ដោយៈ រ៉ាណេត
ភ្នំពេញៈ ទើបតែទទួលបានការផ្គត់ផ្គង់វត្ថុធាតុដើម ពីប្រទេសមហាមិត្តចិន ដើម្បីសម្រួលដល់ដំណើរការសង្វាក់ផលិតកម្ម កាលពីសប្ដាហ៍មុននោះ ពេលនេះស្រាប់ទីផ្សារសំខាន់ធំៗមួយចំនួននៅអឺរ៉ុប និងទីផ្សារនៅអាមេរិក ផ្អាកការបញ្ជាទិញផលិតផលវិស័យកាត់ដេរពីកម្ពុជា ក្រោយទទួលរងការវាយប្រហារដោយមេរោគ Covid-19។

តាមរយៈការធ្វើបទសម្ភាសន៍ជាមួយវិទ្យុបារាំង-អន្តរជាតិ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០នេះ លោក កាំង ម៉ូនីកា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យ សមាគមរោងចក្រកាត់ដេរ នៅកម្ពុជា (GMAC)បានថ្លែងថា អ្នកកម្មង់ទិញ សម្លៀកបំពាក់ពីកម្ពុជាមួយចំនួន បានជូនដំណឹងមកខាងGMAC ដោយស្នើឱ្យមានការផ្អាក ការដឹកជញ្ជូនទំនិញវាយនភណ្ឌនៃវិស័យកាត់ដេរទៅកាន់ទីផ្សារអឺរ៉ុប-អាមេរិក ដោយសារការរីករាលដាលនៃមេរោគ Covid-19។
លោកកាំង ម៉ូនីកា បានមានប្រសាសន៍ថា “ទីផ្សារបញ្ជាទិញមួយចំនួនបានស្នើឱ្យមានការផ្អាកដឹកជញ្ជូន ទំនិញទៅកាន់ទៅទីនោះ (ទីផ្សារសហរដ្ឋអាមេរិក និងទីផ្សារអឺរ៉ុប) ខណៈដែលពេលនេះទីផ្សារធំៗទាំង២ កំពុងទទួលរងនូវផលប៉ះពាល់ពី Covid-19 យ៉ាងខ្លាំង”។ លោកបានបន្តទៀតថា “ប្រឈមនឹងការរាលដាលនៃមេរោគ Covid-19 នៅដើមឆ្នាំ២០២០នេះ រោងចក្រមួយចំនួន បានប្រកាសព្យួរការងារដោយសារខ្វះវត្ថុធាតុដើម ដោយផ្តល់ប្រាក់ឈ្នួលសរុបដល់កម្មករ និយោជិតចំនួន៦០ភាគរយ ភ្ជាប់នឹងលក្ខខណ្ឌតម្រូវឱ្យកម្មករ ត្រូវចូលរួមបណ្តុះបណ្តាលជំនាញបន្ថែម។
ប៉ុន្តែកាលពីសប្តាហ៍មុន ប្រទេសចិនបានបញ្ជូនវត្ថុធាតុដើមជាច្រើននាវា មកកម្ពុជា ជាហេតុធ្វើឱ្យសង្វាក់ផលិតកម្ម នៃវិស័យកាត់ដេរបានដំណើរការឡើងវិញ។
ក្រោមការជួយផ្គត់ផ្គង់វត្ថុធាតុដើមកាលពីសប្ដាហ៍មុននេះ បានធ្វើឱ្យរោងចក្រមួយចំនួនមានដំណើរការសង្វាក់ផលិតកម្ម ដើម្បីផលិតទំនិញសម្រាប់ផ្គត់ផ្គង់ឡើងវិញ ប៉ុន្តែបែរជាមិនមានទីផ្សារនាំចេញ ដោយសារអ្នកបញ្ជាទិញនៅអឺរ៉ុប និងអាមេរិកឱ្យផ្អាកការផ្គត់ផ្គង់ទំនិញ ខណៈដែលតំបន់ទាំង២ ដែលជាទីផ្សារសំខាន់របស់វិស័យកាត់ដេរកម្ពុជាកំពុងប្រឈមនឹងការឆ្លងរាលដាលនៃមេរោគCovid-19។
ទោះយ៉ាងណា អ្នកនាំពាក្យ សមាគមរោងចក្រកាត់ដេរកម្ពុជា បានបញ្ជាក់ថាសមាគមនៅមិនទាន់ មានការសម្រេចយ៉ាងណានៅឡើយទេ ដោយពេលនេះកំពុងធ្វើការស្រង់ព័ត៌មានពីក្នុងចំណោមសមាជិករបស់ខ្លួនថា តើគួរតែមានការផ្អាកផលិតកម្មនៃវិស័យនេះជាបណ្តោះអាសន្ន ឬយ៉ាងណា៕






