អ្នកជំនាញ ៖ វិស័យអចលនទ្រព្យឆ្នាំ២០២០ ទទួលរងផលប៉ះពាល់ខ្លាំង ប៉ុន្តែនឹងវិលត្រឡប់មករកភាពល្អប្រសើរវិញក្នុងរយៈពេលដ៏ខ្លី

0

ដោយ ៖ រ៉ាណេត 

ភ្នំពេញ ៖ នៅក្នុងឆ្នាំ២០២០នេះ សម្រាប់វិស័យអចលនទ្រព្យនៅកម្ពុជាត្រូវបានអ្នកជំនាញអះអាងថាទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងវិបត្តិសេដ្ឋកិច្ចកាលពីអំឡុងឆ្នាំ២០០៨ ប៉ុន្តែភាពអវិជ្ជមានទាំងនេះ អាចនឹងវិលត្រឡប់មករកភាពល្អប្រសើរវិញក្នុងរយៈពេលដ៏ខ្លី ក្រោយពីបញ្ចប់វិបត្តិជំងឺឆ្លង Covid-19 នៅពេលខាងមុខនេះ។ 

វិស័យអចលនទ្រព្យនៅកម្ពុជាក្នុងឆ្នាំ២០២០នេះ នឹងទទួលរងនូវផលប៉ះពាល់ធ្ងន់ធ្ងរជាង់កាលពីអំឡុងឆ្នាំ២០០៨ទៅទៀត ដោយសារតែវិបត្តិមួយនេះបានជះឥទ្ធិពលយ៉ាងទូលាយ និងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះយ៉ាងខ្លាំង។ នេះបើតាមការលើកឡើងរបស់លោកស្រី អាន សុធីតា នាយិកាប្រចាំប្រទេសក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិប្រចាំនៅកម្ពុជា កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២០នេះ។ 

លោកស្រី អាន សុធីតា បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទថា “ការទទួលរងនូវផលប៉ះពាល់ទាំងអស់នេះមិនមែនកើតមានតែនៅកម្ពុជា ឬនៅក្នុងតំបន់នោះទេ ប៉ុន្តែវាបានកើតឡើងជាសាកល ដែលស្ទើរតែគ្មានប្រទេសណាមួយអាចគេចផុតនោះទេ”។ លោកស្រីបន្តថា “នៅក្នុងស្ថានការណ៍ដែលកំពុងតែទទួលរងនូវផលអវិជ្ជមាននេះ អ្វីដែលត្រូវធ្វើ សម្រាប់អ្នកស្ថិតនៅក្នុងវិស័យអចលនទ្រព្យ គឺចាំបាច់មានការរៀបចំផែនការនៃចរន្តសាច់ប្រាក់ឱ្យបានត្រឹមត្រូវ ដើម្បីត្រៀមទុកជួសជុលនូវកន្លែងខ្វះខាត និងអាចដំណើរការវិនិយោគបន្តក្រោយពេលវិបត្តិមួយនេះបានបញ្ចប់”។ 

កាលពីអំឡុងឆ្នាំ២០០៨ វិស័យអចលនទ្រព្យនៅកម្ពុជាធ្លាប់ទទួលរងនូវផលប៉ះពាល់ផងដែរ ដែលបណ្តាលមកពីវិបត្តិសេដ្ឋកិច្ចពិភពលោក ហើយត្រូវពន្យាពេលប្រមាណ៤ឆ្នាំក្នុងការជួសជុល និងស្ដារវិស័យអចលនទ្រព្យឱ្យត្រឡប់មករកភាពល្អប្រសើរវិញបាន។ 

លោកស្រី អាន សុធីតា បានអះអាងថា ផ្អែកតាមភាពជាក់ស្ដែងដែលកំពុងកើតមាននៅពេលនេះ វិស័យអចលនទ្រព្យនៅកម្ពុជាអាចនឹងរងនូវសភាពធ្ងន់ធ្ងរជាងវិបត្តិកាលពីអំឡុងឆ្នាំ២០០៨ ប៉ុន្តែការចំណាយពេលក្នុងជួសជុល និងស្ដារវិស័យមួយនេះឱ្យវិលត្រឡប់មករកសភាពដើមវិញ អាចនឹងចំណាយពេលតិច។ អ្វីដែលសំខាន់នោះត្រង់ថា ប្រសិនបើយុទ្ធនាការនៃការបញ្ចប់វិបត្តិជំងឺឆ្លង Covid-19 ត្រូវបានសម្រេចដូចការគ្រោងទុក នោះអាចនៅត្រឹមត្រីមាសទី៣នៃឆ្នាំ២០២០ បណ្តាអ្នកវិនិយោគ ក៏ដូចជាក្រុមហ៊ុនអភិវឌ្ឍន៍នានា នឹងចាប់ផ្តើមរៀបចំផែនការរបស់ខ្លួនឡើងវិញ ហើយលទ្ធផលវិជ្ជមានអាចនឹងទទួលបានត្រឡប់មកវិញក្នុងកម្រិតខ្ពស់ ដោយសារតែភាគច្រើននៃគម្រោងអភិវឌ្ឍន៍នៅក្នុងប្រទេសកម្ពុជា គឺមិនទាន់ធ្លាក់ចុះដល់កម្រិតសូន្យនោះទេ មានន័យថា ទាំងចរន្តនៃការវិនិយោគ ក៏ដូចជាសកម្មភាពអភិវឌ្ឍន៍លើគម្រោងធំៗនឹងចាប់ដំណើរការឡើងវិញ ហើយក្នុងនោះ អ្នកអភិវឌ្ឍន៍ក្នុងស្រុកក៏ជាចំណែកមួយយ៉ាងសំខាន់នៅក្នុងការចូលរួមធ្វើឱ្យវិស័យអចលនទ្រព្យកម្ពុជាមានភាពល្អប្រសើរឡើងវិញផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here