ដោយ វុត្ថា
ភ្នំពេញ៖ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូនឯកឧត្តម ស៊ុន ចាន់ថុល បានប្រកាសជាសាធារណៈជាបន្តបន្ទាប់ថា នឹងដាក់ឲ្យដំណើរការកាណូតដឹកអ្នកដំណើរតាមផ្លូវទឹក ជាលើកដំបូងក្នុងប្រទេសកម្ពុជាឲ្យបានមុនចូលឆ្នាំខ្មែរខាងមុខនេះ ក្រុមការងារក្រសួងកំពុងពន្លឿងការសាងសង់ចំណតកំពង់ផែរដឹកជញ្ជូនដើម្បីអោយសម្រេចតាមផែនការ។
លោកចាន់ តារា អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូននៃក្រសួងសាធារណៈការ និងដឹកជញ្ជូន បានថ្លែងគូសបញ្ជាក់កាលពីថ្ងៃម្សិលម៉ិញនេះថា ក្រុមការងារកំពុងសាងសង់ចំណតកំពផែទាំង៥ទីតាំងព្រមគ្នា ដើម្បីឲ្យបានសម្រេចតាមផែនកា រនៃការគ្រោងទុករបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន ដែលបានកំណត់ដាក់អោយដំណើរការមុនចូលឆ្នាំខ្មែរមកដល់។
លោកបន្តថា ការសាងសង់នេះទៀតសោត មានការលំបាកបន្តិសម្រាប់ក្រុមការងារ ដោយតែការសាងសង់នៅលើទឹក មិនមែនជាសាងសង់នៅលើគោកនោះទេ។ យ៉ាងណាក៏ដោយលោកមិនទាន់ហ៊ានវាយតម្លៃ ចំពោះការចំណាយអស់ថវិកាប៉ុន្មានក្នុងការសាងសង់នោះទេ ព្រោះចំណតកំពង់ផែទាំង៥ទីតាំងនេះ មានទំហំខុសៗគ្នា ហើយនៅពេលសាងសង់រួចរាល់ក្រសួងនឹងប្រកាសពីការចំណាយថវិកាអស់ប៉ុន្មានក្នុងការសាងសង់នេះ។
លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងកាលពីពេលថ្មីៗនេះថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គ្រោងដាក់ឱ្យដំណើរការការដឹកអ្នកដំណើរទៅមក ព្រែកព្នៅ ភ្នំពេញ តាខ្មៅ នៅថ្ងៃទី៦ ខែមេសា ខាងមុខនេះ ដែលជាប្រវត្តិសាស្ត្រលើកដំបូង របស់កម្ពុជាដើម្បីចូលរួមចំណែក កាត់បន្ថយការកកស្ទះចរាចរណ៍តាមផ្លូវគោក និងបង្កើនសុវត្ថិភាពចរាចរណ៍ដល់អ្នកធ្វើដំណើរ ចូល-ចេញ និងឆ្លងកាត់រាជធានីភ្នំពេញជារៀងរាល់ថ្ងៃ។
លោកបន្តថា ការដាក់ដំណើរការ លើកដំបូងនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៨ ខាងមុខនេះ នឹងមានទូកដឹកអ្នកដំណើរ ចំនួន៣គ្រឿង ក្នុងនោះ២គ្រឿង ជាទូករបស់ក្រុមហ៊ុន Royal Express Boat អាចផ្ទុកមនុស្ស ៦០នាក់ និង៣គ្រឿងទៀត ជាទូករបស់កំពង់ផែស្វយ័តភ្នំពេញ ដែលកំពុងសាងសង់អាចផ្ទុកបាន ៥៤នាក់ បំពាក់ដោយម៉ាស៊ីនត្រជាក់ និងពោងសុវត្ថិភាព។ ជាមួយទូក៣គ្រឿងជាជំហ៊ានដំបូងនេះ នឹងធ្វើចរាចរណ៍ផ្តល់សេវា ចេញដំណើរពីព្រែកព្នៅទៅក្រុងតាខ្មៅ ចម្ងាយសរុបប្រមាណ២៥គីឡូម៉ែត្រ ចំណាយពេលវេលាជាមធ្យម៣៤នាទី មានចំណតផែចំនួន៥ រួមមាន ចំណតផែព្រែកព្នៅ ទីលានប្រជាធិបតេយ្យថ្មី ផ្សាររាត្រី កោះពេជ្រ និងក្រុងតាខ្មៅ។
លោកទេសរដ្ឋមន្ត្រី សង្ឃឹមយ៉ាងមុតមាំថា ការដឹកជញ្ជូនអ្នកដំណើរតាមផ្លូវទឹកនេះ នឹងបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងដំណោះស្រាយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងធ្វើឲ្យចំណេញពេលវេលា និងចូលរួមកាត់បន្ថយការភាពក្រីក្រជូនប្រជាពលរដ្ឋផងដែរ៕