ម៉ាស និង​ទឹក​អាល់កុល​ចំនួន១លាន​ត្រូវបាន​ត្រៀម​ក្នុងការ​ប្រ​យុ​ទ្ធប្រឆាំងជំងឺ Covid-19 នៅ​កម្ពុជា

0

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានសម្រេច​ដាក់ចេញ​ផែនការ​ថ្មី​ដោយ​បង្កើត​ស្តុក​រាជរដ្ឋាភិបាល ដោយ​តម្រូវឱ្យ​ស្តុក​នូវ​ម៉ាស​ចំនួន១លាន​ម៉ាស​សម្លៀកបំពាក់​គ្រូពេទ្យ ៥ពាន់​កំ​ប្លេ ម៉ាស N95 ៥ពាន់​ម៉ាស និង​ទឹក​អាល់កុល​ចំនួន១លាន​លីត្រ​ទុក​ប្រើប្រាស់ ក្នុងករណី​មានការ​វិវឌ្ឍន៍​មិនល្អ​ណាមួយ លើ​ស្ថានភាព​ជំងឺ Covid-19 ។

តាមរយៈ​សារ​សំឡេង​បទបញ្ជា ទៅកាន់​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ  Covid-19 កាលពី​ថ្ងៃ​ចុង​សប្ដាហ៍​កន្លងទៅនេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់ថា បើទោះបីថា​ស្ថាន​ការ​វិវឌ្ឍន៍ នៃ​ការរីក​រាលដាល​ជំងឺ Covid-19 នៅ​កម្ពុជា​នាពេល​បច្ចុប្បន្ន មិន​ស្ថិតក្នុង​ស្ថានភាព​អាក្រក់​យ៉ាងណាក្តី តែ​ដើម្បី​ប្រាកដថា កម្ពុជា​មិន​ជួប​បញ្ហា​ខ្វះ​ម៉ាស សម្លៀកបំពាក់ និង​ទឹក​អាល់កុល​សម្រាប់​ក្រុមគ្រូពេទ្យ ប្រើប្រាស់​ត្រូវបង្កើត​នូវ​ស្តុក​មួយ​សម្រាប់​រាជរដ្ឋាភិបាល។

សម្តេច​តេ​ជោ​សង្កត់ធ្ងន់ថា “នេះ​ជាការ​ចាំបាច់ ព្រោះ​យើង​មិន​អាចឱ្យ​គ្រូពេទ្យ​ណា​ម្នាក់​ឆ្លង​ព្រោះតែ​ខ្វះ​ការទទួលខុសត្រូវ​រប​ស់​យើង​នោះទេ។ សម្តេច​បន្តថា “ឥឡូវនេះ​ខ្ញុំ​សូម​ចេញ​នូវ​បទបញ្ជា​បន្ថែម គឺ​យើង​ត្រូវ​មានការ​ស្តុក​បម្រុង របស់​រាជរដ្ឋាភិបាល​មួយកម្រិត​ទៀត។ ទាំង​ម៉ាស​សម្លៀកបំពាក់​សម្រាប់​គ្រូពេទ្យ និង​ទឹក​អាល់កុល​នៅពេល​ប្រើ​អស់ គឺ​ត្រូវ​ផលិត​យកមក​បំពេញបន្ថែម​ភ្លាម។

បច្ចុប្បន្ននេះ​កម្ពុជា មាន​រោងចក្រ​មួយ​ដេរ​ម៉ាស សម្រាប់តែ​ប្រទេស​ក​ម្ពូ​ជា​តែម្ដង​ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​ខេត្ត​ព្រះសីហនុ ដែល​អាចមាន​សម​ត្ថិ​ភាព​ផលិត​បាន​ក្នុង​រង្វង់១,២លាន ហើយនឹង​បង្កើន​សមត្ថភាព​ផលិត​ឱ្យបាន​ច្រើនជាង​នេះ បន្ទាប់ពី​យើង​នាំចូល​មកពី​ខាងក្រៅ។  ក្រៅពី​រោងចក្រ​ផលិត​ម៉ាស កម្ពុជា​ក៏មាន​រោងចក្រ​ផលិត​ទឹក​អាល់កុល (រោងចក្រ SKD) រួម​ជាមួយនឹង​រោងចក្រ​ផ្សេង​មួយទៀត ដើម្បី​ផលិត​បំពេញ​តាម​តម្រូវការ​ប្រើប្រាស់​ចាំបាច់ របស់​មន្ត្រី​ផ្នែក​សុខាភិបាល​ក្នុង​ទំហំ​ប្រមាណ៥០០០ លីត្រ​ក្នុង​មួយថ្ងៃ ខណៈដែល​តម្រូវការ​ជាក់ស្ដែង នៅ​ទូទាំងប្រទេស​មាន​ចំនួន​ច្រើនជាង​នេះ។

ពាក់ព័ន្ធ​ទៅនឹង​តម្រូវការ​ផ្នែក​សម្ភារៈ និង​បរិក្ខា​ពេទ្យ កម្ពុ​ជាមាន​រោងចក្រ​ចំនួន២ដំណើរ​ការផលិត ដោយ​រោងចក្រ​ចំនួន១ស្ថិតនៅក្នុង​ខេត្តកំពង់ចាម និង​មួយកន្លែង​ទៀត ស្ថិតនៅ​ខេត្តស្វាយរៀង ប៉ុន្តែ​សម្រាប់​សម្ភារៈ​ផ្សេងទៀត​ដូចជា​របាំងមុខ និង​មួក​មួយចំនួន​ចាំបាច់​នាំចូល​មកពី​ក្រៅ​ស្រុក៕

LEAVE A REPLY

Please enter your comment!
Please enter your name here