ក្រុមហ៊ុនផលិតឱសថរុស្ស៊ីគ្រោងផ្ដល់ថ្នាំ និងសម្ភារៈបច្ចេកទេសដល់កម្ពុជា

0

ដោយវុត្ថា

ភ្នំពេញៈ ក្រុមហ៊ុនផលិតថ្នាំពេទ្យរុស្ស៊ីគ្រោងផ្ដល់ថ្នាំសង្កូវ និងសម្ភារៈបច្ចេកទេស ដល់កម្ពុជា ដើម្បីជាការរួមចំណែក ក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាល នៃជំងឺកូវីដ១៩  ខណៈកម្ពុជាកំពុងទទួលរងផលប៉ះពាល់ពីជំងឺដង្ហើមមួយនេះ។

លោកកុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា លោក Dmitry Tsvetkov ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្សី នៅក្នុងជំនួបពិភាក្សាជាមួយ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ បានពិភាក្សាគ្នាពីឥទ្ធិពលនៃជំងឺកូវីដ១៩ ដែ​ល​កំពុងតែគំរាមកំហែងជាសកល មិនមែនសម្រាប់តែប្រទេសណាមួយនោះទេ។

លោក កុយ គួងថ្លែងថា លោកកទូតបានជម្រាបប្រាប់ទៅ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ថា មានក្រុមហ៊ុនផលិតថ្នាំពេទ្យរុស្ស៊ីមួយ បានទាក់ទងមកគាត់ថា គាត់មានបំណងផ្ដល់នូវថ្នាំសង្កូវ និងសម្ភារៈបច្ចេកទេសមកកម្ពុជា នាពេលឆាប់ៗខាងមុខនេះ ដើម្បីទប់​ទល់នឹងការរីករាលដាល នៃជំងឺកូវីដ១៩ ។

លោកបន្ថែមថា ក្រុមហ៊ុននេះក៏ធ្លាប់បាន ផ្ដល់សម្ភារៈបច្ចេកទេស ទៅប្រទេសអ៊ីតាលី ជាពិសេសមានបំណងចង់ផ្ដល់ជំនួយ ទាំងនេះមកកម្ពុជា ក្នុងពេលដែលប្រយុទ្ធប្រ​ឆាំង ជាមួយជំងឺកូវីដ១៩ ។ គិតត្រឹមយប់ថ្ងៃទី២៦ មីនា ក្រសួងសុខាភិបាលកម្ពុជា រកឃើអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន៩៨ករណី (ស្រី២៥នាក់ ប្រុស៧៣នាក់) ក្នុងនោះមានចំនួន១១នាក់ បានជាសះស្បើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here