ដោយ វុត្ថា
ភ្នំពេញ៖ ពលរដ្ឋដែលមានបំណងចង់សាងសង់ផ្ទះក្រោម ៥០០ម៉ែត្រការ៉េ ត្រូវទៅជួបមន្ត្រីច្រកចេញចូលតែមួយនៅខណ្ឌដែលខ្លួនចង់សាងសង់ផ្ទះ។ នៅច្រកចេញចូលតែមួយ មានមន្ត្រីសម្រាប់ផ្ដល់ព័ត៌មានពាក់ព័ន្ធនឹងការស្នើសុំសាងសង់ផ្ទះនេះ។
នៅក្នុងអំឡុងពេលសាងសង់ ពលរដ្ឋត្រូវត្រៀមឯកសារចាំបាច់មួយចំនួនសម្រាប់សុំអនុញ្ញាតសាងសង់មានដូចជា លិខិតសុំអនុញ្ញាតសាងសង់ដោយមានចុះហត្ថលេខា និងអាសយដ្ឋានអ្នកស្នើសុំជាដើម។
ម្យ៉ាងទៀត អ្នកសុំសាងសង់ក៏ត្រូវភ្ជាប់មកជាមួយនូវឯកសារកាន់កាប់ដីស្របច្បាប់ដែលមានដូចជាប័ណ្ណសម្គាល់កម្មសិទ្ធិកាន់កាប់អចលនវត្ថុ ឬវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជាដើម។ ជាមួយគ្នានោះដែរក៏ត្រូវភ្ជាប់មកជាមួយអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ឬសៀវភៅគ្រួសារថតចម្លង និងស្នាមមេដៃស្តាំផង។
អ្នកសុំសាងសង់ត្រូវមានប្លង់ស្ថាបត្យកម្មមកជាមួយផង ឬអាចពឹងពាក់ក្រុមហ៊ុន ឬបុគ្គលឯកជនដែលជាអ្នកជំនាញគូរប្លង់ដើម្បីជួយគូរប្លង់សំណង់លំនៅដ្ឋាននេះ ក្នុងតម្លៃសេវាព្រមព្រៀងគ្នាណាមួយ។ សម្រាប់ពលរដ្ឋដែលមិនអាចធ្វើដូចនេះបាន អាចពឹងពាក់មន្ត្រីជំនាញនៅតាមការិយាល័យច្រកចេញចូលតែ មួយបានដោយត្រូវបង់សេវាប្រហែលជា ១០០ដុល្លារអាមេរិក។
សម្រាប់តម្លៃសេវាសុំលិខិតអនុញ្ញាតសាងសង់ និងរយៈពេលវិញ ក្នុងតារាងតម្លៃដែលដាក់បង្ហាញក្នុងគេហទំព័រក្រសួងដែនដីឲ្យដឹងថាសំណង់ដែលមានទំហំត្រឹម ៥០០ម៉ែត្រការ៉េចុះក្រោមនេះ ផ្អែកតាមប្រភេទផ្ទះដូចជា ភូមិគ្រឹះត្រូវបង់សេវាចន្លោះពី ៦សែនរៀល ដល់ ១,៨លានរៀល។
សម្រាប់ផ្ទះល្វែងថ្លៃសេវាចន្លោះពី ៤សែន ដល់ ១,២លានរៀល និងសម្រាប់ផ្ទះថ្មក្រោមឈើលើមានតម្លៃចន្លោះពី១៤ម៉ឺន ទៅ ២២ម៉ឺនរៀល និងមានរយៈពេល ១៥ថ្ងៃនៃថ្ងៃធ្វើការដូចគ្នា៕