ធនាគារពិភពលោកបង្កើនហិរញ្ញប្បទាន២០០០លានដុល្លារបន្ថែមដើម្បីឆ្លើយ តបការរីករាលដាល COVID-19

0

ដោយ ប៊ី

ភ្នំពេញៈ ធនាគារពិភពលោកកាលពីថ្ងៃអង្គារបានឱ្យដឹងថា ខ្លួនបានបង្កើនដល់ចំនួន១៤ពាន់លានដុល្លារអាមេរិក នូវចំនួនទឹកប្រាក់នៃហិរញ្ញប្បទានរហ័ស ដែលមានសម្រាប់សមាជិក ដើម្បីឆ្លើយតបទៅនឹងការរីករាលដាលជំងឺ COVID-19 នេះ និងបន្ថែមចំនួន២ពាន់លានដុល្លារអាមេរិក ដល់កញ្ចប់ដំបូងដែលបានប្រកាសនៅថ្ងៃទី៣ ខែមីនា។

ធនាគារបានឱ្យដឹងទៀតថា ការផ្លាស់ប្តូរនឹងផ្តល់ឱ្យសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) របស់ធនាគារពិភពលោកសរុបចំនួន៨ពាន់លានដុល្លារអាមេរិក ដើម្បីគាំទ្រក្រុមហ៊ុនឯកជន និងនិយោជិករបស់ពួកគេ ដែលរងគ្រោះដោយសារផលប៉ះពាល់ខាងសេដ្ឋកិច្ចនៃជំងឺនេះ។

ធនាគារពិភពលោកបានបន្ថែមថា ថវិកាភាគច្រើននឹងត្រូវបានប្រើប្រាស់ដោយស្ថាប័នហិរញ្ញវត្ថុរបស់អតិថិជន ដូច្នេះពួកគេអាចបន្តផ្តល់ហិរញ្ញប្បទានពាណិជ្ជកម្ម មូលធន និងផ្តល់ហិរញ្ញប្បទាន រយៈពេលមធ្យមដល់ក្រុមហ៊ុនឯកជន ដែលកំពុងជួបប្រទះនឹងការរំខាននៅក្នុងសង្វាក់ផ្គត់ផ្គង់។

IFC បានឱ្យដឹងដែរថា មូលនិធិនេះក៏នឹងជួយដល់អតិថិជន ដែលមានស្រាប់នៅក្នុងវិស័យទេសចរណ៍ ផលិតកម្ម និងវិស័យដែលរងផលប៉ះពាល់យ៉ាងខ្លាំងផងដែរ ក្នុងការចំណាយលើបំណុលរបស់ពួកគេ ខណៈពេលដែលជួយឧស្សាហកម្ម ថែរទាំសុខភាព ពេលមានការពន្លឿនបំពេញនូវតម្រូវការសេវាកម្ម ឧបករណ៍ និងថ្នាំពេទ្យ។

លោក David Malpass ប្រធានធនាគារពិភពលោក បានមានប្រសាសន៍ថា ធនា​គារបានប្តេជ្ញាផ្តល់ការឆ្លើយតបរហ័ស និងបត់បែនដោយផ្អែកលើតម្រូវការរបស់ប្រទេសកំពុងអភិវឌ្ឍន៍។

លោកMalpass បានមានប្រសាសន៍ថា “វាចាំបាច់ណាស់ដែលយើងត្រូវកាត់បន្ថយពេលវេលាដើម្បីធូរស្បើយឡើងវិញ”។លោកបានបន្តថា “ប្រតិបត្ដិការគាំទ្រកំពុងដំណើរការ ហើយឧបករណ៍ពង្រីកថវិកា ដែលត្រូវបានអនុម័តនៅថ្ងៃនេះ នឹងជួយទ្រទ្រង់សេដ្ឋកិច្ចក្រុមហ៊ុន និងការងារ”។

មនុស្សច្រើនជាង១៨៧,៧០០ នាក់បានឆ្លងវីរុសនេះ នៅក្នុងប្រទេសចំនួន ១៦២ ហើយ៧,៤៩៥ នាក់បានស្លាប់។

លោក Philippe Le Houerou នាយកប្រតិបត្តិរបស់ IFC បានមានប្រសាសន៍ថា គោលដៅរបស់ស្ថាប័ន គឺដើម្បីជួយដល់អតិថិជនឱ្យមានប្រតិបតិ្តការ ក្នុងកំឡុងពេលមានអាសន្នផ្នែកសុខភាព ដូច្នេះពួកគេអាចជួយសេដ្ឋកិច្ចឱ្យងើបឡើងវិញ យ៉ាងឆាប់រហ័សនៅពេលក្រោយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here