ដោយវុត្ថា
ភ្នំពេញៈ ក្រុមហ៊ុនផលិតថ្នាំពេទ្យរុស្ស៊ីគ្រោងផ្ដល់ថ្នាំសង្កូវ និងសម្ភារៈបច្ចេកទេស ដល់កម្ពុជា ដើម្បីជាការរួមចំណែក ក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាល នៃជំងឺកូវីដ១៩ ខណៈកម្ពុជាកំពុងទទួលរងផលប៉ះពាល់ពីជំងឺដង្ហើមមួយនេះ។
លោកកុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា លោក Dmitry Tsvetkov ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្សី នៅក្នុងជំនួបពិភាក្សាជាមួយ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ បានពិភាក្សាគ្នាពីឥទ្ធិពលនៃជំងឺកូវីដ១៩ ដែលកំពុងតែគំរាមកំហែងជាសកល មិនមែនសម្រាប់តែប្រទេសណាមួយនោះទេ។
លោក កុយ គួងថ្លែងថា លោកកទូតបានជម្រាបប្រាប់ទៅ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ថា មានក្រុមហ៊ុនផលិតថ្នាំពេទ្យរុស្ស៊ីមួយ បានទាក់ទងមកគាត់ថា គាត់មានបំណងផ្ដល់នូវថ្នាំសង្កូវ និងសម្ភារៈបច្ចេកទេសមកកម្ពុជា នាពេលឆាប់ៗខាងមុខនេះ ដើម្បីទប់ទល់នឹងការរីករាលដាល នៃជំងឺកូវីដ១៩ ។
លោកបន្ថែមថា ក្រុមហ៊ុននេះក៏ធ្លាប់បាន ផ្ដល់សម្ភារៈបច្ចេកទេស ទៅប្រទេសអ៊ីតាលី ជាពិសេសមានបំណងចង់ផ្ដល់ជំនួយ ទាំងនេះមកកម្ពុជា ក្នុងពេលដែលប្រយុទ្ធប្រឆាំង ជាមួយជំងឺកូវីដ១៩ ។ គិតត្រឹមយប់ថ្ងៃទី២៦ មីនា ក្រសួងសុខាភិបាលកម្ពុជា រកឃើអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន៩៨ករណី (ស្រី២៥នាក់ ប្រុស៧៣នាក់) ក្នុងនោះមានចំនួន១១នាក់ បានជាសះស្បើយ៕






