ការសិក្សា៖ ការលក់​អចលនទ្រព្យ​នៅក្នុង​ប្រទេស​ចិន​បានចាប់ផ្តើម​ហក់​ឡើងវិញ

ចែករំលែក

ដោយ វុត្ថា

ប៉េកាំងៈ របាយការណ៍​មួយ​បង្ហាញថា ការលក់​អចលនទ្រព្យ​នៅក្នុង​ប្រទេស​ចិន​មានការ​កើនឡើង​គួរឱ្យកត់សម្គាល់ នៅក្នុង​ខែមីនា ស្របពេល​ដែល​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច បន្ទាប់ពី​ការផ្ទុះ​ឡើង​នៃ​មេរោគ​ថ្មី​នៅក្នុង​ប្រទេស​ចិន។

តាម​ការស្ទង់មតិ ដែល​បាន​ធ្វើឡើង​ជាមួយ​ថ្នាក់ដឹកនាំ​ ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យធំៗចំនួន១០០នាក់​បាន​បង្ហាញថា ការលក់​អចលនទ្រព្យ​របស់​ពួកគេ មានការ​កើនឡើង​ប្រមាណ១៣៦,២ភាគរយ​នៅក្នុង​ខែមីនា ប៉ុន្តែ​នៅតែ​ធ្លាក់ចុះ១៧ភាគរយ​បើ​ធៀប​រយៈពេល​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ។

យោងតាម​ទិន្នន័យ​ពី​វិទ្យាស្ថាន​ស្រាវជ្រាវ​អចលនទ្រព្យ​បានឱ្យដឹងថា  ការលក់​កិច្ចសន្យា​របស់​ក្រុមហ៊ុន Country Garden  ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ដ៏​ធំ​បំផុត​របស់​ប្រទេស​ចិន​បាន​បង្ហាញថា ក្រុមហ៊ុន​នេះ​បាន​លក់​អចលនទ្រព្យ​ចេញ បើ​គិត​ជា​ទឹកប្រាក់​មាន​រហូតដល់៦៦ពាន់​លាន​យន់ (ប្រហែល ៩,៣៨ ពាន់​លាន​ដុល្លារ​អាមេរិក) នៅក្នុង​ខែមីនា។

ក្រុមហ៊ុន​អភិវឌ្ឍន៍​ចិន​ដ៏​ធំ​មួយ​ផ្សេងទៀត គឺ​ក្រុមហ៊ុន China Merchants Shekou Industrial Zone Holdings Co. , Ltd បានឱ្យដឹង​ង​ដែរ​ថា ការលក់​ក្នុង​ខែមីនា​របស់ខ្លួន​បាន​កើនឡើង២២,១ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ដែល​សម្រេចបាន​ទឹកប្រាក់​ដល់២១,៧៤ ពាន់​លាន​យន់។

វិទ្យាស្ថាន​ស្រាវជ្រាវ​អចលនទ្រព្យ (CRIC) បាន​និយាយថា ទោះបីជា​មានការ​រីក​រា​ល​ដាល​នៃ Covid-19 ដែល​បង្ក​ផលប៉ះពាល់​លើ​ការលក់  ការចែក​ចាយ និង​ការទូទាត់​របស់​សហគ្រាស​លំនៅដ្ឋាន​ក៏ដោយ ក៏​លទ្ធផល​ទីផ្សារ​បច្ចុប្បន្ន កំពុង​ងើបឡើង​វិញ​ជាបណ្តើរ។

CRIC ថា ដើម្បី​សម្រេចបាន​នូវ​គោលដៅ​លក់​សម្រាប់​ឆ្នាំ២០២០ ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​នានា គួរតែ​យកចិត្តទុកដាក់​បន្ថែម​ទៀត ចំពោះ​យុទ្ធសាស្ត្រ​ទីផ្សារ រួមមាន​ការបើក​បណ្តា​ញ​លក់ តាមរយៈ​ការរួមបញ្ចូល​គ្នា នៃ​វិធីសាស្ត្រ​តាម​អ៊ិន​ធរ​ណេ​ត និង​ក្រៅ​បណ្តាញ​ដើម្បី​ទាក់ទាញ​អតិថិជន​កាន់តែច្រើន៕


ចែករំលែក