ដោយ វុត្ថា
ភ្នំពេញៈ ធនាគារអភិវឌ្ឍន៍ជនបទ និង កសិកម្ម បានជំរុញនិងលើកទឺកចិត្តឱ្យក្រុមហ៊ុន និងរោងម៉ាស៊ីនកិនស្រូវទាំងអស់ទិញ ស្រូវពីកសិករក្នុងតំលៃទីផ្សារ ស្រមតាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
យោងតាមសេចក្តីជូនដំណឹង ចេញផ្សាយនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២០ នេះឱ្យដឹងថា ក្រុមហ៊ុននិងរោងម៉ាស៊ីន ត្រូវទិញស្រូវពីកសិករក្នុងតំម្លៃទីផ្សារ តាមអនុវត្តអនុសាសន៍ណែនាំ និងបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាប្រកាសផ្អាកបណ្តោះអាសន្ននូវការនាំអង្ករ និងស្រូវចេញទៅក្រៅប្រទេសចាប់ពីថ្ងៃទី៥ ខែមេសាឆ្នាំ២០២០នេះ ។
សម្តេចតេជោហ៊ុន សែន នាយកដ្ឋមន្ត្រីនៃកម្ពុជាក្នុងសន្និសីទសារព័ត៌មានស្ដីពី ការតែងតាំង និងកែសម្រួលសមាសភាពសមាជិករដ្ឋាភិបាល នាថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២០ ម្សិលមិញនេះ បានប្រកាសផ្អាកនាំអង្ករ និងស្រូវចេញទៅក្រៅប្រទេស ចាប់ពីថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០២០ ខាងមុខនេះ ដើម្បីសម្រាប់ទុកផ្គត់ ផ្គង់នៅក្នុងស្រុកក្នុងអំឡុងប្រទេសកំពុងមានវិបត្តិ និងការផ្ទុះឡើងនូវជំងឺកូវីដ១៩ ។
សម្តេចតេជោបន្តថា “ការអនុវត្តចំពោះផ្អាកការនាំអង្ករ និងស្រូវចេញពីប្រទេសកម្ពុជានឹងត្រូវចាប់ផ្តើមពីវេលាម៉ោង ២៣: ៥៩ ថ្ងៃទី ៥ ខែមេសាឆ្នាំ ២០២០ ខាងមុខនេះតទៅ រហូតដល់មានបទបញ្ជាសារជាថ្មី ។ ការផ្អាកនាំចេញជាបណ្តោះអាសន្ននេះ មិនត្រូវបានអនុវត្តន៍លើការនាំចេញអង្ករក្រអូបឡើយ។

ក្រសួងពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី៣១ខែមីនានេះដែរ ក៏បានចេញសេចក្តីអំពាវនាវ ដល់ក្រុមហ៊ុន សហព័ន្ធ និងរោងម៉ាស៊ីនស្រូវអង្ករ និងពាក់ព័ន្ធទាំងអស់អនុវត្តន៍ឱ្យបាននូវអនុសាសន៍របស់ប្រមុខរដ្ឋាភិបាល ដើម្បីធានាសន្តិសុខស្បៀងក្នុងកាលទេសៈដែលប្រទេសជាតិ កំពុងតែប្រឈមនឹងការរីករាលនៃជំងឺកូវីដ១៩ និងទាក់ទទកមមកក្រសួងដើម្បីទទួលបានឥណទាន ដើម្បីធានាប្របានជាក្រតីភាព នៃការធ្វើអាជីវកម្ម ពាណិជ្ជកម្មស្រូវ-អង្កររបស់ខ្លួន៕






