ផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបៃនឹងបង្កើនភាពទាក់ទាញដល់ការវិនិយោគក្នុង ទីក្រុងបាវិតនាពេលអនាគត

0

ដោយ ប៊ី

ក្រុងបាវិតៈ ក្រសួងដឹកជញ្ជូនរបស់វៀតណាម កំពុងសិក្សាលើសំណើរ ដើម្បីសាងសង់ផ្លូវល្បឿនលឿនពីទីក្រុងហូជីមិញ ទៅម៉ុកបៃជាប់ព្រំដែនកម្ពុជា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាមកាលពីពេលថ្មីៗនេះ។

គម្រោងនេះ អាចភ្ជាប់ទៅនឹងគម្រោង ដែលបានស្នើមួយទៀតគឺផ្លូវល្បឿនលឿនរវាងភ្នំពេញ និងទីក្រុងបាវិតដែលស្ថិតនៅជាប់ព្រំដែនផងដែរ។

ការសិក្សាពីលទ្ធភាពមុននៅលើផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបៃដែលនឹងមានចម្ងាយ៥៣.៥គីឡូម៉ែត្រ ត្រូវបានដាក់ជូនទៅក្រសួងដឹកជញ្ជូនវៀតណាម នាពេលថ្មីៗនេះ ហើយនឹងត្រូវការការយល់ព្រម ពីនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc។

ព័ត៌មាននេះបានលេចចេញ នៅក្នុងកិច្ចប្រជុំរវាងអភិបាលក្រុងហូជីមិញ និងអភិ​បាលខេត្ត Tay Ninh នៅជាប់ព្រំដែនកម្ពុជា។ ក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះវាត្រូវបានបង្ហាញថា គម្រោងនេះ នឹងត្រូវភ្ជាប់ទៅនឹងផ្លូវល្បឿនលឿនភ្នំពេញ-បាវិតរបស់កម្ពុជានៅច្រកទ្វារអន្តរជាតិម៉ុកបៃ។

ប្រជាជនដែលរស់នៅទីក្រុងបាវិតសាទរ ចំពោះគម្រោងស្ថាបនាហេដ្ឋរចនាសម្ព័ន្ធដែលតភ្ជាប់ជាមួយទីក្រុងបាវិត ខណៈគម្រោងនឹងធ្វើអោយកាន់ប្រសើរឡើង ក្នុងការធ្វើពាណិជ្ជកម្មរបស់រវាងប្រទេសទាំងពីរ។

លោកហួត សុផាត ប្រជាជនម្នាក់ដែលរស់ទីក្រុងបាវិត បានប្រាប់គេហទំព័រ Propertyarea.asiaនារសៀលថ្ងៃទី២៣​មិនានេះថា ហេដ្ឋារចនាសម្ព័ន្ធនៅទីក្រុងបាវិតបាននិងកំពុងត្រូវបានស្ថាបនា ហើយរយៈ២ ឬ៣ឆ្នាំខាងមុខ ទីក្រុងបាវិតនៅកាន់តែមានភាពទាក់ទាញបន្ថែម។

លោកបន្តថា “បច្ចុប្បន្នបើទោះបីជាមានភាពស្ងប់ស្ងាត់បន្តិចមែន ប៉ុន្តែរយៈពេល ២ ឬ៣ ឆ្នាំខាងមុខ ខ្ញុំសង្ឃឹមថា បាវិតនឹងត្រឡប់មករកប្រសើរឡើងវិញ ព្រោះហេដ្ឋរចនាសម្ព័ន្ធ នឹងត្រូវបានរៀបចំកាន់ប្រសើរឡើង”។

ក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា បានអោយដឹងថា ប្រទេសទាំងពីរបានចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នាមួយ នៅឆ្នាំ២០១៧ ដើម្បីសិក្សាពីលទ្ធភាពនៃការបង្កើតផ្លូវល្បឿនលឿនដើម្បីភ្ជាប់ពួកគេ។

ការសិក្សាលទ្ធភាពនៅលើផ្លូវល្បឿនលឿនភ្នំពេញ-បាវិតត្រូវបានបញ្ចប់កាលពីឆ្នាំមុន ដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ។ យោងតាម JICA ការស្ថាបនាផ្លូវល្បឿនលឿននេះ នឹងមានប្រវែង១៦០គីឡូម៉ែត្រ និងចំណាយថវិកា៣,៨ ពាន់លានដុល្លារ។

តាមការប្រៀបធៀប ផ្លូវល្បឿនលឿនទីក្រុងហូជីមិញ – ម៉ុកបៃនឹងត្រូវចំណាយប្រ​ហែល៤៦០លានដុល្លារ។ នេះបើយោងតាមការសិក្សា។

រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនរបស់វៀតណាមលោក Nguyen Van The បានថ្លែងថា ផ្លូវល្បឿនលឿននេះ នឹងពង្រឹងការតភ្ជាប់រវាងតំបន់សេដ្ឋកិច្ចសំខាន់ៗ នៅភាគខាងត្បូងរបស់ប្រទេសវៀតណាម និងបណ្តាប្រទេសនៅតាមច្រករបៀងសេដ្ឋកិច្ចបូព៌ា ខាងលិចគឺប្រទេសមីយ៉ាន់ម៉ា ថៃ ឡាវ និងកម្ពុជា។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន នៅក្នុងសន្និសីទសារព័ត៌មានស្ដីពីវឌ្ឍនភាព និងទិសដៅការងារបន្ត របស់ក្រសួងសាធារ​ណការ និងដឹកជញ្ជូនកាលពីខែកុម្ភៈ កន្លងមកនេះឱ្យដឹងថា ក្រសួងបានចុះហត្ថលេខាក្នុងក្របខណ្ឌកិច្ចសន្យាមានរយៈពេល៨ខែ ដើម្បីសិក្សាចំពោះផ្លូវល្បឿនលឿនពីភ្នំពេញ បាវិត រហូតដល់ពេលនេះបាន២ខែហើយ ។

លោកបន្តថា “សម្រាប់ផ្លូវល្បឿនពីភ្នំពេញ ទៅកាន់ក្រុងបាវិត ត្រូវបានចុះហត្ថលេ​ខាក្នុងក្រមខណ្ឌឱ្យក្រុមហ៊ុនChina Railway International Group Co., Ltd សិក្សារួចរាល់ហើយ”។ លោកបន្ថែមថា “បន្ទាប់ពីសិក្សារួចរាល់ យើងនឹងអោយគេយករបាយការណ៍មកក្រសួងធ្វើការសិក្សាបន្ថែមទៀត ដើម្បីយើងសិក្សាថា តើការសិក្សានេះអាចសាងសង់បានដែរឬទេ ? តើវាចំណេញឬខាត?  បន្ទាប់មក យើងនឹងធ្វើការចចាររកថវិកាហិរញ្ញប្បទានក្នុងការសាងសង់”៕

LEAVE A REPLY

Please enter your comment!
Please enter your name here