សម្តេចតេជោ៖ កម្ពុជាត្រៀមបន្ទប់ជាង ៣០០០ នៅទូទាំងប្រទេសសម្រាប់ព្យាបាលអ្នកឆ្លងជំងឺកូវីដ ១៩

0

ដោយវុត្ថា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានឱ្យដឹងថា រហូតមកដល់ពេលនេះ កម្ពុជា បានត្រៀមបន្ទប់ជាង ៣០០០ នៅទូទាំងប្រទេសសម្រាប់ព្យាបាលអ្នកឆ្លងជំងឺផ្លូវដង្ហើមថ្មីកូវីដ ១៩ ខណៈគិតចាប់ពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ មកដល់យប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ សរុបនៅកម្ពុជា មានចំនួន ៩១នាក់ហើយ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍បែបនេះ នៅក្នុងពិធីអញ្ជើញជួបសំណេះសំណាលជាមួយគ្រូពេទ្យស្ម័គ្រចិត្តប្រមាណជាង៣០០នាក់ មុននឹងពួកគេចេញបេសកកម្មជាមួយក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធជាមួយជំងឺកូវីដ១៩ (COVID-19)នាថ្ងៃទី ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ នេះ។

សម្តេចតេជោថ្លែងថា “នៅតាមបណ្តាខេត្តនានា ដែលបានត្រៀមរៀបចំ ដោយយកសណ្ឋាគារ ផ្ទះសំណាក់ និងអន្តេវាសិកដ្ឋាន ធ្វើជាកន្លែងសម្រាកព្យាបាលសម្រាប់អ្នកជំងឺកូវីដ គឺមកដល់ពេលនេះ យើងមានប្រមាណ ៣០០០ បន្ទប់ហើយ។ ក្នុងនោះ នៅភ្នំពេញ មាន ៤ទីតាំងធំៗ គឺនៅមន្ទីរពេទ្យរុស្ស៊ី មន្ទីរពេទ្យចាក់អង្រែ និងមន្ទីរពេទ្យយោធាព្រះកេតុមាលា ព្រមទាំងសណ្ឋាគារ អាំងទែកុងទីណង់តាល់”។

ជំនួបរបស់សម្តេចតេជោ ហ៊ុន សែន ជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៅព្រឹកនេះ គឺជាការផ្តល់ដំបូន្មាន និងកម្លាំងចិត្តដល់ក្រុមគ្រូពេទ្យទាំងអស់ដែលបានស្ម័គ្រចិត្តធ្វើដំណើរចាកចេញពីក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់ ដើម្បីសង្គ្រោះជីវិតមនុស្ស៕

LEAVE A REPLY

Please enter your comment!
Please enter your name here