អ្នកជំនាញប្រាប់ពីវិធីសាស្រ្តដើម្បីលក់អចលនទ្រព្យឱ្យបានច្រើនអំឡុងពេលមានវិបត្តិសេដ្ឋកិច្ច

ចែករំលែក

ដោយ ហ្សូលី

ភ្នំពេញ៖ ប្រទេសកម្ពុជាកំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ច ដោយសារតែការរងឥទ្ធិពលពីសេដ្ឋកិច្ចពិភពលោក ដូចនេះវិស័យអចលនទ្រព្យ ក៏រងនូវហានិភ័យបន្តិចបន្តួចដែរ ប៉ុន្តែដើម្បីលក់អចលនវត្ថុ ឱ្យបានច្រើនទោះបីជាមានស្ថានភាពលំបាក អ្នកជំនាញបានចេញមកបង្ហាញគន្លឺះមួយចំនួន។

លោកម៉ន សុខា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ UTRUST បានមានប្រសាសន៍ថា តាមពិតការផ្សព្វផ្សាយវាមានច្រើន ដូចជា ការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក និងទំនាក់ទំនងផ្សេងៗទៀត ហើយនិងការចុះផ្ទាល់។

លោកពន្យល់ថា ដោយឡែកក្នុងអំឡុងពេលបច្ចុប្បន្ននេះ តាមបញ្ញត្តិរបស់រដ្ឋាភិបាល គឺមិនចង់ឱ្យមានការជួបជុំច្រើន អញ្ចឹងការដែលទៅរកអតិថិជនផ្ទាល់ៗ ក៏ត្រូវបានបន្ថយដែរ។ សូម្បីតែការ Boost នៅលើទំព័រហ្វេកប៊ុកផេក ក៏មិនសូវមានប្រសិទ្ធភាពដែរ ដោយសារហ្វេសប៊ុកមានមុខងារប្រាប់ថា ក្នុងអំឡុងពេលកូវីដ១៩នេះ ការBoost ត្រូវបានពន្យារដែលអាចឱ្យមានចំណាយច្រើន។

លោកបន្តថា អញ្ចឹងសកម្មភាពដែលត្រូវធ្វើគឺត្រូវផ្ញើសារទៅភ្ញៀវ ធ្វើសកម្មភាពប្រូម៉ូតផ្សព្វផ្សាយ តាមរយៈអ្នកលក់ទៅកាន់គម្រោងដោយផ្ទាល់ ដោយការថតវីដេអូឬក៏រូបភាពជាសន្លឹកៗ ដើម្បីផ្សព្វផ្សាយបញ្ជាក់ថា ស្ថានភាពបច្ចុប្បន្នគម្រោងអភិវឌ្ឍដល់ណា ច្បាស់លាស់កម្រិតណា

អគ្គនាយករូបនេះបានចែករំលែកបន្ថែមថា រាល់គម្រោងអចលនទ្រព្យទាំងឡាយណា មិនថាជាដីឡូតិ៍ឬផ្ទះល្វែងឬវីឡាទេ អោយតែជាគម្រោងរបស់ក្រុមហ៊ុនច្បាស់លាស់មានប្រវត្តិត្រឹមត្រូវ គាត់ធ្វើការផ្សព្វផ្សាយទៅកាន់អតិថិជន តាមប្រព័ន្ធទំនាក់ទំនងសង្គមគឺនៅតែមានប្រសិទ្ធភាពនៅឡើយទេ។

ទន្ទឹមនេះលោកស្រី តាំង ហួរ នាយិកាក្រុមហ៊ុនអចលនទ្រព្យ Amaktak Property Service ធ្លាប់បានមានប្រសាសន៍ថា «ម្ចាស់គម្រោងអចលនទ្រព្យនានា គួរណាតែមានការបញ្ចុះតម្លៃឱ្យបានច្រើន ឬផ្តល់ជាតម្លៃពិសេសដើម្បីឱ្យអតិថិជនបានកក់ប្រាក់។

លោកស្រីបញ្ជាក់ថា ម្ចាស់គម្រោងនានាត្រូវសម្រួលដល់ការបង់ប្រាក់ ធ្វើយ៉ាងណាឱ្យមានភាពងាយស្រួល មានន័យថា ម្ចាស់អចលនវត្ថុអនុញ្ញាតឱ្យអតិថិជនបង់តិច តែរយៈពេលយូរនោះច្បាស់ជាអាចលក់ចេញបាន”។

លោក ម៉ម សិរីបញ្ញា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Easy Property Investment ក៏បានលើកឡើងស្រដៀងគ្មាដែរថាដើម្បីលក់អចលនវត្ថុឱ្យបានមានតែការបញ្ចុះតម្លៃពិសេសនិងផ្តល់ជម្រើសបង់រំលស់សុទ្ធដោយមិនមានលុយកក់តែប៉ុណ្ណោះទើបអាចទាក់ទាញអតិថិជនឱ្យមកជាវអចលនវត្ថុនោះ៕


ចែករំលែក