ដោយ វុត្ថា
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា រាជធានីភ្នំពេញទទួលបាននូវគម្រោងសាងសង់ថ្មីៗទៀតចំនួន ១០៣០គម្រោងដែលមានទំហំទុនវិនិយោគប្រមាណប្រហែលជា៣,៤ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០១៩កន្លងមកនេះ ខណៈវិស័យសំនៅក្នុងប្រទេសមានការរីកចំរើនឥតឈប់ឈរ។

-->
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងពិធីរៀបចំវគ្គផ្សព្វផ្សាយអំពីច្បាប់ស្តីពីសំណង់ដល់អាជ្ញាធរមានសមត្ថកិច្ចនិងមន្ត្រីជំនាញនៃរដ្ឋបាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៦ មិនានេះឱ្យដឹងថាវិស័យសំណង់នៅភ្នំពេញ គិតត្រឹមឆ្នាំ២០១៩នេះ ក្រុងភ្នំពេញមានសំណង់បុរីនិងបណ្តុំផ្ទះល្វែងចំនួន២៣៧កន្លែង អគារខ្ពស់ៗចំនួន៤ជាន់ឡើងទៅមានចំនួន១២៤៧ទីតាំង ផ្ទះសំណាក់មានចំនួន៦៣៤ទីតាំង សណ្ឋាគារផ្កាយ៥ ចំនួន៤ទីតាំង សណ្ឋាគារប្រណិតៗចំនួន២៦០ទីតាំង។
លោក ឃួង ស្រេងបន្តថា វគ្គផ្សព្វផ្សាយអំពីច្បាប់ស្តីពីសំណង់ដល់អាជ្ញាធរមានសមត្ថកិច្ចនិងមន្ត្រីជំនាញនៃរដ្ឋបាលរាជធានីភ្នំពេញនាពេលនេះធ្វើឡើងគឺក្នុងគោលបំណងដើម្បីបញ្ជ្រៀបការយល់ដឹងច្បាប់ស្តីពីសំណង់ដែលមានចែងក្នុងច្បាប់ស្តីពីសំណង់ ដើម្បីលើកកំពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈដល់មន្ត្រីរបស់ ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋអោយកាន់តែល្អប្រសើរឡើង ស្របទៅនឹងការរីកចំរើនក្នុងវិស័យសំណង់របស់ប្រទេសកម្ពុជា។
លោកជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្មនិងសំណង់ បានឱ្យដឹងថា ច្បាប់សំណង់ដែលមានចំនួន២២ជំពូកនិង១១១មាត្រាមានគោលបំណងចំនួន៣គឺទី១ ចង់អោយអាជ្ញាធរ មន្ត្រីជំនាញទាំងអស់ដឹងអំពីគោលការណ៍វិធានសំខាន់ៗ ដើម្បីធានាអនុវត្តអោយបានត្រឹមត្រូវ មានការឯកភាពគ្នា បំពេញតួនាទី សមត្ថកិច្ចរបស់ខ្លួនប្រកបទៅដោយការទទួលខុសត្រូវ។

លោកបន្តថា គោលបំណងទី២ គឺការជម្រុញការលើកកំពស់ក្រមសីលធម៌វិជ្ជាជីវនិងក្រុមហ៊ុនប្រកបការងារលើវិស័យសំណង់និងទី៣ បង្កើនប្រសិទ្ធភាពក្នុងគ្រប់គ្រងវិស័យសំណង់ តាមរយៈការបង្កើនជំនឿទុកចិត្តដល់អ្នកវិនិយោគគិននិងអតិថិជនគ្រប់វិស័យទាំងអស់។
លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បន្ថែមថា ពាក់ព័ន្ធនិងការងារនេះក្រសួងបានបណ្តុះបណ្តាលរួចហើយ នៅតាមបណ្តាខេត្ត រាជធានីមួយចំនួន ក្នុងនោះ នៅបន្ទាយមានជ័យ សៀមរាប ព្រះសីហនុភ្នំពេញ ខណៈ ខេត្តនិងរាជធានីនេះកើតឡើងនូវសំណង់ច្រើន ហើយចំពោះការផ្សព្វផ្សាយវិញក៏បានផ្សព្វផ្សាយរួចហើយដូចជា នៅខេត្តកំពង់ស្ពឺ កំពង់ចាម ខេត្តកែបនិង ត្បូងឃ្មុំជាដើម៕