កញ្ចប់ហិរញ្ញប្បទានពិសេស ៥០ លានដុល្លារអាចជួយដល់ការពង្រីកSMEs បានជាង៥០០កន្លែងនៅកម្ពុជា

0

ដោយវុត្ថា

ភ្នំពេញៈ អគ្គនាយកធនាគារអភិឌ្ឍន៍ជនបទ និងកសិកម្មលោកកៅ ថាចបានឱ្យដឹងថា តាមការរំពឹងកញ្ចប់ហិរញ្ញប្បទានពិសេស៥០លានដុល្លារអាមេរិក របស់រាជរដ្ឋាភិបាល នឹងជួយដល់សហគ្រាស ប្រមាណជាង៥០០ទីតាំងនៅកម្ពុជា អាចពង្រីកខ្លួនក៏ដូចការពង្រឹងសមត្ថភាព និងគុណភាពផលិតផលរបស់ខ្លួនស្របតាមស្ដង់ដារ និងតម្រូវការទីផ្សារ។

លោកបានមានប្រសាសន៍ឲ្យដឹង នៅក្នុងពិធីចុះអនុស្សារណៈនៃការយោគយល់គ្នា រវាង ធនាគារអភិឌ្ឍន៍ជនបទ និងកសិកម្ម ជាមួយសមាគមអ្នកផលិតចំណីអាហារកម្ពុជានាថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២០នេះបានឱ្យដឹងថា សហគ្រាសធុនតូច និងមធ្យម អាចទទួលបានឥណទានរហូតដល់៣០០,០០០ ដុល្លារអាមេរិក ដែលមានអត្រាការប្រាក់ទាប ៦ភាគរយប្រចំាឆ្នាំ សម្រាប់ជាទុនបង្វិល (រយៈពេលខ្លី) ហើយ៦,៥ភាគរយ ប្រចំាឆ្នាំ សម្រាប់ទុនវិនិយោគ (រយៈពេលវែង)។

លោកបន្ថែមទៀតថា “ដើម្បីទទួលបានឥណទាណនេះ សហគ្រាសធុនតូច និងមធ្យម មានគម្រោងពង្រីកអាជីកម្ម អាចបង្កើតការងារថ្មីបន្ថែមពី៥ ដល់៣០កន្លែងយ៉ាងតិច ត្រូវមានទីតាំងផលិតកម្មនៅក្នុងស្រុក ចុះបញ្ជីស្របច្បាប់ និងបង់ពន្ធ-អាករត្រឹមត្រូវ ហើយត្រូវការជាចាំបាច់នូវឥណទាន សម្រាប់យកទៅប្រើប្រាស់ជាទុនបង្វិល ទុនវិនិយោ​គសម្រាប់ពង្រីកអាជីវកម្មជាដើម”។

ឥណទានក្រោមកម្មវិធីពិសេសនេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម អាចផ្តល់ជូនរហូតដល់៨០ភាគរយ នៃតម្លៃទ្រព្យធានាបំណុល ដែលជាអចលទ្រព្យ ហើយការទទួលយកទ្រព្យធានាបំណុល ក៏មានភាពបត់បែនច្រើន ដោយទទួលយកឧបករណ៍-គ្រឿងម៉ាស៊ីន សន្និធិ លិខិតធានាសងបំណុលពីភាគីអ្នកទិញ ឬលិខិតធានាផ្សេងៗ វិញ្ញា​បនបត្រប្រាក់បញ្ញើ ក្រៅពីអចលនទ្រព្យ (ដីនិងអាគារ)។

រាជរដ្ឋាភិបាលកម្ពុជា បានទំលាក់កញ្ចប់ថវិកា៥០លានដុល្លារអាមេរិក នៅក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការ អនុវត្តកម្មវិធីហិរញ្ញប្បទានពិសេស ដើម្បីផ្តល់ឥណទានដែលមានការប្រាក់ទាប គំាទ្រដល់សិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យកែច្នៃផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម ឱ្យមានលទ្ធភាពពង្រីកអាជីវកម្ម និងធ្វើឱ្យប្រសើរឡើងនូវខ្សែសង្វាក់ផលិតកម្មរបស់ខ្លួន ក្នុងគោលដៅបង្កើតការងារបន្ថែម ពង្រឹងភាពប្រកួតប្រជែង និងពង្រីកមូលដ្ឋានផលិតក្នុងស្រុក សម្រាប់ជំរុញទាំងការនាំចេញ និងកាត់បន្ថយការនាំចូល នៅក្នុងដំណាក់កាលដែលសេដ្ឋកិច្ចកម្ពុជាជួបប្រទះបញ្ហាប្រឈមមួយចំនួន កើតចេញពីជំងឺឆ្លង COVID-19 និងបញ្ហា EBA៕

LEAVE A REPLY

Please enter your comment!
Please enter your name here