ដោយៈ រ៉ាណេត
កណ្តាលៈ វិស័យហេដ្ឋារចនាសម្ព័ន្ធនានានៅទូទាំងខេត្តកណ្តាល ដែលក្នុងនោះការអភិវឌ្ឍទៅលើវិស័យលំនៅដ្ឋាន ត្រូវបានលោកអភិបាលខេត្តទទួលស្គាល់ថា ពិតជាមានភាពរីកចម្រើនខ្លាំង និងកើតមានស្ទើរទូទាំងខេត្ត ជាពិសេសនៅតាមតំបន់ដែលព័ទ្ធជុំវិញរាជធានីភ្នំពេញ។
លោកអភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះ ដោយបានទទួលស្គាល់ថា ស្ទើរតែគ្រប់តំបន់នៅក្នុងខេត្តកណ្តាល ជាពិសេសនៅតាមតំបន់មួយចំនួន ដែលស្ថិតនៅហ៊ុព័ទ្ធជុំវិញរាជធានីភ្នំពេញ គឺកំពុងតែមានសក្ដានុពលក្នុងការវិនិយោគ និងអភិវឌ្ឍក្នុងវិស័យសំណង់គួរឱ្យកត់សម្គាល់ ដែលក្នុងនោះវិស័យលំនៅដ្ឋានកម្រិតមធ្យម និងសមរម្យបានដើរតួឈានមុខគេ ស្របពេលដែលកំណើន នៃចំនួនប្រជាជនបានកើនឡើងរហូតដល់ជាង១លាននាក់។
-->
លោកបន្តថា “ក្រៅពីក្រុងតាខ្មៅ ដែលជាមណ្ឌលពាណិជ្ជកម្មប្រចាំខេត្ត គម្រោងអភិវឌ្ឍន៍ក្នុងវិស័យលំនៅដ្ឋានជាច្រើន បានបង្ហាញវត្តមាននៅតាមតំបន់ដែលមានសក្ដានុពលនានា ជាពិសេសតំបន់ដែលស្ថិតនៅព័ទ្ធជុំវិញរាជធានីភ្នំពេញ។ លោកបានបន្តទៀតថា “ភាពរីកចម្រើននិងអភិវឌ្ឍន៍ទាំងអស់នេះ កើតឡើងដោយសារតែភាពល្អប្រសើរនៃកំណើនសេដ្ឋកិច្ចជាតិ ក៏ដូចជាក្នុងតំបន់ជ្រកក្រោមម្លប់សន្តិភាព ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ R Investment Group លោកឧកញ៉ា តេង រិទ្ធី បានមានប្រសាសន៍ឲ្យដឹងក្នុងថ្ងៃដដែលថា បច្ចុប្បន្ននេះ ស្ទើរតែគ្រប់តំបន់ទូទាំងខេត្តកណ្តាល សុទ្ធតែមានសក្ដានុពល ស្របពេលដែលគម្រោងនៃការអភិវឌ្ឍជាច្រើន ត្រូវបានចាប់អនុវត្ត។
លោកឧកញ៉ាបានបន្តទៀតថា“ក្រៅពីតំបន់កណ្តាលក្រុងតាខ្មៅ ដែលកំពុងតែមានសកម្មភាពអភិវឌ្ឍន៍ ទៅលើហេដ្ឋារចនាសម្ព័ន្ធរបស់រាជរដ្ឋាភិបាល និងគម្រោងអភិវឌ្ឍន៍វិស័យសំណង់ រួមមានគម្រោងលំនៅដ្ឋានកម្រិតមធ្យមនិងកម្រិតខ្ពស់ ក៏មានគម្រោងសាងសង់អគារពាណិជ្ជកម្មមួយចំនួនផងដែរ។
លោកឧកញ៉ាបានបន្តថា តំបន់ដែលត្រូវបានក្លាយជាគោលដៅវិនិយោគ ក្នុងវិស័យលំនៅដ្ឋាន រួមមានតំបន់ជាយក្រុងតាខ្មៅដូចជាតំបន់ព្រែកហូរ ព្រែកកំពឺស និងតំបន់ស្ថិតតាមបណ្តោយផ្លូវជាតិលេខ ២១A (ស្រុកស្អាង) ហើយក្រៅពីនេះនៅចមានតំបន់ផ្លូវជាតិលេខ២ (ម្ដុំរង្វង់មូលគួរស្រូវ) តំបន់ផ្លូវជាតិលេខ៣ ស្ថិតក្នុងស្រុកកណ្តាលស្ទឹង តំបន់ផ្លូវជាតិលេខ៤ ក្នុងស្រុកអង្គស្នួល តំបន់ផ្លូវជាតិលេខ៥ ស្រុកពញាឮ តំបន់ផ្លូវជាតិលេខ៦ ស្រុកមុខកំពូល និងតំបន់ផ្លូវជាតិលេខ១ ស្ថិតនៅក្នុងស្រុកកៀនស្វាយ។
ជាមួយគ្នានេះ លោកឧកញ៉ាឡាយ លន់ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Black Eagle International Co.,Ltd ធ្លាប់បានបង្ហាញពីសក្ដានុពល និងការអភិវឌ្ឍយ៉ាងលឿននៅទូទាំងខេត្តកណ្តាលកាលពីពេលកន្លងទៅថា ខេត្តកណ្តាកមានកត្តាភូមិសាស្ត្រល្អ ជាពិសេស បណ្តាស្រុកមួយចំនួនរបស់ខេត្ត គឺស្ថិតនៅព័ន្ធជុំវិញរាជធានីភ្នំពេញ ហើយនៅពេលបច្ចុប្បន្ននេះ មានតំបន់មួយចំនួនបានកាត់ចូលមកចំណុះរាជធានីភ្នំពេញ ហើយសល់ប៉ុន្មានបានក្លាយជាជាតំបន់ជាយក្រុង ដែលមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។
លោកឧកញ៉ាបន្តថា “ភាពរីកចម្រើន និងអភិវឌ្ឍន៍របស់ខេត្តកណ្តាល មានលក្ខណៈពិសេសខុសពីខេត្តផ្សេង ហើយតម្លៃក៏មានការកើនឡើងគួរឱ្យកត់សម្គាល់។លោកបន្តថា “តម្លៃដីធ្លីដែលស្ថិតនៅក្នុងតំបន់មិនទាន់មានការអភិវឌ្ឍ គិតជាមធ្យមអាចឡើងក្នុងអត្រា១០ទៅ២៥ភាគរយ។ ដោយឡែកតម្លៃដី ដែលស្ថិតនៅក្នុងតំបន់មានការអភិវឌ្ឍ គិតជាមធ្យមមានកំណើនក្នុងចន្លោះចាប់ពី៥០-១២០ភាគរយក្នុងមួយឆ្នាំ”៕