លោក ស៊ុនចាន់ថុលសម្រេចបង្កើតក្រុមការងារសម្របសម្រួលសិក្សាគម្រោងផ្លូវ ល្បឿនលឿនភ្នំពេញ-បាវិត

0

ដោយវុត្ថា

ភ្នំពេញៈ លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានសម្រេចបង្កើតក្រុមការងារសម្របសម្រួល ជាមួយក្រុមហ៊ុន China Railway International Group Co., Ltd ក្នុងការរៀបចំឯកសារសិក្សាសមិទ្ធិលទ្ធផល សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ក្រុងបាវិត។

យោងតាមសេចក្តីសម្រេច ដែលចុះហត្ថលេខាថ្ងៃទីកាលពីថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២០កន្លងមកនេះ បានឱ្យដឹងថា ក្រុមការងារសម្របសម្រួលជាមួយក្រុមហ៊ុន China Railway International Group Co., Ltd មានចំនួន១៨រូប ដឹកនាំដោយលោក បុង ប៊ុនហួន រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន ជាប្រធាន និងមានមន្ត្រីពាក់ព័ន្ធផ្សេងទៀតជាអនុប្រធាន និងសមាជិក។

សេចក្តីសម្រច ក្រុមការងារនេះមានភារកិច្ច ដូចជា ពិនិត្យ សម្របសម្រួល ផ្តល់យោបល់ ជំរុញ និងលើកវិធានការ ព្រមទាំងសហការជាមួយ ក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដើម្បីដោះស្រាយរាល់ការងារនិងបញ្ហាពាក់ព័ន្ធ នឹងការសិក្សាសមិទ្ធិលទ្ធភាព គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់រាជធានីភ្នំពេញ ទៅកាន់ក្រុងបាវិត។

ក្រុមការងារនេះមានភារកិច្ចមួយចំនួនដូចជា ទី១-សហការជាមួយមេធាវីគម្រោង ផ្តល់យោបល់លើទិដ្ឋភាពបច្ចេកទេស ផ្នែកនគរូបនីយកម្ម នៃគម្រោងសាងសង់ការវិភាគអំពីប្រសិទ្ធិភាពខាងសេដ្ឋកិច្ច ហិរញ្ញវត្ថុ បរិស្ថាន សង្គម ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធ នឹងគម្រោងសិក្សាសមិទ្ធិលទ្ធភាព គម្រោងសាងសង់ខាងលើ។

ទី២-សហការជាមួយមេធាវិក្រសួង ពិនិត្យ និងផ្តល់យោបល់លើការរៀបចំកិច្ចព្រមព្រៀងសម្បទានជាមួយក្រុមហ៊ុនវិនិយោគ ដើម្បីដាក់ជូនគណៈកម្មការអន្តរក្រសួងពិនិត្យ និងសម្រេច និង ធ្វើរបាយការណ៍ជាប្រចាំ និងលើកសំណើរជូនថ្នាក់ដឹកនាំក្រសួង ដើម្បីជំរុញដំណើរការសិក្សាការងាររៀបចំ សមិទ្ធិលទ្ធភាពគម្រោងសាងសង់ កិច្ចព្រមព្រៀងសម្បទាន និងការអនុវត្តគម្រោងសាងសង់ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតឱ្យទទួលបានជោគជ័យ។

រដ្ឋាភិបាលកម្ពុជាបាននិងកំពុងជំរុញ ការសិក្សាអនុវត្តលើគម្រោងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅច្រកទ្វារព្រំដែន ក្រុងបាវិត ឱ្យបានឆាប់រហ័ស ដើម្បីតភ្ជាប់ផ្លូវល្បឿនលឿនរបស់វៀតណាម ពីហូជីមិញមកច្រកទ្វារព្រំដែនម៉ុកបៃ ដែលភាគីវៀតណាមគ្រោងសាងសង់ និងដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ២០២៥ខាងមុខ។

លោកទេសរដ្ឋមន្រ្តី លោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូនធ្លាប់បានលើកឡើង កាលពីអំឡុងខែមករា ឆ្នាំ២០២០ កន្លងមកនេះថា ក្រសួងបានចុះកិច្ចព្រមព្រៀង ក្របខណ្ឌរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយក្រុមហ៊ុន China Railway International Group Co., Ltd ដើម្បីសិក្សាគម្រោងសាងសង់ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។

លោកបន្តថា “ក្រុមការងារកាលពីពេលថ្មីៗនេះ បានជួបពិភាក្សាជាមួយ លោកងៀន វ៉ាន់ថេ រដ្ឋមន្រ្តីដឹកជញ្ជូនវៀតណាម ដើម្បីពិនិត្យលទ្ធភាពក្នុងការជំរុញការវិនិយោគលើការសាងសង់ និងតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងម៉ុកបៃ-ហូជីមិញ”។

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ក៏ធ្លាប់ត្រូវបានសិក្សាជំហានដំបូងដោយទីភ្នាក់ងារ JICA រួចហើយ ដោយគម្រោងនេះ គ្រោងចំណាយថវិកាប្រមាណ៣,៨ពាន់លានដុល្លារសហរដ្ឋអាមេរិក។

ផ្លូវល្បឿនលឿន ជាផ្លូវសម្រាប់យានយន្តធ្វើចរាចរណ៍ មានបរិក្ខារបែងចែកទ្រូងផ្លូវជាពីរចំណែកខុសទិសគ្នា ឬចែកជាគន្លងផ្លូវ គ្មានកន្លែងផ្លូវប្រសព្វលើផ្ទៃរាបមួយ ឬត្រូវមានផ្លូវប្រសព្វតិចបំផុត ក្នុងករណីចាំបាច់ និងបំពាក់គ្រប់គ្រាន់នូវបរិក្ខារផ្លូវថ្នល់ ដើម្បីធានាលំហូរចរាចរណ៍ សុវត្ថិភាព និងដើម្បីបន្ថយពេលវេលាធ្វើដំណើរ និងមានកន្លែងកំណត់សម្រាប់ឲ្យយានយន្តចេញនិងចូលផ្លូវល្បឿនលឿន។

ការសាងសង់បណ្តាញផ្លូវល្បឿនលឿន (Expressway) ជាកត្តាដ៏ធំជាងគេសម្រា ប់ពង្រឹងសមត្ថភាពបណ្តាញផ្លូវនៅកម្ពុជា ព្រោះផ្លូវល្បឿនលឿន អាចបម្រើសេវាកម្មដឹកជញ្ជូនល្អជាងផ្លូវធម្មតា និងត្រូវបានគេចាត់ទុកជាមូលដ្ឋាន សម្រាប់វិស័យឧស្សាហកម្មទំនើបៗ និងសកម្មភាពដឹកជញ្ជូនធនធ្ងន់៕

LEAVE A REPLY

Please enter your comment!
Please enter your name here