ដោយ ប៊ី
ភ្នំពេញៈ សមាគមជប៉ុន-កម្ពុជា គ្រោងនឹងដឹកនាំគណប្រតិភូ នៃក្រុមហ៊ុនពាណិជ្ជកម្មនាំមុខធំៗ របស់ជប៉ុននឹងមកធ្វើទស្សនកិច្ចនៅកម្ពុជា នាពេលខាងមុខក្នុងបំណងធ្វើការសិក្សាស្វែងយល់បន្ថែមពីឱកាស គោលនយោបាយ និងលក្ខខណ្ឌសំខាន់ៗមួយចំនួនរបស់កម្ពុជាក្នុងការវិនិយោគ។ នេះបើយោងតាមការលើកឡើងរបស់លោក ហ្វូមីអាគី តាកាហាស៊ី (Fumiaki Takahashi) ប្រធានសមាគមជប៉ុន-កម្ពុជា។

ការលើកឡើងរបស់លោក ហ្វូមីអាគី តាកាហាស៊ី (Fumiaki Takahashi) ដែលជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានធ្វើឡើងក្នុងជំនួបប្រជុំមួយជាមួយលោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០កន្លងមកនេះ។
លោកមីអាគី តាកាហាស៊ីបានថ្លែងថា “សមាគមជប៉ុន-កម្ពុជា គ្រោងនឹងដឹកនាំគណប្រតិភូ នៃក្រុមហ៊ុនពាណិជ្ជកម្មនាំមុខធំៗរបស់ជប៉ុននឹងមកធ្វើ ទស្សនកិច្ចនៅកម្ពុជា ក្នុងខែធ្នូ ឆ្នាំ២០២០ ក្នុងបំណងធ្វើការសិក្សាស្វែងយល់ បន្ថែមអំពីឱកាសគោលនយោបាយ និងលក្ខខណ្ឌសំខាន់ៗមួយចំនួនរបស់កម្ពុជា ក្នុងការវិនិយោគ”។
លោករដ្ឋមន្ត្រី វេង សាខុន បានសម្តែងនូវកិច្ចស្វាគមន៍ ជូនចំពោះលោក ហ្វូមីអាគី និងសហការី ដែលបានអញ្ជើញមកបំពេញទស្សនកិច្ច នៅកម្ពុជា ហើយឆ្លៀតអញ្ជើញ មកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនាពេលនេះ។
លោករដ្ឋមន្ត្រី វេង សាខុន បានលើកឡើងពីសក្តានុពលនៃវិស័យកសិកម្ម លក្ខខណ្ឌអំណោយផល និងឱកាសនៃការវិនិយោគ ជាពិសេសគោលនយោបាយ និងផែនការ អភិវឌ្ឍន៍ វិស័យកសិកម្ម ឆ្នាំ២០១៩-២០២៣ និងគោលនយោបាយលើកទឹកចិត្ត លើការវិនិយោគវិស័យកសិកម្ម សម្រាប់វិស័យឯកជនក្នុង និងក្រៅប្រទេស។
លោករដ្ឋមន្ត្រីបន្ថែមថា “បច្ចុប្បន្នកម្ពុជា មានសហគមន៍កសិកម្មជាច្រើន ដែលបាននិងកំពុងជួយជំរុញការងារផលិតកម្មកសិកម្ម ឲ្យដល់កម្រិតមួយធានាបាន នូវគុណភាព តម្លៃបន្ថែម និងស្តង់ដា ឆ្លើយតបតាមតម្រូវការទីផ្សារ ដោយសហការជាមួយដៃគូអភិវឌ្ឍ និងវិស័យឯកជន តាមរយៈការអនុវត្តផលិតកម្មកសិកម្ម តាមកិច្ចសន្យា”។
ក្រសួងក៏ទទួលបានជំនួយឧបត្ថម្ភជាច្រើនពីអង្គការជាតិ និងអន្តរជាតិមានដូចជាអង្គការ JICA, USAID, IFAD, AUSAID, KOICA, ADB and WB -ល-។ ហើយថ្មីៗ នេះ សហភាពអឺរ៉ុប (EU) បានជួយឧបត្ថម្ភថវិកាចំនួនជាង៨០លានដុល្លារ សម្រាប់ធ្វើការអភិវឌ្ឍវិស័យជលផលផងដែរ ដោយផ្តោតជាសំខាន់ លើការអភិវឌ្ឍអនុវិស័យវារីវប្បកម្ម និងការកែច្នៃ។
ក្នុងខណៈនេះដែរ ក្រុមការងារនៃគម្រោងផលិតកម្មសូត្រ ដែលឧបត្ថម្ភដោយអង្គការ JICA បានរាយការណ៍ជូនជ្រាបអំពីវឌ្ឍនភាព នៃគម្រោង ដោយបានរំលេចពីលទ្ធផល សម្រេចបានក្រៅពីសូត្រ គម្រោងបានកែច្នៃសូត្រ នៅផលិតជាសាប៊ូ ដែលមានគុណភាពល្អប្រសើរ សម្រាប់ស្រ្តី ហើយផលិតផលនេះ កំពុងមានការចាប់ អារម្មណ៍យ៉ាងខ្ពស់នៅជប៉ុន។
សំខាន់មួយទៀត មានក្រុមហ៊ុនជប៉ុនមួយ បាននិងកំពុងសិក្សា លើលទ្ធភាពក្នុងការវិនិយោគលើវារីវប្បកម្ម (ចិញ្ចឹមត្រីទីឡាព្យា) ធ្វើការកែច្នៃរួចនាំចេញនៅជប៉ុន។
ថ្លែងនៅកាន់ភ្ញៀវក្នុងទឹកចិត្តសប្បាយរីករាយ លោករដ្ឋមន្ត្រីបានស្វាគមន៍ និងសាទរចំពោះគម្រោងសូត្រ និងគម្រោងវិនិយោគលើវារីវប្បកម្ម ព្រោះគម្រោងទាំងពីរ នឹងជួយបង្កើតការងារជូន ប្រជាពលរដ្ឋនៅមូលដ្ឋានដោយផ្ទាល់ រួមទាំងប្រាក់ចំណូលសំខាន់ជាងនេះ គឺជួយរក្សាមរតកប្រពៃណី ពីបុរាណរបស់ស្រ្តីខ្មែរគឺការដាំមន ចិញ្ចឹមដង្កូវនាង ផលិតសូត្រ និងការត្បាញហូលផាមួង។

ដោយឡែកការចិញ្ចឹមត្រី ពិតជាជួយដល់កសិករទាំងការងារ និងប្រាក់ចំណូល រួម ចំណែកកាត់បន្ថយការនេសាទធម្មជាតិពីទន្លេ ស្ទឹង បឹង ព្រែក ស្របពេលដែល ទិន្នផលត្រីមាននិន្នាការធ្លាក់ចុះ ដោយសារសេចក្តីត្រូវមានការកើនឡើងជាលំដាប់ និងការប្រែប្រួលអាកាស ធាតុ។ ហេតុផលនេះ លោករដ្ឋមន្ត្រី បានសម្តែងនូវឆន្ទៈគាំទ្រ និងលើកទឹកចិត្ត ដល់ក្រុមហ៊ុនជប៉ុន ក្នុងការវិនិយោគលើវិស័យ វារីវប្បកម្មនាពេលអនាគត៕






