ខុនដូជិត៣០០០យូនីតបានបញ្ចប់ការសាងសង់និងដាក់ចូលទីផ្សារក្នុង ត្រីមាសទី១ឆ្នាំនេះ

0

ដោយៈ រ៉ាណេត

ភ្នំពេញៈ រយៈពេល៣ខែដើមឆ្នាំ២០២០នេះ ខុនដូចំនួនជិត៣០០០យូនីតបានបញ្ចប់ការសាងសង់ និងដាក់ចូលក្នុងទីផ្សារ ខណៈតម្រូវការយូនីតខុនដូហាក់មានកំនើនយឺតដោយសារវិបត្តិCovid-19


យោងតាមរបាយការណ៍ដែលទើបចេញផ្សាយ ដោយក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE Cambodiaបានឲ្យដឹងនៅរសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០នេះបានឲ្យដឹងថា សម្រាប់ទីផ្សារខុនដូឬអាគារសហកម្មសិទ្ឋ នៅតែបន្តភាពរឹងមាំ ដោយអ្នកអភិវឌ្ឍន៍មានភាពជឿជាក់ និងមានទំនុកចិត្តខ្ពស់។

នៅក្នុងរបាយការណ៍ដដែលនេះបានបញ្ជាក់ថា ជាក់ស្តែងនៅត្រឹមរយៈពេល៣ខែកន្លងទៅនេះ គម្រោងអភិវឌ្ឍន៍ខុនដូចំនួន៥ត្រូវបានបញ្ចប់ការសាងសង់ ដោយបានចាក់បំពេញបន្ថែមចំនួន២៨៤៣យូនីត កើនប្រមាណ១៦ភាគរយ បានជំរុញឱ្យចំនួនសរុបឡើងដល់២0,៨៥១យូនីត ក្នុងនោះខុនដូមានប្រមាណ៤៥,៦ភាគរយ ជាគម្រោងនៅជាយក្រុង។

ជាមួយនឹងភាពល្អប្រសើរនៃទីផ្សារខុនដូ ដូចបានបង្ហាញខាងលើនេះ បច្ចុប្បន្ននេះក៏មានគម្រោងអភិវឌ្ឍន៍សំណង់ខុនដូថ្មីៗ សរុបចំនួន៨ ស្មើនឹងប្រមាណ៤ ៥២១ យូនីត បាន និងកំពុងត្រៀមខ្លួនក្នុងការចូលរួមផ្គត់ផ្គង់ទីផ្សារផងដែរ។

នាយិកាប្រចាំប្រទេសក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ
CBRE Cambodia លោកស្រី អាន សុធីតា បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ថា វិបត្តិនៃជំងឺ Covid-19 ពិតជាបានគំរាមកំហែងដល់សេដ្ឋកិច្ចជាសាកល ដែលក្នុងនោះប្រទេសកម្ពុជាក៏ទទួលរងនូវឥទ្ធិពលអាក្រក់មួយនេះផងដែរ។


លោកស្រីបានបន្តទៀតថា តិចឬច្រើន ប្រទេសកម្ពុជាពិតជាទទួលរងនូវឥទ្ធិពលមួយនេះ ប៉ុន្តែសម្រាប់វិស័យអចលនទ្រព្យហាក់មានភាពល្អប្រសើរច្រើន ជាក់ស្ដែងនៅក្នុងត្រីមាសទីមួយកន្លងទៅនេះ ទាំងវិស័យសំណង់និងអចលនទ្រព្យនៅតែបន្តរក្សាបានភាពល្អប្រសើរ

លោកស្រីមានបន្តទៀតថា សម្រាប់វិស័យអចលនទ្រព្យនៅកម្ពុជា បើប្រៀបធៀបជាមួយប្រទេសជិតខាង គឺងាយនឹងមានឱកាសត្រឡប់មករកភាពល្អប្រសើរវិញ ក្នុងពេលដ៏ខ្លី ដោយសារតែតម្រូវការទីផ្សារភាគច្រើនជាជនជាតិក្នុងស្រុក ហើយចំពោះទីផ្សារក្រៅស្រុកភាគច្រើន មកពីប្រទេសចិន និងសិង្ហបុរី ដែលកំពុងទទួលបានសញ្ញាវិជ្ជមានជាបណ្តើរៗ ក្នុងរួចផុតពីវិបត្តិជំងឺCovid-19 ស្របពេលដែលបណ្តាប្រទេសនានានៅប៉ែកអឺរ៉ុប កំពុងតែជួបសភាពធ្ងន់ធ្ងរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here