ដោយ ៖ រ៉ាណេត
ប៉ោយប៉ែត ៖ ចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ អាជ្ញាធរថៃបិទច្រកព្រំដែនទាំងអស់ ដើម្បីរឹតបន្តឹងវិធានការប្រយុទ្ធជម្ងឺ Covid-19 ដោយឡែកនៅច្រកអន្តរជាតិប៉ោយប៉ែត-ក្លងឡឹក ខេត្តបន្ទាយមានជ័យ ស្រះកែវ មានការអនុញ្ញាតឱ្យចេញចូលតែឡានដឹកទំនិញធំៗតែប៉ុណ្ណោះ។

បន្ទាប់ពីបានបញ្ចប់កិច្ចប្រជុំពិភាក្សារវាងមន្ត្រីជាន់ខ្ពស់តំណាងប្រទេសទាំង២ រួមមានលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ព្រះរាជាណាចក្រកម្ពុជា និងលោក វរ៉ាផាន់ សុវាណុន ( Mr. Woraphan Suwannus) អភិបាលខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ នៅការិយាល័យគយថៃ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត-ក្លងឡឹក កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ ជាលទ្ធផល តំណាងភាគីទាំងប្រទេសបានសម្រេចបិតច្រកព្រំដែនទាំងអស់ជាបណ្តោះអាសន្ន ក្នុងរយៈពេល១៤ថ្ងៃ។
នៅក្នុងជំនួប និងកិច្ចប្រជុំនេះបានឱ្យដឹងថា ការអនុវត្តបិទច្រកព្រំដែនទាំងអស់នេះ នឹងត្រូវអនុវត្តចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ ដោយលើកលែងតែ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតតែប៉ុណ្ណោះ ដែលអនុញ្ញាតឱ្យមានការចេញចូលតែរថយន្តដឹកទំនិញធំៗ ក្រៅពីនោះ ចំពោះប្រជាពលរដ្ឋ ភ្ញៀវទេសចរ អ្នកដឹកទំនិញតាមរទះជាដើម គឺពុំអនុញ្ញាតឱ្យចេញចូលនោះឡើយ ក្នុងរយៈពេល១៤ ថ្ងៃ ។ ដោយឡែក ចំពោះប្រជាពលរដ្ឋ អាជីវករលក់ដូរនៅផ្សារឡុងក្លឺ គឺអនុញ្ញាតឱ្យលក់ដូរ រស់នៅដោយគោរពតាមច្បាប់ប្រទេសថៃ ហើយក្នុងករណីចេញហើយពុំអនុញ្ញាតឱ្យចូលវិញនោះទេ និងត្រូវរង់ចាំរហូតដល់ ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ រហូតដល់ម៉ោង១០យប់ ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ ។

ច្រកទ្វារដែលប្រកាសបិទទាំងនោះរួមមាន ច្រកទ្វាអន្តរជាតិចាំយាម ច្រកទ្វាអន្តរជាតិព្រំ (ប៉ៃលិន) ច្រកទ្វាអន្តរជាតិភ្នំដី ច្រកទ្វា អូរ ស្មាច់ និងច្រកទ្វារតំបន់ស្ពានជ័យជំនះ តំបន់ពាមតា តំបន់២០៣ តំបន់៤០០(សំឡូត) តំបន់ សែនចៅ តំបន់អូរអន្លក់ តំបន់អូររំដួល តំបន់ម៉ាឡៃ តំបន់បឹងត្រកួន តំបន់ជប់គគីរ និងច្រកទ្វាតំបន់ អានសេះ រួមជាមួយនឹងច្រកទ្វារព្រំដែនមួយចំនួនទៀត៕






