មេSME អំពាវនាវឱ្យមានការរឹតបន្តឹងការនាំចូលផលិតផលបរទេសដែលកំពុង ដណ្តើមទីផ្សារផលិតផលក្នុងស្រុក

0

ដោយ ហ្សូលី

ភ្នំពេញៈ សម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមកម្ពុជា (SME) បានអំពាវនាវ ឱ្យមានការរឹតបន្តឹង លើការអនុញ្ញាតឱ្យផលិតផលនាំចូលពីបរទេស ចូលទីផ្សារក្នុងស្រុក និងងាកមកជម្រុញទីផ្សារផលិតផលក្នុងស្រុកបន្ថែមវិញ។

លោកឧកញ៉ាតែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជាបានមានប្រសាសន៍ថា “ការនាំចូលដោយគ្មានការគ្រប់គ្រង ប្រកបដោយប្រសិទ្ធភាពទាក់ទងនឹងការបង់ពន្ធនោះ គឺប៉ះពាល់ដល់ផលិតផលក្នុងស្រុក ដែលផលិតក្នុងតម្លៃខ្ពស់”។

ការអនុញ្ញាតឱ្យនាំចូលផលិតផលពីបរទេស ដែលមានតម្លៃថោកជាងផលិតផលក្នុងស្រុក ក្នុងទម្រង់ជាការតាំងពិព័រណ៍ និងលក់ផលិតផលសម្រេចទីផ្សារក្នុងស្រុក គឺជាការសម្លាប់សហគ្រាសធុនតូចនិងមធ្យមក្នុងកម្ពុជា។

លោកតែ តាំងប៉បានបន្តថា «ខ្ញុំសូមអំពាវនាវដល់ក្រសួង ដែលផ្តល់អាជ្ញាប័ណ្ណសម្រាប់ការតាំងពិព័រណ៍ ផលិតផលបរទេសដើម្បីពង្រឹងលក្ខខណ្ឌ និងរឹតបន្តឹងការនាំចូលបន្ថែមដើម្បីធានាថា រាល់ផលិតផលដែលបាននាំចូល សម្រាប់ការតាំងពិពណ៌នៅក្នុងទីផ្សារកម្ពុជា ត្រូវប្រាកដថានឹងបញ្ជូនទៅវិញ បន្ទាប់ពីបញ្ចប់ការតាំងពិពណ៌ឬបង់ពន្ធមុនពេលអនុញ្ញាតឱ្យទំនិញនោះចូលប្រទេសស្របច្បាប់”។

ក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម២០១៥ ២០២៥ រដ្ឋាភិបាលបាននិយាយថា ខ្លួនមានគោលបំណងបង្កើនផលិតផលក្នុងស្រុក ពីព្រោះប្រទេសកម្ពុជាជាប្រទេសកសិកម្មសំបូរ ទៅដោយវត្ថុធាតុដើមសម្រាប់ផលិតកម្មក្នុងស្រុក។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោកស៊ាង ថៃ បានមានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកថា“ ការតាំងពិព័រណ៍ផលិតផលពីបរទេស ត្រូវបានធ្វើឡើងស្របតាមនីតិវិធីច្បាប់។ ក្រសួងចេញលិខិតអនុញ្ញាត សម្រាប់ការតាំងពិព័រណ៍ ដូច្នេះក្រសួងធ្វើតាមនីតិវិធីត្រួតពិនិត្យការនាំចូលពីបរទេសមកកាន់ប្រទេសកម្ពុជា”។

បច្ចុប្បន្ននេះ មានការតាំងពិព័រណ៍ចំនួន២លើកនៅកម្ពុជា មួយគឺផលិតផលក្នុងស្រុក និងមួយទៀតសម្រាប់ផលិតផលបរទេស ដែលភាគច្រើនមកពីប្រទេសថៃនិងវៀតណាម៕

LEAVE A REPLY

Please enter your comment!
Please enter your name here