ដោយ ហ្សូលី
ភ្នំពេញ៖ គម្រោងប្រព័ន្ធធារាស្រ្តថ្មីៗត្រូវបានក្រសួងធនធានទឹកកំពុងរៀបចំគ្រោងអភិវឌ្ឍនៅតាមខ្សែបន្ទាត់ព្រំដែនថៃនិងវៀតណាម ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមព្រំដែន។
បើតាមឱ្យដឹងពី ឯកឧត្តម ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹកនិងឧតុនិយមបានមានប្រសាសន៍នៅក្នុងសន្និសិទសារព័ត៌មានកាលពីថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២០ ថា «ដើម្បីជួយសម្រួលដល់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ និងការបង្កបង្កើនផលរបស់កសិករនៅតាមព្រំដែនដែលកំពុងប្រឈមនឹងការកង្វះទឹក ធ្វើឱ្យរដ្ឋាផិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ គិតគូរលើបញ្ហាធារាសាស្រ្ត និងគ្រោងអភិវឌ្ឍនៅពេលខាងមុខ។»
ឯកឧត្តមបន្តថា តំបន់មួយចំនួនដូចជានៅ ខេត្តតាកែវ កណ្តាល កំពត ព្រៃវែង ស្វាយរៀង តំបន់ដែលស្ថិតនៅក្បែរព្រំដែន កំពុងប្រឈមបញ្ហាខ្វះខាតទឹក ដូចនេះទើបក្រសួងមានគោលដៅ បន្តកិច្ចសហការល្អជាមួយបណ្តារប្រទេសជាមិត្ត និងដៃគូ ត្រៀមអភិវឌ្ឍជម្រុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្ត ទាំងផ្ទៃអាងទឹក និងប្រឡាយមេ ទុកផ្គត់ផ្គង់ជូនប្រជាពលរដ្ឋ។
កាលពីកន្លងមកប្រព័ន្ធធារាស្រ្តដែលក្រសួងបានធ្វើការអនុត្តរភាពធារាស្រ្ត និងរចនាសម្ព័ន្ធដែលបានអភិវឌ្ឍនៅតាមខ្សែបន្ទាត់ព្រំដែនមានសមិទ្ធផលដូចជា អាងទឹក ប្រឡាយមេ ឬក៏ប្រឡាយរងថ្នាក់ទី១ តែប៉ុណ្ណោះដូចនេះតម្រូវការក្នុងការអភិវឌ្ឍត្រូវការបន្ថែមទៀត ដែលពេលនេះក្រសួងកំពុងស្វែងរកដៃគូសហការ និងជំនួយពីបណ្តារប្រទេសជិតខាង។
ចំណែកឯដៃគូអភិវឌ្ឍដែលបង្ហាញពីគម្រោងកិច្ចសហប្រតិបត្តិការលើប្រព័ន្ធធារាស្រ្តកាលពីថ្មីៗនេះគឺ ធនាគារអភិវឌ្ឍអាស៊ី ADB ដែលកាលពីសប្តាហ៍មុនៗ ក្នុងខែមីនាឆ្នាំ ២០២០នេះ បានបញ្ជាក់ពីយុទ្ធសាស្រ្តគាំទ្រថ្មីសម្រាប់ឆ្នាំ ២០២០ ដល់ឆ្នាំ ២០២២៕






