ដោយវុត្ថា
ភ្នំពេញ៖ គម្រោងបែងចែកដីសម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជំហាន៣ (LASED-III) នឹងបន្តការគាំទ្រសម្បទានដីសង្គមកិច្ច នៅថ្នាក់ឃុំ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលគម្រោងជំហានដំបូង និងជំហាន២ បាន និងកំពុងផ្តល់ជូនគ្រួសារក្រីក្រដែលគ្មានដីសង់លំនៅដ្ឋាន។ នេះ បើតាមក្រសួងសៀបចំដែនដីគនរូបនីយកម្ម និងសំណង់ បានឱ្យដឹងថានៅថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២០។

គម្រោងជំហាន៣ ក៏នឹងជួយគាំទ្រដល់សហគមន៍ជនជាតិដើមភាគតិច ដែលជាកម្មវិធីរបស់រារដ្ឋាភិបាលផងដែរ តាមរយៈ ការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច (ICLT) និងការផ្តល់សម្បទានដីសង្គមកិច្ច (SLC) ជាមួយនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសហគមន៍ និងពង្រីកមុខរបរចិញ្ចឹមជីវិត។ ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ (MLMUPC) គឺជាស្ថាប័នដឹកនាំការអនុវត្តគម្រោងមួយនេះ រីឯក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងស្ថាប័នថ្នាក់ក្រោមជាតិក្នុងខេត្តគោលដៅ ជាភាគីអនុវត្តន៍។
គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន៣ នឹងគាំទ្រសកម្មភាពសម្រាប់សម្បទានដីសង្គមកិច្ច (SLC) នៅក្នុងទីតាំង ១៤ កន្លែងដែលមានស្រាប់ និងទីតាំងថ្មីប្រមាណ ១៥ កន្លែងផ្សេងទៀត ។ ដោយទ្បែក សម្រាប់សហគមន៍ជនជាតិដើមភាគតិច គឺសម្រាប់តែសហគមន៍ចំនួន ៣០ ដែលបានទទួលបណ្ណ័កម្មសិទ្ធិដីសហគមន៍រួចហើយ និងសហគមន៍ជនជាតិដើមភាគតិច ចំនួន ១៥ ផ្សេងទៀត បានដាក់ពាក្យសុំមកក្រសួងដែនដី ប៉ុន្តែមិនទាន់បានទទួលទទួលបណ្ណ័កម្មសិទ្ធិដីសហគមន៍នៅឡើយ។
LASED-III ជាគម្រោងថ្នាក់មូលដ្ឋាន នឹងជួយគាំទ្រដល់ការអនុវត្តសកម្មភាពនានា នៅក្នុងបណ្តាខេត្តជាច្រើនក្នុងប្រទេសកម្ពុជា ប៉ុន្តែគេរំពឹងថា ខេត្តទាំងឡាយដែលត្រូវផ្តល់សម្បទានដីសង្គមកិច្ចថ្មី (SLC) និងការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច (ICLT) នឹងត្រូវគ្របដណ្តប់នៅក្នុងខេត្តភូមិភាគឦសាន្តចំនួន៦។ តំបន់ទាំងនោះជាខេត្តដែលមានដង់ស៊ីតេប្រជាជនទាប ក្នុងនោះមានជនជាតិដើមភាគតិចប្រហែល ១៤% ប៉ុន្តែ ៦០% នៅក្នុងខេត្តរតនគិរី និង ៤៦% នៅក្នុងខេត្តមណ្ឌលគីរី ដែលជាតំបន់ខ្ពង់រាបភូមិភាគឦសាន្ត៕






