ដោយ ប៊ី
ភ្នំពេញ៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជា ណាចក្រកម្ពុជា បានបើកកិច្ចប្រជុំលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តគម្រោងចំនួន៣ ដែលថាមពល ១,១៩៥ មេហ្គាវ៉ាត់។
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជា ណាចក្រកម្ពុជា បានបើកកិច្ចប្រជុំ នាព្រឹកថ្ងៃអង្គារថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយបានអនុម័តយកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០វេលាម៉ោង ៨.០០ព្រឹកបើកកិច្ចប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចប្រធានរដ្ឋសភា ។
កិច្ចប្រជុំរដ្ឋសភាជាវិសាមញ្ញនេះមានរបៀបវារៈចំនួនបី ក្នុងនោះមាន៖ ១-សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប អ៊ិនវេសម៉ិន គ្រុប ឯ.ក សម្រាប់គម្រោងវិនិយោគសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្ម អានុភាព ៧០០មេហ្គាវ៉ាត់ នៅខេត្តកោះកុង។ ២- សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ហាន សេង ខូល ម៉ាញ សម្រាប់គម្រោងវិនិយោគ សាងសង់រោងចក្រអគ្គិសនី ដុតធ្យូងថ្ម អានុភាព ២៦៥មេហ្គាវ៉ាត់ នៅខេត្តឧត្តរមានជ័យ។ ទី៣- សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ហាន សេង ខូល ម៉ាញ សម្រាប់គម្រោងវិនិយោគ សាងសង់ខ្សែបណ្តាញបញ្ជូនអគ្គិសនីតង់ស្យុង ២៣០គីឡូវ៉ុល តភ្ជាប់ពីរោងចក្រអគ្គិសនីដុតធ្យូងថ្ម នៅខេត្តឧត្តរមានជ័យ មកអនុស្ថានីយសៀមរាបខាងកើត។
នៅក្នុងឱកាសនេះដែរ អង្គប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក៏បានអនុម័តសមាសភាពលេខាធិការ ចំនួន ៣រូប សម្រាប់សម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ ដែលមាន ឯកឧត្តម យឹម លាត លោកជំទាវ គង់ សាឡន និងលោកជំទាវ កុល ធារិន៕






