ទីក្រុងរណបលំដាប់អន្តរជាតិវិនិយោគដោយ Empire World ជាប់គាំងនៅក្រុងបាវិត ខេត្តស្វាយរៀង

0

ដោយគង់ ម៉ាលីន

ភ្នំពេញ៖ ក្រុមហ៊ុនចិនធំមួយ Empire World ដែលគ្រោងវិនិយោគសាងសង់ទីក្រុងរណបថ្មីមួយ នៅក្រុងបាវិត ខេត្តស្វាយរៀងបានជាប់គាំង ខណៈមានការរាយការណ៍ថា គំរោងរបស់ក្រុមហ៊ុននេះក៏បានជាប់គាំងនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីផងដែរ។


អគ្គនាយកក្រុមហ៊ុនEmpire World លោកAric Looដែលជាអ្នកវិនិយោគគំរោងទីក្រុងរណបនេះ បានមានប្រសាសន៍ឲ្យដឹងក្នុងកំឡុងពេលរៀបចំពិធីសម្ភោធគំរោងនេះកាលពីដើមឆ្នាំមុនថា លោកបានសិក្សាពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន និងបណ្តាទីក្រុងសំខាន់ៗរបស់កម្ពុជា ទើបចុងក្រោយសម្រេចវិនិយោគគំរោងទីក្រុងរណបនេះឡើង ដែលជាគំរោងលំដាប់អន្តរជាតិដ៏ធំមួយ ដែលមានផ្ទៃដីជាង១០០០ហិកតា ប៉ុន្តែដំណាក់លកាលទី១ យើងអភិវឌ្ឍន៍ទីក្រុងនេះលើផ្ទៃដី៥៧ហិកតា។

លោកបន្តថាទីក្រុងរណបនេះមានរួមបញ្ចូលនូវកាស៊ីណូ សណ្ឋាគារកម្រិតផ្កាយ៥ អាផាតម៉ិនប្រណីត បណ្តុំនៃភោជនីយដ្ឋាន និងមជ្ឈមណ្ឌលបច្ចេកវិទ្យា ដើម្បីធ្វើយ៉ាងណាជួយរដ្ឋាភិបាលគ្រប់គ្រងGame Onlineនៅកម្ពុជា។លោកបន្តថារហូតមកទល់ពេលនេះមានក្រុមហ៊ុនចំនួនជាង៤០ហើយ បានសហការជាមួយយើង និងហាងអាហារ និងភេជ្ជៈល្បីៗប្រមាណ១០០បានចុះកុងត្រា ដើម្បីបើកនៅក្នុងគំរោងនេះរួចហើយ

ក្រៅពីទីក្រុងរណបនេះ ក្រុមហ៊ុនរបស់ចិនមួយទៀត ក៏បានបើកដំណើរការសាងសង់ទីក្រុងរណបលើផ្ទៃដី៧ហិកតា នៅក្នុងទីក្រុងបាវិតរួចហើយ ដោយដាក់ឈ្មោះទីក្រុងហេងហេង។

លោកAric Looបានមានប្រសាសន៍ឲ្យដឹងទៀតថា ក្រុងបាវិតមានលក្ខណៈពិសេសជាច្រើន ដោយស្ថិតនៅក្នុងគំរោងខ្សែក្រវ៉ាត់១ ផ្លូវមួយរបស់ចិន និងមានទីតាំងនៅកៀកនឹងក្រុងហូ ជីម៉ិញប្រទេសវៀតណាម ដែលងាយស្រួលក្នុងការដឹកជញ្ជូននិងពង្រីកការតភ្ជាប់លើវិស័យពាណិជ្ជកម្ម។

តាមព៌តមានជាក់លាក់បានឲ្យដឹងថា បច្ចុប្បន្នមានជនជាតិចិន និងអ្នកវិនិយោគចិនប្រមាណ៥០,០០០នាក់ បាននិងកំពុងធ្វើការ និងវិនិយោគនៅទីក្រុងនេះ ដែលនៅឆ្នាំ២០២៥ខាងមុខ ទីក្រុងបាវិតនឹងមានមនុស្សរស់នៅប្រមាណ២០ម៉ឺននាក់។


លោកAric Looបានបន្តថា គោលដៅនៃការអភិវឌ្ឍទីក្រុងរណបនេះ យើងនឹងសហការជាមួយដៃគូវិនិយោគអន្តរជាតិដទៃទៀត ដែលបច្ចុប្បន្នមានក្រុមហ៊ុនកាន់តែច្រើនបានចាប់អារម្មណ៍ ក្រៅពីដៃគូដែលយើងមានប្រមាណ៤០ក្រុមហ៊ុនរួចហើយ។

រដ្ឋាភិបាលកម្ពុជាបានដាក់ក្រុងបាវិត ជាតំបន់អភិវឌ្ឍន៍ឧស្សាហកម្ម ក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥ ២០២៥ ជាមួយទីក្រុងពីរផ្សេងទៀត គឺខេត្តព្រះសីហនុ និងក្រុងប៉ោយប៉ែត។

ក្រុងនៃឧស្សាហកម្មមានន័យថា រដ្ឋាភិបាលនឹងរៀបចំហេដ្ឋារចនាសម្ព័ន្ឋទាំងផ្នែករ៉ឹង និងផ្នែកទន់ ដើម្បីប្រែក្លាយជាមជ្ឈមណ្ឌលឧស្សាហកម្ម ពាណិជ្ជកម្ម និងហិរញ្ញវត្ថុលំដាប់ពិភពលោក។

ទោះជាយ៉ាងណារហូតមកទល់ពេលនេះ មិនមានការពន្យល់ណាមួយពីថ្នាក់ដឹកនាំក្រុមហ៊ុនEmpire Worldទាក់ទងនឹងមូលហេតុនៃការពន្យាពេលរបស់គំរោងនេះទេ ប៉ុន្តែប្រភពព៌តមានដែលអាចទុកចិត្តបានអះអាងថា ការជាប់គាំងគំរោងនេះដោយសារការស្ទះលំហូរសាច់ប្រាក់មកពីប្រទេសចិន ដោយសាររដ្ឋាភិបាលចិនបានរឹតបន្តឹងលំហូរមូលធនចេញក្រៅប្រទេស៕


LEAVE A REPLY

Please enter your comment!
Please enter your name here