ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ជាការឆ្លើយតបទៅនឹងការស្នើសុំ រាជរដ្ឋាភិបាល តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចអនុម័តលើគម្រោងវិនិយោគថ្មីៗចំនួន៧បន្ថែមទៀតឱ្យបើកដំណើរការនៅកម្ពុជា ក្រោមទំហំទឹកប្រាក់ទុនវិនិយោគសរុបជាង ១៧៤លានដុល្លារអាមេរិក និងបង្កើតឱកាសការងារបានជាង ៣ ៣០០កន្លែង។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ជាផ្លូវការណ៍តាមរយៈគណនីបណ្តាញអេឡិចត្រូនិកកាលពីយប់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ ថា តបតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុនជាតិ និងអន្តរជាតិ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួន៧ចាប់ផ្ដើមដំណើរប្រតិបត្តិការដូចខាងក្រោម ៖
១៖ ក្រុមហ៊ុន PRECISE ELECTRIC MANUFACTURING (CAMBODIA) CO., LTD បង្កើតរោងចក្រផលិត Transformer និងផ្គុំដំឡើង Switchboard ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានទុនវិនិយោគប្រមាណ ៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦៥កន្លែង។
២៖ ក្រុមហ៊ុន JU WANG FOOTWEAR CO., LTD បង្កើតរោងចក្រផលិតស្បែកជើងគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ ៦A ភូមិរវាង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម មានទុនវិនិយោគប្រមាណ ៦.១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៤០០កន្លែង។
៣៖ ក្រុមហ៊ុន IMPERIAL STAR SOLAR (CAMBODIA) CO., LTD បង្កើតរោងចក្រផលិត និងផ្គុំដំឡើងបន្ទះសូឡា ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៧.៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៩៨កន្លែង។
៤៖ ក្រុមហ៊ុន TOPEC ELECTRIC CO., LTD បង្កើតរោងចក្រផលិតខ្សែភ្លើងគ្រប់ប្រភេទ (Wires, Cables) និងផ្គុំដំឡើងសម្ភារបរិក្ខារអគ្គិសនី (Meter Box) ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានទុនវិនិយោគប្រមាណ ៨.៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥៧៩កន្លែង។
៥៖ ក្រុមហ៊ុន VISCOT PRODUCTS CO., LTD បង្កើតរោងចក្រផលិតសម្ភារៈតុបតែងសក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសម្តេចឳ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ១១.៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៦៤កន្លែង។
៦៖ ក្រុមហ៊ុន SUNDANCE INDUSTRIES CO., LTD បង្កើតរោងចក្រផលិតសំបកកង់រថយន្តគ្រប់ប្រភេទ និងគ្រឿងបង្គុំកង់រថយន្ត ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទំពាម ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣២.៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៣២កន្លែង។
៧៖ ក្រុមហ៊ុន KEPSTAR DATA CENTRE MANAGEMENT CO., LTD វិនិយោគលើការសាងសង់ និងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគចំនួន ១០២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៩០កន្លែង៕













