ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ តបតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនក្នុងការបង្កើតរោងចក្រចំនួន២ ស្ថិតនៅខេត្តកំពង់ស្ពឺ និងក្រុងសួងខេត្តត្បូងឃ្មុំ ដែលមានទំហំទុនវិនិយោគសរុបចំនួន ៤,៧លានដុល្លារ។

ក្រុមហ៊ុនដែលទទួលបានការគាំទ្រពីសំណាក់រដ្ឋាភិបាលទាំង២រួមមានដូចខាងក្រោម៖
១-ក្រុមហ៊ុន “JIN MING LI JIAN ONE CO., LTD.”គម្រោងបង្កើតរោងចក្រខារអំបោះ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្រាំងទ្រា ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៨០កន្លែង។
២-ក្រុមហ៊ុន “SUZEN (CAMBODIA) INDUSTRIAL CO., LTD.” គម្រោងបង្កើតរោងចក្រចាក់ និងកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិវិហារខ្ពស់ សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ មានទុនវិនិយោគប្រមាណ ២,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៧២៦កន្លែង។







