ដោយៈ រ៉ាណេត
ភ្នំពេញៈ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចដាក់ចេញផែនការថ្មីដោយបង្កើតស្តុករាជរដ្ឋាភិបាល ដោយតម្រូវឱ្យស្តុកនូវម៉ាសចំនួន១លានម៉ាសសម្លៀកបំពាក់គ្រូពេទ្យ ៥ពាន់កំប្លេ ម៉ាស N95 ៥ពាន់ម៉ាស និងទឹកអាល់កុលចំនួន១លានលីត្រទុកប្រើប្រាស់ ក្នុងករណីមានការវិវឌ្ឍន៍មិនល្អណាមួយ លើស្ថានភាពជំងឺ Covid-19 ។
តាមរយៈសារសំឡេងបទបញ្ជា ទៅកាន់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា បើទោះបីថាស្ថានការវិវឌ្ឍន៍ នៃការរីករាលដាលជំងឺ Covid-19 នៅកម្ពុជានាពេលបច្ចុប្បន្ន មិនស្ថិតក្នុងស្ថានភាពអាក្រក់យ៉ាងណាក្តី តែដើម្បីប្រាកដថា កម្ពុជាមិនជួបបញ្ហាខ្វះម៉ាស សម្លៀកបំពាក់ និងទឹកអាល់កុលសម្រាប់ក្រុមគ្រូពេទ្យ ប្រើប្រាស់ត្រូវបង្កើតនូវស្តុកមួយសម្រាប់រាជរដ្ឋាភិបាល។
សម្តេចតេជោសង្កត់ធ្ងន់ថា “នេះជាការចាំបាច់ ព្រោះយើងមិនអាចឱ្យគ្រូពេទ្យណាម្នាក់ឆ្លងព្រោះតែខ្វះការទទួលខុសត្រូវរបស់យើងនោះទេ។ សម្តេចបន្តថា “ឥឡូវនេះខ្ញុំសូមចេញនូវបទបញ្ជាបន្ថែម គឺយើងត្រូវមានការស្តុកបម្រុង របស់រាជរដ្ឋាភិបាលមួយកម្រិតទៀត។ ទាំងម៉ាសសម្លៀកបំពាក់សម្រាប់គ្រូពេទ្យ និងទឹកអាល់កុលនៅពេលប្រើអស់ គឺត្រូវផលិតយកមកបំពេញបន្ថែមភ្លាម។
បច្ចុប្បន្ននេះកម្ពុជា មានរោងចក្រមួយដេរម៉ាស សម្រាប់តែប្រទេសកម្ពូជាតែម្ដងដែលមានទីតាំងស្ថិតនៅក្នុងខេត្តព្រះសីហនុ ដែលអាចមានសមត្ថិភាពផលិតបានក្នុងរង្វង់១,២លាន ហើយនឹងបង្កើនសមត្ថភាពផលិតឱ្យបានច្រើនជាងនេះ បន្ទាប់ពីយើងនាំចូលមកពីខាងក្រៅ។ ក្រៅពីរោងចក្រផលិតម៉ាស កម្ពុជាក៏មានរោងចក្រផលិតទឹកអាល់កុល (រោងចក្រ SKD) រួមជាមួយនឹងរោងចក្រផ្សេងមួយទៀត ដើម្បីផលិតបំពេញតាមតម្រូវការប្រើប្រាស់ចាំបាច់ របស់មន្ត្រីផ្នែកសុខាភិបាលក្នុងទំហំប្រមាណ៥០០០ លីត្រក្នុងមួយថ្ងៃ ខណៈដែលតម្រូវការជាក់ស្ដែង នៅទូទាំងប្រទេសមានចំនួនច្រើនជាងនេះ។
ពាក់ព័ន្ធទៅនឹងតម្រូវការផ្នែកសម្ភារៈ និងបរិក្ខាពេទ្យ កម្ពុជាមានរោងចក្រចំនួន២ដំណើរការផលិត ដោយរោងចក្រចំនួន១ស្ថិតនៅក្នុងខេត្តកំពង់ចាម និងមួយកន្លែងទៀត ស្ថិតនៅខេត្តស្វាយរៀង ប៉ុន្តែសម្រាប់សម្ភារៈផ្សេងទៀតដូចជារបាំងមុខ និងមួកមួយចំនួនចាំបាច់នាំចូលមកពីក្រៅស្រុក៕






