ដោយៈ រ៉ាណេត
កណ្តាលៈ អភិបាលខេត្តកណ្តាលលោកគង់ សោភ័ណបានអះអាងថា ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី កំពុងតែបន្តមានសកម្មភាពសាងសង់ទៅតាមផែនការ ដែលបច្ចុប្បន្ននេះ ការសាងសង់ស្ថិតនៅក្នុងដំណាក់ដំបូង។

លោក គង់ សោភ័ណ្ឌ បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីល្ងាចថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ថា បច្ចុប្បន្ននេះ សកម្មភាពនៃការសាងសង់ នៃគម្រោងដ៏ធំនៃព្រលានយន្តហ៉អន្តរជាតិភ្នំពេញថ្មី កំពុងតែមានសកម្មភាពធម្មតា មិនមានអាក់ខាន ឬជាប់គាំងនោះទេ។
លោកបានបញ្ជាក់ថា “សព្វថ្ងៃនេះ ក្រៅពីមានការអភិវឌ្ឍទៅលើហេដ្ឋារចនាសម្ព័ន្ធនានារបស់រដ្ឋាភិបាលកម្ពុជា ការអភិវឌ្ឍន៍របស់វិស័យឯកជន ជាពិសេសវិស័យអចលនទ្រព្យស្ទើរទូទាំងខេត្តកណ្តាលកំពុងមានភាពរីកចម្រើន។លោកបន្តថា “សម្រាប់គម្រោងសាងសង់ព្រលានយន្ដហោះភ្នំពេញថ្មី ក៏នៅតែបន្តសកម្មភាពទៅតាមគម្រោង និងផែនការរបស់ពួកគាត់។
លោកបានបន្តទៀតថា ក្នុងនាមជាអាជ្ញាធរ មានការសាទរទៅលើគម្រោងអភិវឌ្ឍន៍ដ៏ធំដែលមានទំហំវិនិយោគយ៉ាងសន្ធឹកសន្ធាប់មួយនេះ ហើយក៏លើកទឹកចិត្តដល់បណ្តាអ្នកវិនិយោគ និងអភិវឌ្ឍន៍ក្នុងវិស័យនានា ឱ្យចូលមកកាន់ទឹកដីខេត្តកណ្តាលបន្ថែមទៀត ដើម្បីបានចូលរួមចំណែកនៅក្នុងកិច្ចអភិវឌ្ឍដល់សង្គមជាតិ បង្កើនចំណូលដល់សេដ្ឋកិច្ច ក៏ដូចជាអាចចូលរួមសម្រួល ដល់កម្រិតជីវភាពរបស់ប្រជាជន ក្នុងតំបន់ឱ្យកាន់តែល្អប្រសើរ។
ព្រលានយន្តហោះភ្នំពេញថ្មី គឺជាគម្រោងអភិវឌ្ឍន៍ដ៏ធំមួយរបស់កម្ពុជា នឹងត្រូវសាងសង់នៅលើផ្ទៃដីទំហំ២៦០០ហិកតា ដែលវិនិយោគដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) មានតម្លៃប្រមាណ១៥០០លានដុល្លារ ដោយដំណាក់កាលទី១ នឹងត្រូវបញ្ចប់ការសាងសង់ក្នុងឆ្នាំ២០២៣ ក្រោមការចេញប្លង់សាងសង់ដោយក្រុមហ៊ុន Foster & Partners ដែលជាក្រុមហ៊ុនល្បីល្បាញមួយនៅលើពិភពលោក។
អាកាសយានដ្ឋានថ្មីនេះ ត្រូវបានរចនាឡើងលំដាប់ថ្នាក់ 4F ជាអាកាសយានដ្ឋានធំបំផុតលំដាប់ទី៩ នៅក្នុងពិភពលោក ដែលស្ថិតនៅលំដាប់ពីក្រោយអាកាសយានដ្ឋាន Chicago O’Hare និងលំដាប់មុខអាកាសយានដ្ឋានអន្តរជាតិ ទីក្រុងប៉េកាំងរបស់ប្រទេសចិន។ នៅពេលសាងសង់ចប់ អាកាសយានដ្ឋានថ្មីនេះ នឹងសមត្ថភាពទទួលយន្តហោះដឹកជញ្ជូនធុនធ្ងន់ផ្លូវឆ្ងាយ។
អ្នកឧកញ៉ាពុង ឃាវសែ អគ្គនាយកនៃក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC) ធ្លាប់បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានកាលពីពេលថ្មីៗនេះថា រហូតមកទល់ពេលនេះ ដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី កំពុងស្ថិតក្នុងដំណាក់បុកគ្រឹះ ដើម្បីធ្វើផ្លូវសម្រាប់យន្តហោះ។
អ្នកឧកញ៉ាបន្តថា “ដំណើរការសាងសង់ព្រលានបច្ចុប្បន្ន មិនសូវមានឧបសគ្គពីប្រជាពលរដ្ឋដែលជាម្ចាស់ដីប៉ុន្មានទេ ហើយខ្ញុំជឿជាក់ថា បើសិនជាដំណើរការប្រមូលដីធ្លីបន្តគ្មានឧបសគ្គ ប្រលានយន្តហោះនេះ នឹងសាងសង់រួចរាល់យ៉ាងប្រាកដនៅត្រឹមឆ្នាំ២០២៣ ខាងមុខនេះ”៕






