ចំណេះដឹង! តើ​មាន​និ​វិធី​អ្វីខ្លះ​នៅពេល​អ្នកស្នើសុំ​សង់ផ្ទះ​ក្រោម ៥០០ម៉ែត្រការ៉េ?

0

ដោយ វុត្ថា

ភ្នំពេញ៖ ពលរដ្ឋ​ដែលមាន​បំណង​ចង់​សាងសង់​ផ្ទះ​ក្រោម ៥០០ម៉ែត្រការ៉េ ត្រូវ​ទៅ​ជួប​មន្ត្រី​ច្រកចេញចូល​តែមួយ​នៅ​ខណ្ឌ​ដែល​ខ្លួន​ចង់​សាងសង់​ផ្ទះ។ នៅ​ច្រកចេញចូល​តែមួយ មាន​មន្ត្រី​សម្រាប់​ផ្ដល់ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការស្នើសុំ​សាងសង់​ផ្ទះ​នេះ។

នៅក្នុង​អំឡុងពេល​សាងសង់ ពលរដ្ឋ​ត្រូវ​ត្រៀម​ឯកសារ​ចាំបាច់​មួយចំនួន​សម្រាប់​សុំ​អនុញ្ញាត​សាងសង់​មានដូចជា លិខិត​សុំ​អនុញ្ញាត​សាងសង់​ដោយមាន​ចុះហត្ថលេខា និង​អាសយដ្ឋាន​អ្នកស្នើសុំ​ជាដើម។

ម្យ៉ាងទៀត អ្នក​សុំ​សាងសង់​ក៏ត្រូវ​ភ្ជាប់​មកជា​មួយ​នូវ​ឯកសារ​កាន់កាប់​ដី​ស្របច្បាប់​ដែលមាន​ដូចជា​ប័ណ្ណ​សម្គាល់​កម្មសិទ្ធិ​កាន់កាប់​អចលនវត្ថុ ឬ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជាដើម។ ជាមួយគ្នា​នោះដែរ​ក៏ត្រូវ​ភ្ជាប់​មកជា​មួយ​អត្តសញ្ញាណប័ណ្ណ ឬ​លិខិតឆ្លងដែន ឬ​សៀវភៅ​គ្រួសារ​ថតចម្លង និង​ស្នាម​មេដៃ​ស្តាំ​ផង។

អ្នក​សុំ​សាងសង់​ត្រូវមាន​ប្លង់​ស្ថាបត្យកម្ម​មកជា​មួយ​ផង ឬ​អាច​ពឹងពាក់​ក្រុមហ៊ុន ឬ​បុគ្គល​ឯកជន​ដែលជា​អ្នកជំនាញ​គូរ​ប្លង់​ដើម្បី​ជួយ​គូរ​ប្លង់​សំណង់​លំនៅដ្ឋាន​នេះ ក្នុងតម្លៃ​សេវា​ព្រមព្រៀងគ្នា​ណាមួយ។ សម្រាប់​ពលរដ្ឋ​ដែល​មិនអាច​ធ្វើដូចនេះបាន អាច​ពឹងពាក់​មន្ត្រី​ជំនាញ​នៅតាម​ការិយាល័យ​ច្រកចេញចូល​តែ មួយ​បាន​ដោយ​ត្រូវ​បង់​សេវា​ប្រហែលជា ១០០ដុល្លារ​អាមេរិក។

សម្រាប់​តម្លៃ​សេវា​សុំ​លិខិតអនុញ្ញាត​សាងសង់ និង​រយៈពេល​វិញ ក្នុង​តារាង​តម្លៃ​ដែល​ដាក់​បង្ហាញ​ក្នុង​គេហទំព័រ​ក្រសួង​ដែនដី​ឲ្យ​ដឹងថា​សំណង់​ដែលមាន​ទំហំ​ត្រឹម ៥០០ម៉ែត្រការ៉េ​ចុះក្រោម​នេះ ផ្អែក​តាម​ប្រភេទ​ផ្ទះ​ដូចជា ភូមិគ្រឹះ​ត្រូវ​បង់​សេវា​ចន្លោះ​ពី ៦សែន​រៀល ដល់ ១,៨លាន​រៀល។

សម្រាប់​ផ្ទះល្វែង​ថ្លៃ​សេវា​ចន្លោះ​ពី ៤សែន ដល់ ១,២លាន​រៀល និង​សម្រាប់​ផ្ទះថ្ម​ក្រោម​ឈើ​លើ​មានតម្លៃ​ចន្លោះ​ពី១៤ម៉ឺន ទៅ ២២ម៉ឺន​រៀល និង​មាន​រយៈពេល ១៥ថ្ងៃ​នៃ​ថ្ងៃ​ធ្វើការ​ដូចគ្នា៕

LEAVE A REPLY

Please enter your comment!
Please enter your name here