Bhd កំពុងផ្តល់សេវាប្រឹក្សា និងយោបល់។

រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនលោកយិត ប៊ុណ្ណា បានថ្លែងក្នុងដំណើរទស្សនកិច្ច ទៅកាន់ការដ្ឋានស្ថាបនាផ្លូវល្បឿនលឿននេះ កាលពីពេលថ្មីនេះថា គម្រោងនេះ នឹងត្រូវបញ្ចប់នៅខែកញ្ញាឆ្នាំ ២០២២ មុនកាលបរិច្ឆេទកំណត់ដើម ដែលនៅដើមឆ្នាំ២០២៣។

លោកប៊ុណ្ណាបាននិយាយថា ប្រហែល៧០ភាគរយនៃវិវាទដីធ្លី ដែលកើតចេញពីការស្ថាបនាផ្លូវល្បឿនលឿនត្រូវបានដោះស្រាយ ជម្លោះដែលនៅសល់ នឹងត្រូវបានដោះស្រាយនៅខែ មិថុនា។ លោកបានមានប្រសាសន៍ថា ផ្លូវនេះនឹងដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យដឹកជញ្ចូន និងការដឹកជញ្ជូនក្នុងស្រុក ពីព្រោះវាភ្ជាប់ដោយផ្ទាល់ទៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ


ផ្លូវល្បឿនលឿនគឺជាផ្នែកមួយ នៃផែនការរបស់រដ្ឋាភិបាល ក្នុងការប្រែក្លាយខេត្តព្រះសីហនុទៅជាមជ្ឈមណ្ឌលឧស្សាហកម្ម។

រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកវង្សី វិស្សុតបានមានប្រសាសន៍កាលពីខែមករាថា រដ្ឋាភិបាលមានគោលបំណង ប្រែក្លាយខេត្តព្រះសីហនុទៅជា ទីក្រុងសិនជិនទីពីរ

លោកបានថ្លែងថា យើងកំពុងកសាងហេដ្ឋារចនាសម្ព័ន្ធនៅទីនោះ ដើម្បីធ្វើឱ្យក្លាយជាទិសដៅវិនិយោគកាន់តែទាក់ទាញ។ យើងកំពុងរៀបចំផែនការមេ សម្រាប់ការអភិវឌ្ឍ ទីក្រុងយកគំរូតាមទីក្រុងសិនជិនក្នុងប្រទេសចិន

លោកបានមានប្រសាសន៍ថា យើងមិនចង់អោយក្រុងព្រះសីហនុ ក្លាយជា មជ្ឈមណ្ឌលកាស៊ីណូទេ ប៉ុន្តែយើងចង់អោយវាក្លាយជាទីក្រុងឧស្សាហកម្ម ដែលមានបច្ចេកវិទ្យានិងវិស័យទេសចរណ៍រីកចម្រើន

នៅក្នុងខែឧសភា រដ្ឋាភិបាលបានប្រគល់ឱ្យវិទ្យាស្ថានផែនការ និងរចនាទីក្រុងនៃទីក្រុងសិនជិន ធ្វើពង្រាងផែនការមេសម្រាប់ក្រុងព្រះសីហនុ។

វិទ្យាស្ថាននេះត្រូវបានគេស្គាល់ថា បានបង្កើតផែនការមេMaster Shenzhen ឆ្នាំ ១៩៩១ ដែលបានជួយផ្លាស់ប្តូរទីក្រុងទៅជាទីក្រុងអន្តរជាតិ៕


LEAVE A REPLY

Please enter your comment!
Please enter your name here