ដោយវុត្ថា
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យដឹងថាកម្ពុជាទទួលបានចំណូលពន្ធគយពីច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតកម្ពុជា-ថៃ បានចំនួនជិត ២លានដុល្លារអាមេរិក កាលថ្ងៃម្សិលមិញនេះ បន្ទាប់ពីមានការបិទច្រកព្រំដែនកន្លងមកនេះ ។
សម្តេចតេជោ ហ៊ុន សែន នៅក្នុងពិធីអញ្ជើញជួបសំណេះសំណាលជាមួយគ្រូពេទ្យស្ម័គ្រចិត្តប្រមាណជាង៣០០នាក់នៃថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ នេះ ឱ្យដឹងថា បើទោះបីមានការបិទច្រកព្រំដែនក៏ដោយ តែលំហូរទំនិញនៅតែដំណើរដដែល ហើយការប្រមូលពន្ធគយក៏នៅតែប្រមូល។
សម្តេចតេជោថ្លែងថា “ម្សិលមិញនេះច្រកព្រំដែនប៉ោយប៉ែតចំណូលពន្ធគយមានចំនួនជាង ៧០០០ លានរៀល ដែលស្មើនឹងជិត ២ លានដុល្លារអាមេរិក ចឹងចំណូលពន្ធគយនៅតែមានជាមួយព្រំដែនឡាវ វៀតណាម និងថៃធម្មតាព្រោះយើងនៅមានការផ្លាស់ប្តូរទំនិញធម្មតា”។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម និងជាអនុរដ្ឋលេខាធិកា លោក ស៊ាង ថៃ កាលពីម្សិលមិញនេះបានឱ្យដឹងថា « ការបិទច្រកព្រំដែនរវាងថៃ និងកម្ពុជា បណ្តោះអាសន្ននេះ មិនមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ទំហំពាណិជ្ជកម្មទ្វេរភាគី ព្រោះអាជ្ញាធរថៃរឹតបន្តឹងតែជាមួយជនស៊ីវិលដែលឆ្លងកាត់ព្រំដែនតែប៉ុណ្ណោះ។»
លោកបន្តថា មិនមានជាបញ្ហាចោទអ្វីដែលបណ្តាលឱ្យមានផលប៉ះពាល់ឡើយព្រោះថា ការផ្លាស់ប្តូរពាណិជ្ជកម្មនៅតែបន្តជាធម្មតា ប៉ុន្តែក្រសួងនឹងនៅតែតាមដានយ៉ាងល្អិតល្អន់អំពីផលវិបាកផ្សេងៗ។
ជាមួយគ្នា មន្ត្រីក្រសួងពាណិជ្ជកម្មតាមបណ្តារខេត្តមួយចំនួនដែលមានព្រំប្រទល់ជាប់នឹងប្រទេសថៃដូចជា បាត់ដំបង បន្ទាយមានជ័យ ពោធិ៍សាត់ កោះកុង បានបញ្ចេញមតិស្រដៀងៗគ្នាថា សម្រាប់ការនាំចេញទំនិញទៅប្រទេសថៃមិនមានបញ្ហាគួរឱ្យបារម្ភ ប៉ុន្តែការនាំចេញកសិផលអាចនឹងមានផលពិបាកដោយសារតែជិតដល់រដូវប្រមូលផលហើយ ដូច្នេះមានផលវិបាកបន្តិចបន្តួចប៉ុណ្ណោះៗ។
សំខាន់ជាងនេះនោះ គឺការនាំចូលផលិតផលពីប្រទេសថៃអាចរងប្រឈមនឹងផលវិបាក ព្រោះអាចនឹងមានការតម្លើងថ្លៃមុខទំនិញដូចជា គ្រឿងសំណង់ និងវត្ថុធាតុដើមមួយចំនួនទៀត។ ដើម្បីទប់ស្កាត់និងការពារវីរុសកូវីដ ១៩ រដ្ឋាភិបាលថៃបានសម្រេចបិទច្រកព្រំដែនរវាងថៃនិងកម្ពុជាជាបណ្តោះអាសន្នរយៈពេល ១៤ថ្ងៃ ដោយអនុញ្ញាតឱ្យមានការដឹកជញ្ជូនទំនិញចេញចូលជាធម្មតា។
ការនាំចេញរបស់ថៃមកកម្ពុជាមានទំហំទឹកប្រាក់ប្រមាណជាង ៧ពាន់លានដុល្លារ កាលពីឆ្នាំ ២០១៩ កន្លងទៅ ចំណែកឯកម្ពុជាវិញនាំចេញទៅប្រទេសថៃស្មើទឹកប្រាក់ជាង ២ពាន់លានដុល្លារ ដែលភាគច្រើនកម្ពុជានាំចេញផលិតផលដូចជា ពោត ដំឡូងមី និង សណ្តែក។ រីឯកម្ពុជានាំចូលពីថៃវិញមានដូចជា គ្រឿងម៉ាស៊ីន ឧបករណ៍អេឡិចត្រូនិច ប្រេង គ្រឿងសំណង់ ចំនីអាហារ គ្រឿងសម្អាង និងសម្ភារៈប្រើប្រាស់ផ្សេងៗ ជាដើម៕






