ដោយ ហ្សូលី
ភ្នំពេញៈ ក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសកម្ពុជា និងពិភពលោកកំពុងជួបប្រទះនឹងវិបត្តិសកលលោក ដែលអាចខាតបង់ទឹកប្រាក់ប្រមាណ១០០ពាន់លានដុល្លារ ដោយសារការរឹតបន្តឹងការធ្វើដំណើរក្នុងស្រុកនិងក្រៅស្រុក។

ក្រុមហ៊ុនអាកាសចរណ៍មួយចំនួននៅក្នុងទីក្រុងភ្នំពេញ បានទទួលស្គាល់ថាដោយសារតែភ្ញៀវទេសចរ ត្រូវបានរឹតបន្តឹងការធ្វើដំណើរ ដូច្នេះហើយទើបបណ្តាលឱ្យមានការធ្លាក់ចុះនៃជើងហោះហើរ។ បញ្ហានេះភ្ជាប់គ្នាទៅនឹងការចាកចេញរបស់ជនជាតិចិន ដែលពួកគេចាកចេញពីកម្ពុជាប្រមាណ១ម៉ឺននាក់ ពីព្រលានយន្តហោះទាំង៣របស់កម្ពុជា។
អាកាសយានដ្ឋានក្រុងព្រះសីហនុ កំពុងប្រឈមមុខនឹងបញ្ហាធំបំផុតរបស់ខ្លួន បន្ទាប់ពីទទួលបានបទពិសោធន៍ ពីការមកដល់ និងការចាកចេញរបស់អ្នកដំណើរក្នុងឆ្នាំ ២០១៩ ដែលក្រុមហ៊ុនអាកាសចរណ៍ស្ទើរតែទាំងអស់ បានបង្កើតនៅទីនោះ បានផ្លាស់ប្តូរទីតាំងរបស់ពួកគេទៅកាន់ទីក្រុងឆ្នេរសមុទ្រ ដើម្បីបំពេញតម្រូវការអ្នកទេសចរចិនភាគច្រើន។
សរុបមក ឧស្សាហកម្មអាកាសចរណ៍ កំពុងប្រឈមមុខនឹងភាពច្របូកច្របល់បន្ទាប់ពីការផ្ទុះឡើង នៃមេរោគឆ្លងពិភពលោក ដោយអ្នកជំនាញប៉ាន់ស្មានថា ការខាតបង់ប្រាក់ចំណូលអាចមានលើសពី១០០ពាន់លានដុល្លារ។
លោក Alexandre de Juniac អគ្គនាយកនិងជានាយកប្រតិបត្តិនៃសមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិបានមានប្រសាសន៍ថា “ ក្នុងរយៈពេលតែជាង ២ ខែទៀតក្តីរំពឹងនៃឧស្សាហកម្មអាកាសចរណ៍ នៅក្នុងពិភពលោកភាគច្រើន បានផ្លាស់ប្តូរយ៉ាងខ្លាំង។”

នៅក្នុងការវិភាគថ្មីៗនេះ សមាគមកំពុងប៉ាន់ប្រមាណថា អាជីវកម្មដឹកអ្នកដំណើរតាមជើងហោះហើរពិភពលោក នឹងខាតបង់ពី៦៣ពាន់លានដុល្លារ ទៅ១១៣ពាន់លានដុល្លារ អាស្រ័យលើការរីករាលដាលនៃមេរោគ។
នៅក្នុងរបាយការណ៍ដែលចេញផ្សាយដោយIATA ការខាតបង់ដែលបានប៉ាន់ប្រមាណមានតិចជាង៣០ពាន់លានដុល្លារ ដោយសមាគមនេះសន្មត់ថា មានតែផលប៉ះពាល់ទីផ្សារ ដែលទាក់ទងនឹងប្រទេសចិនប៉ុណ្ណោះ។ រដ្ឋាភិបាលនៅជុំវិញពិភពលោកកំពុងរឹតបន្តឹងគោលនយោបាយធ្វើដំណើរ ខណៈពេលដែលទាំងអាជីវកម្ម និងបុគ្គលមានការប្រយ័ត្នប្រយែងជាងមុន អំពីនិន្នាការហោះហើរ ដែលបង្កការគំរាមកំហែងដល់ឧស្សាហកម្មអាកាសចរណ៍។
យោងតាមការស្ទង់មតិថ្មីៗនេះ ដោយសមាគមន៍ទេសចរណ៍ធុរកិច្ចពិភពលោកដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ ក្រុមហ៊ុនជាង៤០ភាគរយ នៃក្រុមហ៊ុនជាសមាជិកបានលុបចោល ឬបញ្ឈប់រាល់ការធ្វើដំណើរអន្តរជាតិ ហើយ៩៥ភាគរយបានលុបចោលឬផ្អាកដំណើរអាជីវកម្មភាគច្រើនឬទាំងអស់ទៅប្រទេសចិន៕






