ដោយ ហ្សូលី
ភ្នំពេញៈ ការស្ថាបនាស្ពានអាកាសបត់ឆ្វេងមួយខ្សែថ្មី នៅលើស្ពានអាកាសក្បាលថ្នល់ បានបញ្ចប់ការសាងសង់ជាស្ថាពរ នៅថ្ងៃទី១២ មេសា ឆ្នាំ ២០២០នេះ ខណៈរដ្ឋាភិបាល មិនទាន់ប្រកាសពីថ្ងៃដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅឡើយទេ។

ប្រធានមន្ទីរសារធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ បានមានប្រសាសន៍ថា ការស្ថាបនាស្ពានអាកាសបត់ឆ្វេងមួយខ្សែថ្មី នៅជាប់នឹងស្ពានអាកាសក្បាលថ្នល់ចាស់ សម្រេចបាន ១០០%ហើយ ដោយនៅរង់ចាំតែពេលវេលាជាក់លាក់ដើម្បីបើកអោយធ្វើដំណើរឆ្លងកាត់តែប៉ុណ្ណោះ។
លោកបន្តទៀតថា «បើតាមគម្រោង ស្ពានអាកាសបត់ឆ្វេងមួយខ្សែថ្មី នៅជាប់នឹងស្ពានអាកាសក្បាលថ្នល់ចាស់នេះ គ្រោងនឹងដាក់អោយដំណើរការ ជូនប្រជាពលរដ្ឋបានឆ្លងកាត់នៅក្នុងខែមេសានេះហើយ។
គម្រោងនេះស្ថាបនាដោយក្រុមហ៊ុន OCIC ហើយការស្ថាបនាស្ពានអាកាសបត់ឆ្វេងខ្សែទី១នេះ គឺក្នុងគោលបំណងជួយសម្រួល ដល់ការធ្វើដំណើរនិងកាត់បន្ថយការកកស្ទះចរាចរណ៍។
ស្ពានអាកាសក្បាលថ្នល់តភ្ជាប់ពីមហាវិថីព្រះមុនីវង្ស ទៅមហាវិថីព្រះនរោត្តមមានប្រវែង៧៧ ម៉ែត្រ ពីផ្លូវដីដល់គល់ស្ពានក្បាលថ្នល់ និងពីគល់ស្ពានដល់ស្ពានអាកាសចាស់១២៣ម៉ែត្រសរុប២០០ម៉ែត្រ។ ស្ពាននេះមានទទឹង៧,៥ម៉ែត្រពីមហាវិថីព្រះមុនីវង្សបត់ឆ្វេងឡើងស្ពានឆ្ពោះទៅមហាវិថីព្រះនរោត្តម។
បច្ចុប្បន្ននេះនៅក្នុងរាជធានីភ្នំពេញ មានស្ពានអាកាសចំនួន៦កន្លែងហើយ គឺស្ពានអាកកាសក្បាលថ្នល់ស្ពានអាកាសស្ទឹងមាន ជ័យស្ពានអាកាស៧មករា ស្ពានអាកាស៥មករា ស្ពានអាកាសស្តុបផ្សារដីហុយ និងស្ពានអាកាសចោមចៅ ដែលស្ពាននេះក្រុមការងារបាន និងកំពុងបើកការដ្ឋានស្ថាបនាយ៉ាងញាប់ដៃញាប់ជើង ដូចស្ពានអាកកាសក្បាលថ្នល់នេះដែរ៕






