ដោយ ហ្សូលី
ភ្នំពេញៈ បើយោងតាមការវាយតំលៃថ្មីមួយ ពីអង្គការអន្តរជាតិខាងការងារ(ILO) វិបត្តិសេដ្ឋកិច្ចនិងកម្លាំងពលកម្ម ដែលបង្កើតឡើងដោយជំងឺរាតត្បាតរ៉ាំរ៉ៃ(COVID-19) អាចបង្កើនភាពអត់ការងារធ្វើនៅលើពិភពលោកជិត២៥លានកន្លែង។
បើតាមសេចក្តីប្រកាសរបស់អង្គការ ILO បានឱ្យដឹងថា ការងារប្រមាណ២៤.៧ លាននឹងត្រូវបាត់បង់ នេះជាចំនួនកើនឡើង បើធៀបទៅនឹងវិបត្តិសេដ្ឋកិច្ចពិភពលោកកាលពីឆ្នាំ២០០៨-២០០៩ មានចំនួនត្រឹម២២លានប៉ុណ្ណោះ។
សេចក្តីប្រកាសដដែលបានឲ្យដឹងថា ក្រុមហ៊ុនមួយចំនួនអាចនឹងកាត់បន្ថយម៉ោងធ្វើការ និងប្រាក់បៀរវត្សរ៍ ដោយយោងទៅតាមស្ថានភាពសេដ្ឋកិច្ច។ ការជាវទំនិញនិងសេវាសម្រាប់អាជីវកម្ម បានជះឥទ្ធិពលបន្តិចបន្តួចមកលើវិស័យសេដ្ឋកិច្ច។
ទោះយ៉ាងណា អ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ បានមានប្រសាសន៍ថា មិនទាន់មានរោងចក្រណាមួយនៅប្រទេសកម្ពុជា បានបិទដោយសារបញ្ហាឆ្លងមេរោគកូវីដ ១៩នៅឡើយទេ ដូច្នេះប៉ះពាល់កម្មករ កម្មការិនីប្រមាណជាង២ម៉ឺននាក់។ ផ្ទុយទៅវិញ ការផ្អាក និងបិទជាបណ្តោះអាសន្ន ដោយសារតែការខ្វះវត្ថុធាតុដើមមកពីប្រទេសចិនតែប៉ុណ្ណោះ។
ទន្ទឹមនេះ លោកទេព សុភ័ក្រ អ្នកនាំពាក្យក្រសួងទេសចរណ៍បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកថា នៅខេត្តសៀមរាប មានការបាត់បង់ការងារប្រមាណ២០០០កន្លែងដោយសារការបិទជាបណ្តោះអាសន្ននៅតាមសណ្ឋាគារចំនួន៤១។
អង្គការពលកម្មអន្តរជាតិបាននិយាយថា នេះមិនមែនដោយសារតែបញ្ហាសុខភាពពិភពលោកតែមួយមុខឡើយ ប៉ុន្តែវាក៏ជាទីផ្សារពលកម្ម និងវិបត្តិសេដ្ឋកិច្ចពិភពលោកដែរ ដែលជះឥទ្ធិពលដល់ប្រជាជនលើពិភពលោក៕






