កំពង់ផែ​ស្វយ័ត​ភ្នំពេញ​រកចំណូលបាន​ជា​ង ៧លាន​ដុល្លារ​ក្នុង​ត្រីមាស​ទី១ឆ្នាំនេះ

0

ដោយៈ​រ៉ា​ណេ​ត

ភ្នំពេញៈ នៅក្នុង​ត្រីមាស​ទី១ ឆ្នាំ២០២០នេះ ទោះ​ស្ថិតនៅក្នុង​ភាព​ប្រឈម​នៃ​វិបត្តិ​សេដ្ឋកិច្ច​ដោយសារ​ជំងឺ Covid-19 សម្រាប់​កំពង់ផែ​ស្វយ័ត​ក្រុងភ្នំពេញ នៅតែ​អាច​រកបាន​ចំណូល​ពី​សេវាកម្ម លើកដាក់​ទំនិញផ្សេងៗជាង៧លាន​ដុល្លារ ដែល​ចំនួន​នេះ​មានការ​កើនឡើង​ខ្ពស់​បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​កន្លងទៅ។

យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​កំពង់ផែ​ស្វយ័ត​ភ្នំពេញ ក្រុមការងារ​ទទួលបាន​នៅ​ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០បាន​បង្ហាញថា នៅក្នុង​ត្រីមាស​ទី១ ដើមឆ្នាំ២០២០នេះ កំពង់ផែ​ស្វយ័ត​ភ្នំពេញ​រកប្រាក់​ចំណូល​ស​រុ​ប​បាន​ជាង៧,៦ លាន​ដុល្លារ ខណៈដែល​ចំណូល​បានមកពី​ការលើកដាក់ ក្រោម​ដង​យោង​មាន​ជាង២,៧លាន​ដុល្លារ និង​ចំណូល​លើកដាក់​នៅលើ​ទីលាន​មាន​ជាង២,៤លាន​ដុល្លារ រួមជាមួយ​នឹង​ចំណូល​បាន​ពី​សេវាកម្មផ្សេងៗមួយចំនួនទៀត។

សេចក្ដីប្រកាស​ដដែល​បានបញ្ជាក់​ទៀតថា លទ្ធផល​ការងារ​អាជីវកម្ម សេវាកម្ម​នៅ​ត្រីមាស​ទី១ ឆ្នាំ២០២០នេះ គឺ​ទំនិញ​ជា ប្រេងឥន្ធនៈ​មាន​ជាង ៩៣ម៉ឺន​តោន កើនឡើង ៣ភាគរយ, នាវា​ផ្ទុកទំនិញ​ឆ្លងកាត់ ៦២៥គ្រឿង កើនឡើង ១៤ភាគរយ, នាវា​ទេសចរណ៍​មាន ១២៦ជើង ធ្លាក់ចុះ ៧ភាគរយ, បរិមាណ​កុងតឺន័រ​មាន ៧៤.៣៣៣ ធី​អ៊ី​យូរ​កើនឡើង ២៦ភាគរយ និង​បរិមាណ​អ្នកដំណើរ​មាន​ជាង ៩០០០នាក់ ធ្លាក់ចុះ​ប្រមាណ ២២ភាគរយ បើ​ប្រៀបធៀប​នឹង​ត្រីមាស​ទី១ កាលពី​ឆ្នាំ២០១៩ កន្លងទៅ។

ដោយឡែក សម្រាប់​លទ្ធផល​ការងារ​អាជីវកម្ម សេវាកម្ម ដែល​បាន​អនុវត្ត​ក្នុង​ខែមីនា ឆ្នាំ២០២០ ត្រូវបាន​គេ​មើលឃើញថា ទំនិញ​ជា​ប្រេងឥន្ធនៈ​មាន​ជាង២៦ម៉ឺន​តោន   ធ្លាក់ចុះ១៣ភាគរយ នាវា​ផ្ទុកទំនិញ​ឆ្លងកាត់​មាន១៧១គ្រឿង ធ្លាក់ចុះ១៦ភាគរយ នាវា​ទេសចរណ៍​មាន ២៨ជើង ធ្លាក់ចុះ ៣៩ភាគរយ។ បរិមាណ​កុងតឺន័រ​មាន២៤.៤៧៣ ធី​អ៊ី​យូ កើនឡើង១៧ភាគរយ និង​បរិមាណ​អ្នកដំណើរ​មាន១ ៥១៩នាក់ ធ្លាក់ចុះ៦៥ភាគរយ បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ២០១៩ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here