ដោយៈរ៉ាណេត
ភ្នំពេញៈ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២០នេះ ទោះស្ថិតនៅក្នុងភាពប្រឈមនៃវិបត្តិសេដ្ឋកិច្ចដោយសារជំងឺ Covid-19 សម្រាប់កំពង់ផែស្វយ័តក្រុងភ្នំពេញ នៅតែអាចរកបានចំណូលពីសេវាកម្ម លើកដាក់ទំនិញផ្សេងៗជាង៧លានដុល្លារ ដែលចំនួននេះមានការកើនឡើងខ្ពស់បើប្រៀបធៀបទៅនឹងឆ្នាំកន្លងទៅ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់កំពង់ផែស្វយ័តភ្នំពេញ ក្រុមការងារទទួលបាននៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០បានបង្ហាញថា នៅក្នុងត្រីមាសទី១ ដើមឆ្នាំ២០២០នេះ កំពង់ផែស្វយ័តភ្នំពេញរកប្រាក់ចំណូលសរុបបានជាង៧,៦ លានដុល្លារ ខណៈដែលចំណូលបានមកពីការលើកដាក់ ក្រោមដងយោងមានជាង២,៧លានដុល្លារ និងចំណូលលើកដាក់នៅលើទីលានមានជាង២,៤លានដុល្លារ រួមជាមួយនឹងចំណូលបានពីសេវាកម្មផ្សេងៗមួយចំនួនទៀត។
សេចក្ដីប្រកាសដដែលបានបញ្ជាក់ទៀតថា លទ្ធផលការងារអាជីវកម្ម សេវាកម្មនៅត្រីមាសទី១ ឆ្នាំ២០២០នេះ គឺទំនិញជា ប្រេងឥន្ធនៈមានជាង ៩៣ម៉ឺនតោន កើនឡើង ៣ភាគរយ, នាវាផ្ទុកទំនិញឆ្លងកាត់ ៦២៥គ្រឿង កើនឡើង ១៤ភាគរយ, នាវាទេសចរណ៍មាន ១២៦ជើង ធ្លាក់ចុះ ៧ភាគរយ, បរិមាណកុងតឺន័រមាន ៧៤.៣៣៣ ធីអ៊ីយូរកើនឡើង ២៦ភាគរយ និងបរិមាណអ្នកដំណើរមានជាង ៩០០០នាក់ ធ្លាក់ចុះប្រមាណ ២២ភាគរយ បើប្រៀបធៀបនឹងត្រីមាសទី១ កាលពីឆ្នាំ២០១៩ កន្លងទៅ។
ដោយឡែក សម្រាប់លទ្ធផលការងារអាជីវកម្ម សេវាកម្ម ដែលបានអនុវត្តក្នុងខែមីនា ឆ្នាំ២០២០ ត្រូវបានគេមើលឃើញថា ទំនិញជាប្រេងឥន្ធនៈមានជាង២៦ម៉ឺនតោន ធ្លាក់ចុះ១៣ភាគរយ នាវាផ្ទុកទំនិញឆ្លងកាត់មាន១៧១គ្រឿង ធ្លាក់ចុះ១៦ភាគរយ នាវាទេសចរណ៍មាន ២៨ជើង ធ្លាក់ចុះ ៣៩ភាគរយ។ បរិមាណកុងតឺន័រមាន២៤.៤៧៣ ធីអ៊ីយូ កើនឡើង១៧ភាគរយ និងបរិមាណអ្នកដំណើរមាន១ ៥១៩នាក់ ធ្លាក់ចុះ៦៥ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ ៕






