រដ្ឋាភិបាល​សម្រេច​អនុម័ត​លើ​គម្រោង​វិនិយោគ​ថ្មី​ចំនួន៧ មាន​ទុន​សរុប​ជាង ១៧៤លាន​ដុល្លារ

0

ដោយ ៖ រ៉ា​ណេ​ត

ភ្នំពេញ ៖ ជាការ​ឆ្លើយតប​ទៅនឹង​ការស្នើសុំ រាជរដ្ឋាភិបាល តាមរយៈ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បានសម្រេច​អនុម័ត​លើ​គម្រោង​វិនិយោគថ្មីៗចំនួន៧បន្ថែមទៀត​ឱ្យ​បើក​ដំណើរការ​នៅ​កម្ពុជា ក្រោម​ទំហំ​ទឹកប្រាក់​ទុនវិនិយោគ​សរុប​ជាង ១៧៤លាន​ដុល្លារ​អាមេរិក និង​បង្កើត​ឱកាស​ការងារ​បាន​ជាង ៣ ៣០០កន្លែង។

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានបញ្ជាក់​ជា​ផ្លូវ​ការណ៍​តាមរយៈ​គណនី​បណ្តាញ​អេឡិចត្រូនិក​កាលពី​យប់​ថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ ថា តប​តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន​ជាតិ និង​អន្តរជាតិ គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន​ចំនួន៧ចាប់ផ្ដើម​ដំណើរ​ប្រតិបត្តិការ​ដូចខាងក្រោម ៖

១៖ ក្រុមហ៊ុន PRECISE ELECTRIC MANUFACTURING (CAMBODIA) CO., LTD បង្កើត​រោងចក្រ​ផលិត Transformer និង​ផ្គុំ​ដំឡើង Switchboard ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ទទឹង ឃុំ​អន្លង់ត្នោត ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ មាន​ទុនវិនិយោគ​ប្រមាណ ៥លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៦៥កន្លែង។

២៖ ក្រុមហ៊ុន JU WANG FOOTWEAR CO., LTD បង្កើត​រោងចក្រ​ផលិត​ស្បែកជើង​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ ៦A ភូមិ​រវាង ឃុំ​ខ្នុរ​ដំបង ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម មាន​ទុនវិនិយោគ​ប្រមាណ ៦.១លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១៤០០កន្លែង។

៣៖ ក្រុមហ៊ុន IMPERIAL STAR SOLAR (CAMBODIA) CO., LTD បង្កើត​រោងចក្រ​ផលិត និង​ផ្គុំ​ដំឡើង​បន្ទះ​សូ​ឡា ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ចាស់ ឃុំ​ពេជ្រ​មុនី ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ ៧.៩លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ២៩៨កន្លែង។

៤៖ ក្រុមហ៊ុន TOPEC ELECTRIC CO., LTD បង្កើត​រោងចក្រ​ផលិត​ខ្សែភ្លើង​គ្រប់​ប្រភេទ (Wires, Cables) និង​ផ្គុំ​ដំឡើង​សម្ភារ​បរិក្ខារ​អគ្គិសនី (Meter Box) ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​សារ​វ័ន ឃុំ​ស្នា​អ​ន្សា ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ មាន​ទុនវិនិយោគ​ប្រមាណ ៨.៦លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៥៧៩កន្លែង។

៥៖ ក្រុមហ៊ុន VISCOT PRODUCTS CO., LTD បង្កើត​រោងចក្រ​ផលិត​សម្ភារៈ​តុបតែង​សក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​សម្តេច​ឳ ឃុំ​ព្រៃ​ញាតិ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ ១១.៦លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ២៦៤កន្លែង។

៦៖ ក្រុមហ៊ុន SUNDANCE INDUSTRIES CO., LTD បង្កើត​រោងចក្រ​ផលិត​សំបក​កង់​រថយន្ត​គ្រប់​ប្រភេទ និង​គ្រឿង​បង្គុំ​កង់​រថយន្ត ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ទំ​ពាម ឃុំ​តាំង​ក្រូច ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ ៣២.៩លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៣៣២កន្លែង។

៧៖ ក្រុមហ៊ុន  KEPSTAR DATA CENTRE MANAGEMENT CO., LTD វិនិយោគ​លើ​ការសាងសង់ និង​ធ្វើ​អាជីវកម្ម​មជ្ឈមណ្ឌល​ទិន្នន័យ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​គល់ សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ចំនួន ១០២លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៣៩០កន្លែង៕

LEAVE A REPLY

Please enter your comment!
Please enter your name here