រដ្ឋមន្ត្រីប្រៃសនីយ៍ៈ សេដ្ឋកិច្ចឌីជីថលនៅកម្ពុជាពុំទាន់បានដំណើរការល្អនៅឡើយទេ

0

ដោយវុត្ថា

ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងប្រៃសនីយ៍អះអាងថា សេដ្ឋកិច្ចឌីជីថល ពិសេសពាណិជ្ជកម្មអេឡិកត្រូនិក និងការទូទាត់អនឡាញ ពុំទាន់បានដំណើរការទៅដោយរលូននៅឡើយ ដែលអាចបណ្តាលមកពីការព្រួយបារម្មណ៍ខ្លាច មានការវាយប្រហារពីអ៊ីនធឺណិត និងការជ្រៀតចូលលួចយកព័ត៌មានជាដើម ដែលជាហេតុធ្វើឱ្យសកម្មភាពពាណិជ្ជកម្មអេឡិកត្រូនិកនៅមានទំហំតូចនៅឡើយ។

លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅក្នុងកិច្ចប្រជុំស្តីពីស្ថានភាពយន្តការឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ និងសន្តិសុខបច្ចេកវិទ្យាគមនា​គមន៍និងព័ត៌មាននៅថ្ងៃទី ១៨ ខែមីនា នេះ បានឱ្យដឹងថា សន្តិសុខព័ត៌មាន គឺជាបញ្ហាមួយដ៏មានសារៈសំខាន់ណាស់ ប្រសិនបើយើងមិនម្ចាស់ការលើបញ្ហានេះបានទេ ការជំរុញរដ្ឋាភិបាលឌីជីថល និងសេដ្ឋកិច្ចឌីជីថល គឺប្រាកដជាជួបនូវបញ្ហាប្រឈមជាមិនខាន ជាពិសេ​ស សកម្មភាពពាណិជ្ជកម្មអេឡិកត្រូនិក។

លោកបន្តថា “ហេតុដូច្នេះពេលដែលយើងត្រូវការពង្រីក គឺយើងចាំបាច់ត្រូវតែពង្រឹងនូវបញ្ហាសន្តិសុខ និងសុវត្ថិភាពអ៊ីនធឺណិតទាំងផ្នែកបច្ចេកទេស បទដ្ឋានគតិយុត្ត និងធនធានមនុស្ស”។

លោករដ្ឋមន្ត្រីបន្តទៀតថា ប្រទេសនៅក្នុងតំបន់ ក៏ដូចជានៅលើសកលលោក ចាប់ផ្តើមដំបូងតែងតែបង្កើតនូវយន្តការ ឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ (CERT/CSIRT) ស្ទើរគ្រប់ប្រទេស ប៉ុន្តែតាមរយៈយន្តការនេះការងារគឺនៅមានកម្រិតទាបនៅឡើយ ដោយគ្រាន់តែធ្វើការសម្របសម្រួល ដោះស្រាយឧប្បទេវេហតុ សន្តិសុខអ៊ីនធឺណិត តែប៉ុណ្ណោះ។

លោករដ្ឋមន្ត្រីបន្ថែមថា ដើម្បីដោះស្រាយបញ្ហាចំពោះមុខ ដែលបណ្តាលមកពីការកើនឡើងនូវការវាយប្រហារ ពីសំណាក់ឧក្រិដ្ឋជនបច្ចេកវិទ្យា កាន់តែមានលក្ខណៈធំទៅៗ និងស្មុគស្មាញផងនោះ ការគ្រប់គ្រងសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានមានលក្ខណៈថ្នាក់ជាតិត្រូវតែបង្កើតឡើង ដោយក្នុងនោះគឺត្រូវពង្រីកនូវវិសាលភាពអោយទូលំទូលាយជាងនេះទៀត ដោយធ្វើការរៀបចំច្បាប់ គោលនយោបាយ និងបទដ្ឋានគតិយុត្តិពាក់ព័ន្ធ។

លោករដ្ឋមន្ត្រីបញ្ជាក់ថា “ដើម្បីជំរុញអោយវិស័យឌីជីថល កាន់តែមានការរីកចម្រើ​ន ទូលំទូលាយ សម្រាប់ប្រើគ្រប់វិស័យទាំងអស់ជាពិសេស សេដ្ឋកិច្ចឌីជីថល និងរដ្ឋាភិបាលឌីជីថល យើងត្រូវធ្វើយ៉ាងណាឱ្យមានភាពម្ចាស់ការ លើបញ្ហាសន្តិសុខបច្ចេកវិទ្យាគម​នាគមន៍ និងព័ត៌មាន”។

វិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ICT) និងវិស័យឌីជីថលនៅក្នុងប្រទេ​សកម្ពុជាបាននឹងកំពុង និងកាន់តែរីកចម្រើនឡើង ហើយនឹងឈានទៅអនុវត្តន៍នូវរដ្ឋាភិបាលឌីជីថលក្នុងការជំរុញនូវសេដ្ឋកិច្ចឌីជីថល ការប្រើប្រាស់នូវអ៊ីនធឺណិតនៃវត្ថុ (IoT) និងការចូលរួមប្រើប្រាស់នូវបច្ចេកវិទ្យា ដែលជំរុញនូវបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤.០  ឱ្យបានកាន់តែជោគជ័យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here