ដោយ វុត្ថា
ភ្នំពេញៈ កម្ពុជា-ថៃ បានឯកភាពលើការបើកច្រកទ្វារ ព្រំដែនអន្តរជាតិភ្នំដី ដើម្បីនាំចូលសត្វជ្រូករស់ពីថៃ និងនាំចេញនូវទំនិញកសិផលពីកម្ពុជា ពោលគឺដើម្បីពង្រីកការធ្វើពាណិជ្ជកម្មទ្វេរភាគី។

យោងតាមកិច្ចប្រជុំនៃភាគីទាំងពីរកាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ ២០២០កន្លងមកមន្ត្រីប្រទេសទាំងពីរបានអះអាងថា ការបើកច្រកទ្វារព្រំដែននេះ ដើម្បីនាំចូលសត្វជ្រូករស់ពីប្រទេសថៃ និងនាំចេញនូវទំនិញកសិផល ពីប្រទេសកម្ពុជា រួមមាន គ្រាប់ពោតចំណីសត្វ ផ្លែស្វាយស្រស់ និងម្ទេស ទៅកាន់ប្រទេសថៃ ។
បើតាមកិច្ចប្រជុំរវាងមន្ត្រីនៃប្រទេសទាំងពីរ ដើម្បីចាត់វិធានការណ៍ទប់ស្កាត់ការរីករាលដាលនូវវីរុស Covid-19 ប្រទេសទាំងពីរបានផ្តោតលើ ការគ្រប់គ្រងចំពោះអ្នកបើកបរ ដែលតម្រូវឲ្យមានលិខិតបញ្ជាក់សុខភាព ពីស្ថាប័នជំនាញរបស់ប្រទេសថៃ និងមានការត្រួតពិនិត្យសុខភាពពីផ្នែកចត្តាឡីស័ក ប្រចាំច្រកទ្វារព្រំដែន នៅរៀងរាល់ពេលធ្វើការឆ្លងកាត់ព្រំដែន ហើយចំពោះមធ្យោបាយដឹកជញ្ជូន ត្រូវមានការបាញ់ថ្នាំ សម្លាប់មេរោគឲ្យបានត្រឹមត្រូវ មុននឹងធ្វើការឆ្លងកាត់។
ដោយឡែកពេលវេលា ក្នុងការបើកច្រកទ្វារព្រំដែន ដើម្បីនាំចូលសត្វជ្រូករស់ នាំចេញនូវទំនិញកសិផលខាងលើ ត្រូវបានអនុញ្ញាតតែក្នុងចន្លោះពីថ្ងៃច័ន្ទ រហូតដល់ថ្ងៃសុក្រ ចាប់ពីម៉ោង៦ព្រឹក រហូតដល់ម៉ោង១២រសៀលតែប៉ុណ្ណោះ។
កម្ពុជា-ថៃបានសម្រេចបិទច្រកព្រំដែនទាំងអស់ ដើម្បីទប់ស្កាត់ការរីករាលនៃជំងឺ Covid-19 លើកលែងតែការដឹកជញ្ជូនទំនិញ តែត្រូវមានការត្រួតពិនិត្យយ៉ាងម៉ត់ចត់ទៅលើអ្នកបើកបរ៕






