កម្ពុជា-រុស្ស៊ីចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម លើគម្រោងចំនួន៥១

0

ដោយវុត្ថា

ភ្នំពេញ ៖ គិតពីឆ្នាំ២០១៥ រហូតដល់បច្ចុប្បន្ន កម្ពុជា-រុស្ស៊ី បានចុះអនុស្សារណៈយោគយល់គ្នា ប្រមាណ៥១ ផ្តោតលើវិស័យពាណិជ្ជកម្ម វិនិយោគ ធនាគារ កសិកម្ម បរិស្ថាន និងសន្តិសុខ។

លោក ហោ ណាំហុង ឧបនាយករដ្ឋមន្រ្តី នៅក្នុងជំនួបជាមួយ លោក Dmitry Tsvetkov ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំកម្ពុជា នៅថ្ងៃទី២៣ ខែមីនានេះបានឱ្យដឹងថា ប្រជាជនរុស្ស៊ី បានជួយកម្ពុជាយ៉ាងច្រើន ក្នុងគ្រាដ៏លំបាកបំផុតកន្លងមក ដើម្បីកសាងនិងអភិវឌ្ឍប្រទេសកម្ពុជា ខណៈ កិច្ចសហប្រតិបត្តិការ កម្ពុជា-រុស្ស៊ី បានរីកចម្រើនជាបន្ដបន្ទាប់ និងមានទំនាក់ទំនងល្អ និងចំណងមិត្តភាពយូរអង្វែង។

លោកបន្តថា ប្រទេសយើងទាំងពីរ មានទំនាក់ទំនងដ៏ល្អ ព្រមទាំងមានកិច្ចសហប្រតិបត្តិការដ៏រឹងមាំ លើវិស័យជាច្រើន កិច្ចព្រមព្រៀងទ្វេភាគី និងអនុស្សារណៈយោគយល់គ្នាប្រមាណ ៥១ ត្រូវបានចុះហត្ថលេខា លើវិស័យជាច្រើន ចាប់តាំងពីឆ្នាំ ២០១៥ មានជាអាទិ៍ ពាណិជ្ជកម្ម វិនិយោគ ធនាគារ កសិកម្ម បរិស្ថាន និងសន្តិសុខជាដើម។

លោកហោ ណាំ ហុងបន្ថែមថា បច្ចុប្បន្ននេះ ភាគីទាំងពីរមានកិច្ចព្រមព្រៀង និងអនុស្សារណៈយោគយល់គ្នា ចំនួន១៤ ដែលកំពុងត្រូវបានចរចា ដែលកិច្ចព្រមព្រៀងមួយចំនួន អាចនឹងត្រូវចុះហត្ថលេខានាពេលអនាគត រួមមាន វិស័យអប់រំ ច្បាប់ យុវជន ទេសចរណ៍។ល។

លោកឧបនាយកដ្ឋមន្ត្រីបញ្ជាក់ទៀតថា ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការពហុភាគី គណៈកម្មការអន្តរ រដ្ឋាភិបាលស្តីពី កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រនិងបច្ចេកទេស បានត្រៀមខ្លួនរួចជាស្រេច ដើម្បីរៀបចំសម័យប្រជុំលើកទី១១ នៅថ្ងៃទី ១៧-១៨ ខែសីហា ឆ្នាំ ២០២០ នៅទីក្រុងភ្នំពេញ ក្នុងទិសដៅពង្រឹងនិងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យឲ្យកាន់តែរឹងមាំថែមទៀត។

លោក Dmitry Tsvetkov ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំកម្ពុជា បានសំដែងនូវការកោតសរសើរយ៉ាងខ្លាំង ចំពោះការអភិវឌ្ឍនៅកម្ពុជា លើគ្រប់វិស័យ ដែលមានកំណើនសេដ្ឋកិច្ច ក្នុងរង្វង់ ៧ភាគរយ ជាច្រើនឆ្នាំកន្លងមក ទោះបីជាកម្ពុជា មិនមែនជាប្រទេសផលិតប្រេងកាតនិងហ្គាស ដូចប្រទេសដទៃក៏ដោយ។

លោកបន្តថា កិច្ចព្រមព្រៀង និងអនុស្សារណៈយោគយល់គ្នា ចំនួន៥១ បានចុះហត្ថលេខារវាងកម្ពុជា និងរុស្ស៊ី ធ្វើអោយកិច្ចសហប្រតិបត្តិការ របស់យើងកាន់តែស៊ីជម្រៅ។

ទំហំពាណិជ្ជកម្មរវាងកម្ពុជា-រុស្ស៊ី មានចំនួន៥៥.៣៩លានដុល្លារអាមេរិក នៅឆ្នាំ២០១៩ សង្ឃឹមថា ទំហំពាណិជ្ជកម្ម រវាងកម្ពុជា-រុស្ស៊ី នឹងមានការកើនឡើងថែមទៀត នៅឆ្នាំ២០២០នេះ។ ចំពោះអ្នកទេសចររុស្ស៊ី មកទស្សនាកម្ពុជា មានជាង៥៥ម៉ឺននាក់ នៅឆ្នាំ២០១៩ សង្ឃឹមថា ចំនួនអ្នកទេសចររុស្ស៊ីមកកម្ពុជា នឹងបន្តកើនឡើងជាបន្តបន្ទាប់ នៅបណ្តាឆ្នាំខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here