ដោយ វុត្ថា
ភ្នំពេញ៖ ទាំងភោគី និងសម្បទានិកដីសង្គមកិច្ច សុទ្ធតែអាចសុំធ្វើជាម្ចាស់កម្មសិទ្ធិលើដីដែលខ្លួនកាន់កាប់បាន ក្រោយពីបានកាន់កាប់ដី ក្នុងរយៈពេល៥ឆ្នាំជាប់ៗគ្នា។
ចំណុច ដែលខុសគ្នា គឺត្រង់ថា នៅក្នុងរយៈពេលកំពុងកាន់កាប់៥ឆ្នាំនេះ ភោគី អាចផ្ទេរសិទ្ធិរបស់ខ្លួនទៅឲ្យអ្នកដ៏ទៃបាន(ដូចជា លក់ ឬធ្វើជាអំណោយនូវដីរបស់ខ្លួនបាន)។
ចំណែកសម្បទានិកដីសង្គមកិច្ចវិញ ក្នុងពេលរង់ចាំបានក្លាយជាម្ចាស់កម្មសិទ្ធិ (៥ឆ្នាំ) មិនអាចធ្វើការផ្ទេរសិទ្ធិរបស់ខ្លួនបានទេ គឺអាចមានសិទ្ធិត្រឹមតែប្រើប្រាស់ (សាងសង់លំនៅដ្ឋាន ដាំដុះ បង្កបង្កើនផល) និងអាស្រ័យផល (ជួល ប្រវាស់) តែប៉ុណ្ណោះ។
– ប្រសិនបើនៅក្នុងរយៈពេលកាន់កាប់ដីមិនទាន់គ្រប់៥ឆ្នាំ សម្បទានិកទទួលមរណភាព សម្បទានដីសង្គមកិច្ចត្រូវរលាយជាស្វ័យប្រវត្តិ ហើយដីសម្បទានត្រូវប្រគល់ទៅឲ្យរដ្ឋវិញឬក៏កូនចៅ ដែលជាទាយាទរបស់អ្នកស្លាប់នេះ អាចកាន់កាប់បន្តបាន។
សម្បទានដីសង្គមកិច្ច មិនអាចរលាយជាស្វ័យប្រវត្តិ ដោយមកពីហេតុតែសម្បទានិកទទួលមរណភាពនោះទេ។ កូនចៅ (ទាយាទ) របស់សព អាចបន្តកាន់កាប់ដីសម្បទាននេះតទៅទៀតបាន។
-នៅក្នុងករណីដែលសម្បទានដីសង្គមកិច្ច ត្រូវផ្ទេរជាមរតកទៅឲ្យកូនចៅតើរយៈពេល៥ឆ្នាំ ដែលច្បាប់តម្រូវឲ្យកាន់កាប់ ដើម្បីបានក្លាយជាម្ចាស់កម្មសិទ្ធិលើដីហ្នឹង ត្រូវចាប់ផ្តើមរាប់ឡើងវិញឬក៏អាចរាប់បន្តពីមុន?។
ចំណុចនេះ មិនមានចែងលម្អិតនៅក្នុងច្បាប់ភូមិបាល ឬអនុក្រឹតស្តីពីសម្បទានដីសង្គមកិច្ចនោះទេ។ ក៏ប៉ុន្តែតាមគោលការណ៍ទូទៅនៃច្បាប់ រយៈពេល៥ឆ្នាំត្រូវចាប់រាប់បន្ត មិនមែនរាប់ឡើងវិញនោះទេ។
មានន័យថា ប្រសិនបើសម្បទានិកកាន់កាប់បាន៣ឆ្នាំ ហើយទទួលមរណភាព ទាយាទរបស់សព អាចទទួលកាន់កាប់ដីសម្បទាននេះ រយៈពេល២ឆ្នាំទៀត រហូតគ្រប់៥ឆ្នាំ ហើយអាចសុំធ្វើជាម្ចាស់កម្មសិទ្ធិបាន៕