ដោយ ប៊ី
ភ្នំពេញ៖ អនុរដ្ឋលេខាធិការក្រសួងការបរទេសលោកស្រី ជា គឹមថា និងអគ្គនាយកទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍លោក Hiroshi Ishikawa បានធ្វើកិច្ចប្រជុំកាលពីម្សិលមិញដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស បានថ្លែងថា កិច្ចប្រជុំនេះផ្តោតលើប្រធានបទមួយចំនួនរួមទាំងការបង្កើនទំហំពាណិជ្ជកម្ម ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងការពង្រឹងវិស័យទេសចរណ៍ និងវិស័យអប់រំនៅកម្ពុជា។
លោកបានមានប្រសាសន៍ថា “យើងរំពឹងថានឹងមានការកើនឡើងនូវទំហំពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងឆ្នាំនេះដែលត្រូវបានគេសង្កេតឃើញក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ”។
នៅឆ្នាំ ២០១៣ កម្ពុជា និងជប៉ុនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រដើម្បីជំរុញការវិនិយោគ និងសន្តិសុខពាណិជ្ជកម្មរបស់ប្រទេស។ ចាប់តាំងពីពេលនោះមក លោកគួង បានមានប្រសាសន៍ថា ទំហំពាណិជ្ជកម្មនៅកម្ពុជាបានកើនឡើងដល់ជាង ២ ពាន់លានដុល្លារកាលពីឆ្នាំមុន ខណៈការវិនិយោគពីប្រទេសជប៉ុនបានកើនឡើងដល់ ២,៥ ពាន់លានដុល្លារចាប់ពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០១៨។
លោកបានបន្ថែមថា “លើសពីនេះទៅទៀតយើងបានកត់សម្គាល់ឃើញថា មានការកើនឡើងនៃវិស័យទេសចរណ៍ ដោយសារមានភ្ញៀវទេសចរជប៉ុនជាង ២ សែននាក់ចូលមកក្នុងព្រះរាជាណាចក្រកម្ពុជាជារៀងរាល់ឆ្នាំ”។
លោកគិន ភា អគ្គនាយកវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា ព្រះរាជាណាចក្រកម្ពុជាទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីភាពជាដៃគូនេះ។
លោកបានមានប្រសាសន៍ថា “ប្រទេសជប៉ុនគឺជាដៃគូដ៏ល្អ ព្រោះពួកគេមិនដែលជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ព្រះរាជាណាចក្រកម្ពុជា ហើយពួកគេមានចំណុចទន់ភ្លន់សម្រាប់ប្រទេសកម្ពុជាលើបញ្ហាណាមួយ”៕






