ដោយវុត្ថា
ប៉េកាំងៈ រដ្ឋាភិបាលចិនបាន និងកំពុងខិតខំប្រឹងប្រែងជួយសហគ្រាស និងរោងចក្រនានាជាពិសេសក្រុមហ៊ុនបរទេស ឱ្យដំណើរការផលិតកម្ម និងជំរុញឱ្យចូលបម្រើការងារឡើងវិញ បន្ទាប់ពីការគ្រប់គ្រងលើការរីគរាលដាលបានល្អ ជាបន្តបន្ទាប់លើជំងឺកូវីដ 19។

ក្រសួងពាណិជ្ជកម្មចិន បានប្រកាសនៅទីក្រុងប៉េកាំង កាលពីចុងសប្តាហ៍មុនេះ បានឱ្យដឹងថា រហូតមកទល់ពេលនេះ នៃសហគ្រាសផលិតកម្មទុនបរទេសធំៗ ក្នុងប្រទេសចិន បានដំណើរការផលិតកម្មរបស់ខ្លួនឡើងវិញក្នុងអត្រាជាង៧០% ។
ក្រសួងបន្តថា ក្រុមហ៊ុនអន្តរជាតិកំពូលមួយចំនួនដូចជា ក្រុមហ៊ុន Costco ក្រុមហ៊ុន Yoyota និងក្រុមហ៊ុនStarbucks ជាដើម កំពុងខិតខំពង្រីកទំហំវិនិយោគ តាមរយៈការបើករោងចក្រ ឬបើកសាខាថ្មីនៅក្នុងប្រទេសចិន។
ក្រសួងពាណិជ្ជកម្មចិនបន្តថា កាលពីខែមករា និងខែកុម្ភៈកន្លងទៅនេះ ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ របស់ប្រទេសចិនបានរក្សានូវកំណើន ខណៈប្រទេសតាមបណ្តោយ “ខ្សែក្រវាត់និងផ្លូវ” និងអាស៊ាន បានបន្តពង្រីកទំហំវិនិយោគរបស់ខ្លួន នៅក្នុងប្រទេសចិន។
ក្រសួងពាណិជ្ជកម្មចិនបានបន្ថែមទៀតថា ទោះបីផលប៉ះពាល់នៃជំងឺកូវីដ19 មិនអាចប៉ាន់ស្មានបានក៍ដោយ ក៏ប្រទេសចិនអាចជាតំបន់គេចពីហានិភ័យល្អបំផុត នៅលើពិភពលោក សម្រាប់មូលនិធិហិរញ្ញវត្ថុនិងប្រាក់ទុនអន្តរជាតិ។
ក្រុមហ៊ុនអន្តរជាតិភាគច្រើន មិនបានផ្លាស់ប្តូរទំនុកចិត្ត និងផែនការយុទ្ធសាស្ត្ររបស់ខ្លួននៅក្នុងប្រទេសចិន ហើយឧត្តមភាពកម្លាំងប្រកួតប្រជែង ដ៏ទូលំទូលាយរបស់ចិនមិនបានផ្លាស់ប្តូរនោះទេ។ អ្វីដែលកាន់តែសំខាន់គឺ យុទ្ធសាស្ត្របើកទូលាយរបស់ចិនសមា្រប់អន្តរជាតិ នឹងបន្តអនុវត្តដោយម៉ឺងម៉ាត់មិនងាករេ។

លោកលីខឺឈាង នាយករដ្ឋមន្ត្រីចិន ជំងឺCovid-19 បាននាំមកនូវបញ្ហាប្រឈមជាច្រើនដល់សេដ្ឋកិច្ចពិភពលោក ហើយក៏បានប៉ះពាល់យ៉ាងខ្លាំង ដល់ទីផ្សារភាគហ៊ុនអន្តរជាតិផងដែរ ។ កាន់តែលំបាក ប្រទេសចិន កាន់តែត្រូវបង្កើនការអនុវត្តនូវកំណែទម្រង់និងការបើកទូលាយ ។
លោកបន្តថា ប្រទេសចិន ត្រូវអនុវត្តជាក់ស្តែងនូវវិធានការស្តីពី កំណែទម្រង់និងការបើកទូលាយនៃតំបន់ពាណិជ្ជកម្មសេរី ពិសេសបង្កើនការបើកទូលាយ នៃមុខរបរសេវាកម្ម ដើម្បីឱ្យក្រុមហ៊ុនជាតិនិងអន្តរជាតិ អាចទទួលបានផលប្រយោជន៍ស្មើគ្នា ពីគោលនយោបាយនានាស្តីពី ការផ្តល់ជំនួយដល់ការអភិវឌ្ឍនៃក្រុមហ៊ុន។ ក្រៅពីនេះ ប្រទេសចិន នឹងផ្តល់ភាពងាយស្រួលថែមទៀត ដល់កិច្ចការឆ្លងដែន និងអភិវឌ្ឍពាណិជ្ជកម្មអេឡិចត្រូនិចឆ្លងដែនជាដើម៕






