ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ស្ថិតនៅក្នុងស្ថានភាពដែលកំពុងតែប្រឈម និងរាតត្បាតពីជំងឺឆ្លង Covid-19 សម្រាប់ទីផ្សារ និងការលក់ក្នុងវិស័យខុនដូនៅកម្ពុជា ត្រូវបានអ្នកជំនាញអះអាងថា ហាក់មិនរងផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ ខណៈដែលយុទ្ធសាស្ត្រនៃការលក់ត្រូវបានផ្តោតសំខាន់ទៅលើការលើកទឹកចិត្តអតិថិជនដោយការលក់បញ្ចុះតម្លៃ និងការបន្ថែមជូនសម្ភារៈប្រើប្រាស់។

-->
អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ ERA លោក ខន គង្គា បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០នេះថា ទីផ្សារខុនដូនៅពេលបច្ចុប្បន្ននេះ បើទោះជាស្ថិតនៅក្នុងស្ថានភាពគំរាមកំហែងពីជំងឺឆ្លង Covid-19 ក៏ដោយ ប៉ុន្តែនៅរក្សាបានភាពល្អប្រសើរ ដែលខុសពីបណ្តាប្រទេសជិតខាងមួយចំនួនដែលកំពុងមានជួបការធ្លាក់ចុះ។
លោក ខន គង្គា បានមានប្រសាសន៍បញ្ជាក់ថា “មិនថាការសាងសង់ ឬការលក់នោះទេ ទីផ្សារខុនដូនៅកម្ពុជា នៅតែរក្សាបានភាពល្អប្រសើរ មិនមានការធ្លាក់ចុះនោះទេ”។ លោកបន្តថា “តម្លៃខុនដូដែលបានដាក់លក់នៅលើទីផ្សារមិនមានការធ្លាក់ចុះ ហើយក៏មិនមានការឡើងថ្លៃនោះដែរ ប៉ុន្តែសម្រាប់គម្រោងធំៗមួយចំនួនបានផ្លាស់ប្ដូរវិធីសាស្ត្រក្នុងការលក់របស់ខ្លួនដោយការបន្ថែមជូនជាកាដូទៅដល់អតិថិជន ដូចជាបន្ថែមគ្រឿងសង្ហារឹម ឬសម្ភារៈប្រើប្រាស់ដែលត្រូវបានបំពាក់រួចជាស្រេចនៅក្នុងយូនីតនីមួយៗជាដើម”។
ជាមួយគ្នានេះ លោកបានបង្ហាញពីជំនឿថា ទីផ្សារខុនដូនៅកម្ពុជា នឹងមិនរងផលប៉ះពាល់ធ្ងន់ធ្ងរពីវិបត្តិជំងឺ Covid-19 នោះទេ ដោយសារតែតម្រូវការទីផ្សារខុនដូភាគច្រើនជាអតិថិជនក្នុងស្រុករហូតដល់ប្រមាណ៩០ភាគរយ។
ស្រដៀងគ្នានឹងការលើកឡើងខាងលើនេះ នាយិកាប្រចាំប្រទេសក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE Cambodia លោកស្រី អាន សុធីតា បានមានប្រសាសន៍តាមទូរស័ព្ទកាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ផងដែរថា ការលក់ខុនដូនៅក្នុងកាលៈទេសៈនេះ មានភាពខុសគ្នាកាលពីចុងឆ្នាំ២០១៩បន្តិច ។

លោកស្រីបានបញ្ជាក់ថា “សព្វថ្ងៃអ្នកលក់ខុនដូបានប្រើវិធីសាស្ត្រផ្សេងគ្នាដើម្បីអាចទទួលបានចំណែកទីផ្សារ ដូចជាសម្រាប់អ្នកដែលទិញខុនដូទុកសម្រាប់លក់បន្តយកចំណេញ ពួកគេបានប្រើវិធីសាស្ត្របញ្ចុះតម្លៃចាប់ពី ៥-១០ភាគរយ អាស្រ័យតាមអ្នកដែលមានតម្រូវការសាច់ប្រាក់បន្ទាន់ ប៉ុន្តែសម្រាប់ក្រុមហ៊ុនដែលកាន់គម្រោងលក់ធំៗហាក់មិនមានការបញ្ចុះតម្លៃនោះ ដោយពួកគេអាចផ្ដល់ជូននូវអត្ថប្រយោជន៍ដល់អតិថិជន ដូចជាការធានាការជួលត្តឡប់មកវិញជាដើម។ គម្រោងដែលកំពុងតែបន្តសកម្មភាពលក់ពេលនេះ ភាគច្រើនជាគម្រោងចាស់ ប៉ុន្តែសម្រាប់គម្រោងថ្មីៗគឺនៅមិនទាន់មានការប្រកាសលក់នោះទេ ដោយពួកគេនៅរង់ចាំមើលពីស្ថានភាពដែលកំពុងតប្រឈម”។
លោកស្រី អាន សុធីតា បានបន្តទៀតថា “ភាពប្រឈមនៃទីផ្សារខុនដូនៅកម្ពុជាមិនមានភាពធ្ងន់ធ្ងរនោះ ផ្ទុយទៅវិញ ភាពល្អប្រសើរអាចនឹងត្រឡប់មករកសភាពដើមវិញក្នុងពេលដ៏ខ្លី ដោយសារតែទីផ្សារខុនដូនៅកម្ពុជា ភាគច្រើនមកពីប្រទេសចិន តែវ៉ាន់ សិង្ហបុរី ហើយប្រទេសទាំងនេះក៏កំពុងតែចាប់ផ្ដើមបង្ហាញពីការធ្លាក់ចុះនៃភាពប្រឈម រួមទាំងកម្ពុជាផងដែរ” ៕