កម្ពុជា-ថៃ​សម្រេច​បើក​ច្រកទ្វារព្រំដែន​អន្តរជាតិ​ភ្នំ​ដី​ដើម្បី​ពង្រីក​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម

0

ដោយ វុត្ថា

ភ្នំពេញៈ កម្ពុជា-ថៃ បាន​ឯកភាព​លើ​ការបើក​ច្រកទ្វារ ព្រំដែន​អន្តរជាតិ​ភ្នំ​ដី  ដើម្បី​នាំចូល​សត្វ​ជ្រូក​រស់​ពី​ថៃ និង​នាំចេញ​នូវ​ទំនិញ​កសិផល​ពី​កម្ពុជា ពោលគឺ​ដើម្បី​ពង្រីក​ការធ្វើ​ពាណិជ្ជកម្ម​ទ្វេរ​ភាគី។

យោងតាម​កិច្ចប្រជុំ​នៃ​ភាគី​ទាំងពីរ​កាលពី​ថ្ងៃទី១៣ ខែមេសា ឆ្នាំ ២០២០កន្លងមក​មន្ត្រី​ប្រទេស​ទាំងពីរ​បាន​អះអាងថា  ការបើក​ច្រកទ្វារព្រំដែន​នេះ  ដើម្បី​នាំចូល​សត្វ​ជ្រូក​រស់​ពី​ប្រទេស​ថៃ និង​នាំចេញ​នូវ​ទំនិញ​កសិផល ពី​ប្រទេស​កម្ពុជា រួមមាន គ្រាប់ពោត​ចំណី​សត្វ ផ្លែស្វាយ​ស្រស់ និង​ម្ទេស ទៅកាន់​ប្រទេស​ថៃ ។

បើតាម​កិច្ចប្រជុំ​រវាង​មន្ត្រី​នៃ​ប្រទេស​ទាំងពីរ ដើម្បី​ចាត់​វិធានការណ៍​ទប់ស្កាត់​ការរីក​រាលដាល​នូវ​វីរុស Covid-19 ប្រទេស​ទាំងពីរ​បាន​ផ្តោតលើ ការគ្រប់គ្រង​ចំពោះ​អ្នកបើកបរ ដែល​តម្រូវ​ឲ្យ​មាន​លិខិតបញ្ជាក់​សុខភាព ពី​ស្ថាប័ន​ជំនាញ​របស់​ប្រទេស​ថៃ និង​មានការ​ត្រួតពិនិត្យ​សុខភាព​ពី​ផ្នែក​ច​ត្តា​ឡី​ស័ក ប្រចាំ​ច្រកទ្វារព្រំដែន នៅ​រៀងរាល់​ពេលធ្វើ​ការឆ្លង​កាត់​ព្រំដែន ហើយ​ចំពោះ​មធ្យោបាយ​ដឹកជញ្ជូន ត្រូវមាន​ការបាញ់​ថ្នាំ សម្លាប់​មេរោគ​ឲ្យ​បាន​ត្រឹមត្រូវ មុននឹង​ធ្វើការ​ឆ្លងកាត់។

ដោយឡែក​ពេលវេលា ក្នុង​ការបើក​ច្រកទ្វារព្រំដែន ដើម្បី​នាំចូល​សត្វ​ជ្រូក​រស់ នាំចេញ​នូវ​ទំនិញ​កសិផល​ខាងលើ ត្រូវបាន​អនុញ្ញាត​តែ​ក្នុង​ចន្លោះ​ពីថ្ងៃ​ច័ន្ទ រហូតដល់​ថ្ងៃ​សុក្រ ចាប់ពី​ម៉ោង៦ព្រឹក រហូតដល់​ម៉ោង១២រសៀល​តែប៉ុណ្ណោះ។

កម្ពុជា-ថៃ​បានសម្រេច​បិទ​ច្រកព្រំដែន​ទាំងអស់ ដើម្បី​ទប់ស្កាត់​ការរីក​រាល​នៃ​ជំងឺ Covid-19 លើកលែងតែ​ការដឹកជញ្ជូន​ទំនិញ តែ​ត្រូវមាន​ការត្រួតពិនិត្យ​យ៉ាង​ម៉ត់ចត់​ទៅលើ​អ្នកបើកបរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here