ដោយ ហ្សូលី
ភ្នំពេញ៖ ការបិទច្រកព្រំដែនរវាងប្រទេសកម្ពុជា-ថៃ អំឡុងការវាយលុកនៃជំងឺកូវីដ ១៩ មិនមានផលប៉ះពាល់ដល់ការនាំចេញទំនិញរបស់កម្ពុជាទៅប្រទេសថៃឡើយ។ នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម និងជាអនុរដ្ឋលេខាធិកា លោក ស៊ាង ថៃ បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុក កាលពីថ្ងៃចន្ទ ទី ២៤ ឆ្នាំ ២០២០ ឱ្យដឹងថា « ការបិទច្រកព្រំដែនរវាងថៃ និងកម្ពុជា បណ្តោះអាសន្ននេះ មិនមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ទំហំពាណិជ្ជកម្មទ្វេរភាគី ព្រោះអាជ្ញាធរថៃរឹតបន្តឹងតែជាមួយជនស៊ីវិលដែលឆ្លងកាត់ព្រំដែនតែប៉ុណ្ណោះ។»
លោកបន្តថា មិនមានជាបញ្ហាចោទអ្វីដែលបណ្តាលឱ្យមានផលប៉ះពាល់ឡើយព្រោះថា ការផ្លាស់ប្តូរពាណិជ្ជកម្មនៅតែបន្តជាធម្មតា ប៉ុន្តែក្រសួងនឹងនៅតែតាមដានយ៉ាងល្អិតល្អន់អំពីផលវិបាកផ្សេងៗ។
ជាមួយគ្នា មន្ត្រីក្រសួងពាណិជ្ជកម្មតាមបណ្តារខេត្តមួយចំនួនដែលមានព្រំប្រទល់ជាប់នឹងប្រទេសថៃដូចជា បាត់ដំបង បន្ទាយមានជ័យ ពោធិ៍សាត់ កោះកុង បានបញ្ចេញមតិស្រដៀងៗគ្នាថា សម្រាប់ការនាំចេញទំនិញទៅប្រទេសថៃមិនមានបញ្ហាគួរឱ្យបារម្ភ ប៉ុន្តែការនាំចេញកសិផលអាចនឹងមានផលពិបាកដោយសារតែជិតដល់រដូវប្រមូលផលហើយ ដូច្នេះមានផលវិបាកបន្តិចបន្តួចប៉ុណ្ណោះៗ។
សំខាន់ជាងនេះនោះ គឺការនាំចូលផលិតផលពីប្រទេសថៃអាចរងប្រឈមនឹងផលវិបាក ព្រោះអាចនឹងមានការតម្លើងថ្លៃមុខទំនិញដូចជា គ្រឿងសំណង់ និងវត្ថុធាតុដើមមួយចំនួនទៀត។ ដើម្បីទប់ស្កាត់និងការពារវីរុសកូវីដ ១៩ រដ្ឋាភិបាលថៃបានសម្រេចបិទច្រកព្រំដែនរវាងថៃនិងកម្ពុជាជាបណ្តោះអាសន្នរយៈពេល ១៤ថ្ងៃ ដោយអនុញ្ញាតឱ្យមានការដឹកជញ្ជូនទំនិញចេញចូលជាធម្មតា។
ការនាំចេញរបស់ថៃមកកម្ពុជាមានទំហំទឹកប្រាក់ប្រមាណជាង ៧ពាន់លានដុល្លារ កាលពីឆ្នាំ ២០១៩ កន្លងទៅ ចំណែកឯកម្ពុជាវិញនាំចេញទៅប្រទេសថៃស្មើទឹកប្រាក់ជាង ២ពាន់លានដុល្លារ ដែលភាគច្រើនកម្ពុជានាំចេញផលិតផលដូចជា ពោត ដំឡូងមី និង សណ្តែក។ រីឯកម្ពុជានាំចូលពីថៃវិញមានដូចជា គ្រឿងម៉ាស៊ីន ឧបករណ៍អេឡិចត្រូនិច ប្រេង គ្រឿងសំណង់ ចំនីអាហារ គ្រឿងសម្អាង និងសម្ភារៈប្រើប្រាស់ផ្សេងៗ ជាដើម៕






