ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ខុសពីបណ្តារូបភាពមួយចំនួនដែលបានចែករំលែកបន្តគ្នាថាជាគំរូនៃសំណង់អគារផ្សារទំនើប AEON3 នៅតាមបណ្តោយមហាវិថីសម្ដេចតេជោ៦០ម៉ែត្រនោះ ពេលនេះត្រូវបានប្រភពអះអាងថា មិនមែនជារូបគំរូពិតនោះទេ ខណៈដែលប្លង់សំណង់ជាផ្លូវការណ៍ត្រូវបានបង្ហាញនៅពេលនេះ។
រូបគំរូនៃប្លងសំណង់ផ្សារទំនើប AEON3 ដែលគ្រោងនឹងធ្វើការបុកគ្រឹះសាងសង់ក្នុងពេលឆាប់ៗខាងមុខនេះ ត្រូវបានប្រភពគួរឱ្យទុកចិត្តបង្ហើបប្រាប់ថា មានទំហំធំទូលាយ ជាមួយការរចនាប្លង់ហេដ្ឋារចនាសម្ព័ន្ធដែលមានលក្ខណៈល្អប្លែកពីសំណង់អគារផ្សារទំនើបAEON1 និង AEON2 និងមានផ្លូវធំ៦០ម៉ែត្រ ផ្លូវ៥០ម៉ែត្រនៅព័ទ្ធជុំវិញ។
ដោយឡែកសម្រាប់ទីធ្លាសម្រាប់ចំណតយានយន្តត្រូវបានរៀបចំ និងរចនាយ៉ាងទូលាយ ហ៊ុព័ទ្ធជុំវិញនៃតួអគារ មានច្រកចេញ-ចូល ច្រើន ដែលកាន់បង្កភាពងាយស្រួលក្នុងការធ្វើចរាចរណ៍ ព្រមគ្នាជាមួយនឹងការបង្កើតតំបន់បៃតងនៅគ្រប់ផ្លូវធំទាំងអស់។
តាមការបង្ហើបប្រាប់ឱ្យដឹងពីប្រភពខាងលើនេះបានបញ្ជាក់ថា នៅក្នុងគម្រោងសាងសង់ផ្សារទំនើប AEON3 អាចនឹងចាប់ផ្ដើមបុកគ្រឹះនៅត្រឹមពាក់កណ្តាលឆ្នាំ២០២០នេះ ប៉ុន្តែចៃដន្យដោយសារតែកើតមាននូវព្រឹត្តិការណ៍វិបត្តិជំងឺឆ្លង Covid-19 បានធ្វើឱ្យគម្រោងនៃការបុគគ្រឹះសាងសង់ពន្យាពេលទៅចុងឆ្នាំ ឬអាចដើមឆ្នាំ២០២១ ខណៈដែលសម្ភារៈសាងសង់មួយចំនួនធំត្រូវបានដឹកជញ្ជូនមកកាន់កម្ពុជារួចរាល់។
គម្រោងសាងសង់ផ្សារទំនើបដ៏ធំ AEON3 នឹងត្រូវបានធ្វើឡើងនៅលើផ្ទៃដីទំហំជាង១៧ហិកតា ស្ថិតនៅភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្បែរស្ពានថ្ម ជិតគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានបែបទំនើប និងប្រណីតភាពរបស់បុរីប៉េងហួត ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មថ្មីនៃរាជធានីភ្នំពេញ ដោយមានផ្ទៃក្រឡាសរុបរហូតដល់ទៅ ១៧៤,០០០ ម៉ែត្រការ៉េ ដែលធំជាងផលបូកផ្ទៃក្រឡាផ្សារទំនើប AEON 1 (៦៨០០០ ម៉ែត្រការ៉េ) និងផ្សារទំនើប AEON 2 ខណ្ឌសែនសុខ (១០០០០០ ម៉ែត្រការ៉េ)។
នាយិកាប្រចាំប្រទេសក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE Cambodia លោកស្រី អាន សុធីតា ធ្លាប់បានមានប្រសាសន៍តាមទូរស័ព្ទកាលពីពេលថ្មីៗនេះថា “ទីតាំងរបស់ AEON3 គឺស្ថិតនៅតំបន់ដែលមានសក្ដានុពល ជាតំបន់កំពុងមានការអភិវឌ្ឍខ្លាំងទៅលើហេដ្ឋារចនាសម្ព័ន្ធនានា ជាពិសេស ប្រមូលផ្តុំទៅលំនៅដ្ឋានជាច្រើនក្នុងពេលដ៏ខ្លីខាងមុខនេះ ខណៈពេលដែលបច្ចុប្បន្ននេះមានគម្រោងអភិវឌ្ឍន៍ជាច្រើនកំពុងតែមមាញឹកដើម្បីបញ្ចប់គម្រោង”។
ជាមួយនឹងវត្តរបស់ផ្សារទំនើប AEON3 លោកស្រីបានបង្ហាញពីភាពជឿជាក់ថា នឹងមានភាពល្អប្រសើរច្រើនជាងបញ្ហាប្រឈម ដោយសារតែផ្សារទំនើប AEON បានផ្តោតសំខាន់ទៅលើអតិថិជនកម្រិតមធ្យម ដែអាចប្រមូលចំណែកទីផ្សារមកពីតំបន់ជិតខាងបន្ថែមទៀត ដែលខុសប្លែកពីមជ្ឈមណ្ឌលពាណិជ្ជកម្ម និងផ្សារទំនើបមួយចំនួនទៀតដែលនឹងបង្ហាញខ្លួនជិតគ្នាបានជ្រើសរើសអតិថិជនកម្រិតខ្ពស់ ឬកម្រិតអភិជន។
លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal បានមានប្រសាសន៍ថា “ការមកដល់នៃក្រុមហ៊ុនលំដាប់អន្តរជាតិល្បីៗ ជាពិសេសក្រុមហ៊ុនជប៉ុន ដែលបានមកវិនិយោគនៅកម្ពុជា បានឆ្លុះបញ្ចាំងពីទំនុកចិត្ត និងបរិយាកាសវិនិយោគនៅកម្ពុជាកាន់តែល្អប្រសើរ”។ លោកឧកញ៉ាបានបន្តទៀតថា “អ្នកវិនិយោគជប៉ុនមិនងាយចូលទៅវិនិយោគ នៅប្រទេសណានោះទេ ហេតុនេះនៅពេលពួកគេទៅវិនិយោគមានន័យថា ប្រទេសនោះមានបរិយាកាសនយោបាយល្អ និងស្ថានភាពនៃការវិនិយោគមានភាពប្រសើរ ដែលអាចផ្តល់ភាពកក់ក្តៅដល់ពួកគេ”៕