ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ពីគោលការណ៍របស់កម្ពុជាថា នឹងទទួលខុសត្រូវទៅលើការចំណាយថ្លៃព្យាបាលជនបរទេសទាំងអស់ដែលផ្ទុកជំងឺ Covid-19 ដែលកើតមាននៅលើទឹកដីកម្ពុជា ដែលខុសពីប្រទេសមួយចំនួនកំណត់ឱ្យជនបរទេសចំណាយថវិកាផ្ទាល់ខ្លួនទៅលើការព្យាបាលជំងឺ។
ក្នុងពិធីសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ៤២២នាក់ មុនចេញទៅព្យាបាលអ្នកជំងឺកូវដី១៩ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ នៅវិមានសន្តិភាព សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា “ខ្មែរយើងក្រ តែចិត្តធំ នោះគឺយើងចេញលុយព្យាបាល និងចំណាយលើការស្នាក់នៅរបស់ជនបរទេសទាំងអស់ ដែលកើតជំងឺកូវីដ នៅកម្ពុជាយើង”។
សម្ដេចតេជោ បានមានប្រសាសន៍បន្តទៀតថា “នយោបាយនេះគឺប្លែកពីវៀតណាម នាយករដ្ឋមន្ត្រីវៀតណាមបានប្រកាសថា ជនជាតិបរទេសដែលកើតជំងឺនេះត្រូវចេញលុយព្យាបាលខ្លួនឯង កម្ពុជាជាប្រទេសមួយក្រសុំប្រកាសថា ជនជាតិបរទេសដែលឈឺនៅលើទឹកដីកម្ពុជា ត្រូវទទួលបានការព្យាបាលពីសំណាក់គ្រូពេទ្យកម្ពុជា ដោយមិនបងថ្លៃ នេះជាគោលនយោបាយរបស់កម្ពុជា ព្រោះនេះជាកាតព្វកិច្ចរបស់យើងក្នុងឋានៈជាម្ចាស់ផ្ទះ” ។
ស្ថិតនៅក្នុងយុទ្ធនាការប្រយុទ្ធ និងទប់ស្កាត់ការរីករាលដាលជំងឺ Covid-19 នេះ រដ្ឋាភិបាលកម្ពុជាទទួលបានថវិកាពីសប្បុរសជននានាចំនួនជិត ៩លានដុល្លារ ដោយក្នុងចំណោមសម្បុរសជនទាំងនោះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តសីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចម៉ែ ព្រះអង្គទាំងទ្វេ បានឧបត្ថម្ភមុនគេ ជូនរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធឆាំងជំងឺ Covid-19 ដែលបាននឹងកំពុងរាតត្បាតជាសកលនេះ។ ដោយឡែកក្នុងករណីដែលនៅសល់ថវិកាក្រោយពីប្រយុទ្ធប្រឆាំងជំងឺ Covid-19 នៅក្នុងប្រទេសកម្ពុជា រដ្ឋាភិបាលនឹងយកថវិកានេះដាក់ចូលទៅក្នុងមូលនិធិមន្ទីរពេទ្យគន្ធបុប្ផាដើម្បីព្យាបាលកុមាកម្ពុជា៕






